ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ប៉ៃលិន បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៥-២០២៦

14 ម៉ោង មុន

ខេត្តប៉ៃលិន ​៖ ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ លោក​ជំទាវ បាន ស្រី​មុំ​ អភិបាល នៃ​គណៈ​អភិបាលខេត្តប៉ៃលិន…

ខេត្តប៉ៃលិន ​៖ ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ លោក​ជំទាវ បាន ស្រី​មុំ​ អភិបាល នៃ​គណៈ​អភិបាលខេត្តប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​បវេសនកាល ​ឆ្នាំ​សិក្សា​ថ្មី ២០២៥-២០២៦ នៅ​បរិវេណ​សាលាវិទ្យាល័យ ហ៊ុន សែន​ ក្រុង​ទេពនិម្មិត្ត​ប៉ៃលិន ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​របាយការណ៍​លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា​ ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥​នេះ ខេត្ត​ប៉ៃលិន មានគ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​ចំនួន ៩កន្លែង ក្នុង​នោះ​វិទ្យាល័យ​ចំនួន​៤ (​កើន​ថ្មី​១ ​គឺ​វិទ្យាល័យ​មរតក ប៊ុ​ន សុខ​ថា ផ្សារ​ព្រំ​) និង​អនុ​វិទ្យាល័យ​ចំនួន​៥ ដែល​មាន​សិស្ស​សរុប ៦.០៦២​នាក់ ស្រី ៣.២៥១ នាក់​, គ្រឹះស្ថាន​មធ្យមសិក្សា​ឯកជន​ចំនួន​១ កន្លែង សិស្ស​សរុប ១៤៧​នាក់ ស្រី​៩៣ នាក់​, គ្រឹះស្ថាន​បឋម សិក្សា​សាធារណៈ​សរុប​ចំនួន ៥៣ សាលា មាន​សិស្ស​សរុប ១១.៤៣០នាក់ ស្រី ៥.៥៥១ នាក់​, ម​ត្តេ​យ្យ​សិក្សា សាធារណៈ​ចំនួន ២៧ កន្លែង (​សា​លាម​ត្តេ​យ្យ​ដាច់​ដោយឡែក ២ សាលា​) សិស្ស​សរុប ១៦៧៧ នាក់ ស្រី ៨៤៤​នាក់​, ម​ត្តេ​យ្យ​សហ​គម​ន៏ ១៣ កន្លែង សិស្ស​សរុប ៣៣៤ នាក់ ស្រី ១៧៥ នាក់ និង​ម​ត្តេ​យ្យ​ឯកជន ១០ កន្លែង សិស្ស​សរុប ៦៨៩ នាក់ ស្រី ៣១៧ នាក់​។

លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ប​វេស​នកាល​ឆ្នាំ​សិក្សា​២០២៥-២០២៦ ចាត់​ទុកជាឆ្នាំទី​៣ ដែល​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា ចាប់ផ្ដើម អនុវត្ដ​អាទិភាព​គោលនយោបាយ សំខាន់​ៗ ពាក់ព័ន្ធនឹងវិស័យ​អប់រំ ដូច​មាន​ចែង​ក្នុង​បញ្ច​កោណ​ទី​១ នៃ​យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាល​ទី​១ ដោយផ្តោត​លើការ​ពង្រឹងគុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ការ​ដាក់ចេញ ​នូវ​វិធានការ​គន្លឹះ សម្រាប់ដោះស្រាយ​ក្នុងនីតិកាលទី​៧ ​នៃ​រដ្ឋសភា ក្នុង​គោលដៅ “​លើកកម្ពស់ គុណភាព​អប់រំ​” ដោយ ផ្តោត​លើ​ការ​ពង្រឹង គុណភាព សាលា​រដ្ឋ ចាប់ពីថ្នាក់​ម​ត្តេ​យ្យ​សិក្សា ដល់​មធ្យមសិក្សា តាម​រយៈ​ការ​ពង្រឹង​កិច្ច ការសំខាន់​ៗ ព្រមទាំង​យុទ្ធសាស្ត្រ​កំណែទម្រង់​អាទិភាព ៨​ចំណុច ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​រួម​មាន​ ៖ ១-​ការ កសាង​ប្រព័ន្ធ និង​ការ​អភិវឌ្ឍ​សមត្ថភាព​, ២-​កំណែទម្រង់​សាលារៀន​, ៣-​ការ​អភិវឌ្ឍ​យុវជន ដើម្បី​លើកកម្ពស់​បំ​ណិ​ន សតវត្ស​ទី​២១, ៤-​ការ​អប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, ៥-​ការ​អប់រំ​ឌី​ជី​ថ​ល​, ៦-​កំណែទម្រង់​សាលា​គរុកោសល្យ​, ៧-​ការ លើកកម្ពស់​សុខភាព​សិក្សា និង ៨-​ការ​បង្កើត​ម​ជ្ឍ​មណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថានឧត្តមសិក្សា​ ។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​មន្ទីរ​អប់រំ និង​គ្រឹះស្ថានសិក្សា​ គ្រប់​កម្រិត ត្រូវ​ខិតខំ ពង្រីក​សក្ដានុពល​របស់​ខ្លួន ទាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ទាំង​សេវា​បង្រៀន និង​រៀន ដើម្បី​ឱ្យ​សាលារៀន​របស់យើង ក្លាយទៅជា​សាលា​កុមារ​មេត្រី កម្រិត​អភិវឌ្ឍន៍ ជា​សាលារៀន​ជំនាន់​ថ្មី និង​ជា​សាលារៀន​គំរូ ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ព្រមទាំង​បន្ត​លើកកម្ពស់​សុខភាព​សិក្សា និង​សុខុមាលភាព លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​គ្រប់ គ្រឹះស្ថានសិក្សា ថែម​ទាំង​រៀបចំ​បរិស្ថាន​សាលារៀន​ស្អាតបៃតង ឱ្យ​ស័ក្តិសម​ជាទី​កន្លែង​សម្រាប់​ការ​អប់រំ និង​បណ្ដុះ​គំនិត ស្អាតស្អំ ឥរិយាបថ​ល្អ និង​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត ផ្លូវ​កាយ នៅ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ បាន ស្រី​មុំ ក៍បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ និង​សំណូមពរ​ដល់​លោក គ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​ដើរតួ​ជា​បុគ្គល​នាំមុខ ជា​ឪពុក​ម្ដាយ​ទី​២ ជាម​គ្គុ​ទ្ទេសន៍ ជា​អ្នក​ស្រាវជ្រាវ ជាទី​ប្រឹក្សា និង​ជា​អ្នក​ច្នៃ ប្រឌិត ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជា​ប្រចាំ ទាំង​ខាង​ផ្នែក​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន រួម​ទាំង ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស ហើយ​ចំពោះ​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ និង​ស្រាវជ្រាវ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ឱ្យ​បាន​សស្រាក់សស្រាំ​ក្នុង ”​អំពើ​ល្អ​” ដើម្បី​ការ​រីក​ចម្រើន​នៅ​ក្នុង​គ្រួសារ ក្នុង សង្គម និង​ប្រទេស​ជាតិ ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ការ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ ផង​ដែរ ។

សូម​បញ្ជាក់​ថា​៖ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៥-២០២៦ នោះ​ដែរ​លោក​ជំទាវ​ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ក៍បាន​ឧបត្ថម្ភ​ជា​សម្ភារសិក្សា និងថវិកា​ដល់​លោកគ្រូ អ្នកគ្រូ​ចំនួន ១៤២​នាក់ ដោយ​ក្នុង ម្នាក់​ៗ​ទទួល​បាន​ថវិកា ចំនួន ៣០,០០០​រៀល និង​សិស្សានុសិស្ស​ចំនួន​២៥៥០ នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល បាន សៀវភៅ ១៦០​ទំព័រ ចំនួន ១​ក្បាល ប៊ិក​ចំនួន ១ ដើម និង​ថវិកា​ចំនួន​១០០០០ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ