ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​ការងារ​នៅ​កម្ពុជា ដោយ​ផ្អែក​លើ​ជំនាញ មុខរបរ​ និង​ការងារ និង​ការ​គាំពារ​សង្គម សំដៅ​បង្កើត​ទីផ្សារ​ការងារ​ដែល​មាន​ភាព​ធន់ ត្រូវ​បាន​កំណត់​ជា​ប្រធានបទ នៃ​សន្និសីទ​ថ្នាក់​ជាតិ ស្តី​ពី​សេដ្ឋកិច្ច​ការងារ ឆ្នាំ​ ២០២៥

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​ស្តី​ពី​សេដ្ឋកិច្ច​ការងារ ឆ្នាំ​ ២០២៥ ជា​លើក​ទី ​២…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​ស្តី​ពី​សេដ្ឋកិច្ច​ការងារ ឆ្នាំ​ ២០២៥ ជា​លើក​ទី ​២ ក្រោម​ប្រធានបទ «​ការ​រៀបចំ​អនាគត​ការងារ​នៅ​កម្ពុជា​ ៖ ជំនាញ មុខរបរ​និង​ការងារ និង​ការ​គាំពារ​សង្គម សំដៅ​បង្កើត​ទីផ្សារ​ការងារ​ដែល​មាន​ភាព​ធន់​» នៅ​ព្រឹក​ថ្ងៃ​ទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ។

នា​ឱកាស​នោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​វេទិកា​នេះ​ថា ជា​ឱកាស​សម្រាប់​ជំរុញ​កិច្ចសហការ និង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង សំដៅ​តម្រង់​ទិស​ទស្សនវិស័យ​ការងារ​ឱ្យ​មាន​សង្គតិភាព ទៅ​នឹង​កា​រវិ​វត្ត​សេដ្ឋកិច្ច​សង្គម ​។ បន្ថែម​ពី​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ហេង សួរ បាន​លើក​ឡើង​ពី គោលបំណង​ចម្បង​ចំនួន ​៤ នៃ​សន្និសីទ​នេះ គឺ​ដើម្បី​ជំរុញ​ដំណោះស្រាយ​ទីផ្សារ​ការងារ​ប្រកបដោយ​បរិ​យា​បន្ន និង​ចីរភាព ដោយ​បង្កើត​ឱ្យ​មាន​កិច្ច​សន្ទនា​ផ្អែក​លើ​ភស្តុ​តាង​, កំណត់​ជម្រើស​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ជំនាញ សម្រាប់​និន្នាការ​សេដ្ឋកិច្ច​ថ្មី​, កំណត់​ជម្រើស​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម និង​ពង្រឹង​ភាព​ជា​ដៃគូ​ពហុភាគី ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​។

ទន្ទឹម​នោះ ឯកឧត្ដម​ក៏​បាន​បញ្ជាក់​ថា ក្រសួង​បាន​នឹង​កំពុង​អនុវត្ត​វិធានការ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​ទំនើប​កម្ម​ទីផ្សារ​ការងារ​ដូច​ជា កំណែទម្រង់ TVET និង RPL ដែល​ជំរុញ​ឱ្យ TVET ផ្តោត​លើ​ជំនាញ​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម ៤.០ រួម​មាន ជំនាញ​សេដ្ឋកិច្ច​ច​ក្រា (Circular Economy) ដូច​ជា​ការ​ជួសជុល និង​ផលិត​ឡើង​វិញ​, ការ​គ្រប់គ្រង​ចំណាកស្រុក និង​កំណែទម្រង់​ច្បាប់​, សន្តិសុខ​សង្គម និង​ការងារ​ក្រៅ​ប្រព័ន្ធ តាម​រយៈ កា​តា​លិ​ករ​សកល​ស្តី​ពី​ការងារ​សមរម្យ និង​ការ​គាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌​  (Global Accelerator) (២០២៤-២០២៨) និង​ការ​ជំរុញ​ការ​កែ​លម្អ​រថយន្ត ដឹក​កម្មករនិយោជិត និង​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ព្រមទាំង​ប្តេជ្ញា​លុប​បំបាត់​អំពើ​ហិង្សា និង​ការ​បៀតបៀន ទាក់ទង​នឹង​យេ​ន​ឌ័​រ​នៅ​ក្នុង​កន្លែង​ការងារ ដើម្បី​បង្កើន ផលិតភាព និង​គុណភាព​ការងារ​។

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​នេះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រ័​ត្ន បាន​លើក​ឡើង​ថា សន្និសីទ​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រៀបចំ និង​កា​រប​ង្ស៊ី​គោលនយោបាយ​ជាតិ ព្រមទាំង​បង្កើន​សហ​ថាមពល (Synergy) នៃ​ការ​អនុវត្ត​នៅ​ក្នុង “​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​នៃ​ទីផ្សារ​ការងារ​”​ ។ ជាមួយ​គ្នា​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ដៃគូ​ទាំងអស់ ដែល​បាន​រួម​គ្នា​ខិតខំ​សម្រេច​គោលដៅ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ១ ដែល​កំណត់​យក «​មនុស្ស​» ជា​អាទិភាព​គន្លឹះ​ទី​១​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ផ្តោត​សំខាន់​លើ​ការ​បង្កើត សហ​ថាមពល (Synergy) និង​បញ្ចូល​ទស្សនវិស័យ ការ​ប្រមើល​អនាគត (Foresight) ទៅ​ក្នុង​សសរស្តម្ភ​ជាតិ​សំខាន់​ៗ​ដូច​ជា មុខរបរ និង​ការងារ​, ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET), ទេសន្តរប្រវេសន៍​ការងារ​។ ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ត្រូវ​បន្ត​ខិតខំ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ការងារ​ឆ្ពោះទៅ​ការ​ពឹងផ្អែក​លើ​ពលករ​ជំនាញ​មធ្យម និង​ខ្ពស់ ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដែល​ជា​កត្តាចាំបាច់​សម្រាប់​ការ​កសាង​ភាព​ធន់​នៃ​ទីផ្សារ​ការងារ ពិសេស​ត្រៀមលក្ខណៈ​សម្រាប់​ការ​បញ្ចប់​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​(LDC) នៅ​ឆ្នាំ ២០២៩​។

សូម​បញ្ជាក់​ថា សន្និសីទ​ថ្នាក់​ជាតិ​នេះ​មានការ​ចូលរួម​ពី តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, តំណាង​ស្ថានទូត​នានា និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន​, តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​, តំណាង​និយោជក និង​កម្មករនិយោជិត​, ព្រមទាំង លោក លោកស្រី ជា​សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ សរុប​ប្រមាណ ៣៥០​នាក់​ ៕ អត្ថបទសហការ