រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសម្នាក់កំពុងចុចលេងនៅក្នុងរថយន្តឈប់តាមដងផ្លូវបានសម្រេច ហើយជិះម៉ូតូគេចខ្លួន តែសំណាងអាក្រក់ត្រូវបានបុរសម្ចាស់ទូរស័ព្ទបើករថយន្តដេញបុកពីក្រោយ បណ្តាលឲ្យដួលម៉ូតូ ហើយជនសង្ស័យត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាវាយមួយដៃមួយជើងឡើងទ្រោមខ្លួន រួចចាប់ប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចមុខខុនដូរ ISL តាមបណ្តោយផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះប៉ា ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំអង់
តែនទួលគោក ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងជនសង្ស័យម្នាក់ទៀតឈ្មោះ សំ ដន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកបុរសជាម្ចាស់ទូរស័ព្ទឈ្មោះ សុខ ធី មុខរបរអ្នករត់តាក់ស៊ី។

តាមប្រភពពីបុរសជាម្ចាស់ទូរស័ព្ទបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឈប់សំរាកក្នុងរថយន្ត
តាក់ស៊ីរបស់គាត់មួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស ដែលចតនៅចិញ្ចើមផ្លូវតាមបណ្តោយផ្លូវ៣១៣ ដោយបើកកញ្ចក់រថយន្តចំហ ហើយគាត់បានយកទូរសព្ទ័ដៃមួយគ្រឿងម៉ាកអាយហ្វូនអេសសិចផ្លើស យកមកចុចលេងនៅក្នុងរថយន្ត ពេលនោះក៏ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហាយយ៉ាតេ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FH-៤០៤៥ ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូងមកអែបនឹងរថយន្តរបស់គាត់ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីគាត់បានសម្រេច រួចព្យាយាមជិះគេចខ្លួន តែភ្លាមៗនោះបុរសជាម្ចាស់ទូរស័ព្ទខាងលើក៏បានបើករថយន្តដេញតាមពីក្រោយរហូតមកដល់ចំណុចផ្លូវលេខ២៩១ក្បែរផ្សារទួលគោក គាត់បើករថយន្តបំបុកពីក្រោយ បណ្តាលឲ្យដួលម៉ូតូ ហើយជនសង្ស័យត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះនាំគ្នាវាយឡើងទ្រោមខ្លួនទើបចាប់ប្រគល់ឱ្យសមត្ថកិច្ច ។ ចំណែកទូរសព្ទ័ដៃរបស់បុរសអ្នករត់តាក់ស៊ីខាងលើបានខ្ទាតចេញពីកន្លែងកើតហេតុបាត់រកមិនឃើញនោះទេ ។

បន្ទាប់ពីកើតហេតុ បុរសជាម្ចាស់ទូរស័ព្ទបានបើកបររថយន្តបន្តដំណើរទៅមុខបាត់ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកនាំយកជនសង្ស័យទាំងពីរនាក់ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ