ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ​ចូលរួម​ធ្វើ​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ពិសេស​នៃ​សន្និសីទ​ថ្នាក់​ជាតិ ស្ដី​ពី​សេដ្ឋកិច្ច​ការងារ ឆ្នាំ ​២០២៥

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ថ្លែង​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ពិសេស​ស្តី​ពី “​ការ​ធ្វើ​អន្តរកាល​កម្លាំង​ពលកម្ម​កម្ពុជា​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​ច​ក្រា​” នៃ​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​ ២ ស្ដី​ពី​សេដ្ឋកិច្ច​ការងារ ឆ្នាំ​២០២៥ នៅ​ព្រឹក​ថ្ងៃ​ចន្ទ…

រាជធានីភ្នំពេញ​ ៖ ថ្លែង​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ពិសេស​ស្តី​ពី “​ការ​ធ្វើ​អន្តរកាល​កម្លាំង​ពលកម្ម​កម្ពុជា​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​ច​ក្រា​” នៃ​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​ ២ ស្ដី​ពី​សេដ្ឋកិច្ច​ការងារ ឆ្នាំ​២០២៥ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ការ​ធ្វើ​អន្តរកាល​កម្លាំង​ពលកម្ម​កម្ពុជា​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​ច​ក្រា គឺជា​ការ​ផ្លាស់​ប្តូរ និង​ការ​អភិវឌ្ឍ​ជំនាញ ការងារ និង​រៀបចំ​រចនាសម្ព័ន្ធ​កម្លាំង​ពលកម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សម័យ​ថ្មី ដែល​ផ្អែក​លើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ចីរភាព​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​សារសំខាន់​នៃ​កម្លាំង​ពលកម្ម ដែល​មាន​ជំនាញ​ខ្ពស់ ក្នុង​ការ​បង្កើន​ឱកាស​ការងារ និង​ចំណូល​ប្រកបដោយ​ចីរភាព ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ សំដៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​រៀបចំ​គន្លង​អប់រំ​នៅ​កម្ពុជា ដែល​នឹង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នា​ពេល​ឆាប់​ៗ​នេះ ហើយ​គន្លង​អប់រំ​ថ្មី​នេះ​នឹង​ផ្តល់​នូវ​ច្រក​សិក្សា​ប្រកបដោយ​ភាព​បត់បែន ដោយ​បញ្ចូល​នូវ​គន្លង​វិជ្ជាជីវៈ​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​បើក​ច្រក និង​ផ្ដល់​ជម្រើស​កាន់តែ​ប្រសើរ​សម្រាប់​សិស្សានុសិស្ស ក្នុង​ការ​ចាប់​យក​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ ទៅ​តាម​ចំណង់​ចំណូលចិត្ត សំដៅ​ឆ្លើយ​តប​នឹង​បម្រែបម្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​សម័យ​ថ្មី កាត់​បន្ថយ​អត្រា​សិស្ស​បោះបង់​ការ​សិក្សា ជា​ពិសេស បង្កើន​អត្រា​សិស្ស​ចាប់​យក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ចាំបាច់​សម្រាប់​ទីផ្សារ​ការងារ និង​សក្តានុពល​សេដ្ឋកិច្ច​នៅ​តាម​មូលដ្ឋាន​។

សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​២​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បើក​លំហរ​ជា​វេទិកា​សម្រាប់​ជំរុញ​កិច្ចសហការ និង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង តាម​រយៈ​ការ​ចែករំលែក​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ និង​នវានុវត្តន៍​ថ្មី​ៗ​។ សន្និសីទ​នេះ​ក៏​ផ្តល់​ឱកាស​ក្នុង​ការ​ស្វែង​យល់​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ជា​យុទ្ធសាស្ត្រ​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា សំដៅ​ដល់​ការ​តម្រង់​ទិស​ទស្សនវិស័យ​ការងារ​របស់​កម្ពុ​ជានា​ពេល​អនាគត ឱ្យ​មាន​សង្គតិភាព​នឹង​កា​រវិ​វត្ត​នៃ​សេដ្ឋកិច្ច​សង្គម និង​ជា​ការ​ចូលរួម​ចំណែក​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០៕ អត្ថបទសហការ