រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានសហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃបានដេញតាមចាប់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសតាំងពីផ្សារមាន់អាំងរហូតដល់ផ្ទះរបស់ជនសង្ស័យ ទើបឃាត់ចាប់បាននៅក្បែរស្តុបទេពផនត្រង់ចំណុចផ្ទះ៤៥៤E0 តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃ រួមទាំងមានកម្លាំងសមត្ថកិច្ចមូលដ្ឋានជាច្រើនម៉ូតូទៀតជិះដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុ ជនសង្ស័យទាំងពីរនាក់នោះក៏បានឈប់ម៉ូតូ ហើយជនសង្ស័យម្នាក់ក៏បានរត់គេចខ្លួនឡើងទៅខាងលើផ្ទះមួយកន្លែង។ ចំណែកឯជនសង្ស័យម្នាក់ទៀតត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនភ្លាម រួចក៏ដឹកតាមម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់។

ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃក៏បានធ្វើការឡោមព័ទ្ធ និងដើររុករកជនសង្ស័យម្នាក់ទៀតដែលបានរត់ឡើងផ្ទះមួយកន្លែងខាងលើអស់រយៈពេលប្រមាណជាកន្លះម៉ោង ទើបរកឃើញជនសង្ស័យខាងលើពួនសម្ងំកៀនជណ្តើរ ហើយកម្លាំងសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនភ្លាមតែម្តង។
បើតាមស្តីពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃបានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងពួកគាត់បានជិះម៉ូតូល្បាតដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចក្បែរផ្សារមាន់អាំង តាមបណ្តោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសម្នាក់ដែលកំពុងដើរតាមបណ្តោយផ្លូវ៥៩២ បានសម្រេច ហើយជនសង្ស័យទាំងពីរនាក់ខាងលើបានជិះម៉ូតូគេចខ្លួន ភ្លាមនោះកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃក៏បានជិះម៉ូតូដេញតាមពីក្រោយ និងបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក។ រហូតមកដល់ចំណុចផ្ទះមួយកន្លែងខាងលើ ទើបចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានតែម្តង ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ