ខេត្តបន្ទាយមានជ័យ ៖ សិស្សប្រុសម្នាក់បានដួលសន្លប់នៅពេលកំពុងអង្គុយរៀន ខណៈថ្នាក់រៀនស្ទើរគ្រប់បន្ទប់ត្រូវបានចាក់សោរសិស្សរៀនមិនកើត ព្រោះរងការជន់លិចដោយជំនន់ទឹកភ្លៀង ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ចំណុចសាលាបឋមសិក្សាបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែត ។
សិស្សរងគ្រោះជាថ្នាក់ទី៤ (ក)ឈ្មោះ កន សារ័ក្ស អាយុ១២ឆ្នាំ មានទីលំនៅភូមិក្បាលកោះសង្កាត់ និងក្រុងប៉ោយប៉ែត ។ សិស្សខាងលើបានដួលសន្លប់ ខណៈកំពុងអង្គុយរៀនក្នុងថ្នាក់ ហើយត្រូវបានអ្នកគ្រូប្រចាំថ្នាក់របស់គេ និងសិស្សរួមថ្នាក់នាំគ្នាធ្វើចលនាឲ្យមួយសន្ទុះ ក្រោយមកទើបដឹងខ្លួនវិញ ។
សិស្សរងគ្រោះហាក់មានសភាពស្លេកស្លាំង ប៉ុន្តែត្រូវអ្នកគ្រូប្រចាំថ្នាក់ដឹកទៅឲ្យឱពុកម្តាយភ្លាមៗ ។ យោងការសាកសួរសិស្សរងគ្រោះប្រាប់អ្នកគ្រូរបស់គេថា មុនខ្លួនមកសាលា គឺគេមានជំងឺគ្រុន ហើយម្តាយបានកោសខ្យល់ឲ្យផងដែរ ។
គួរបញ្ជាក់ថា សាលាបឋមសិក្សាបាលិលេយ្យមានជាង១០បន្ទប់ ប៉ុន្តែសិស្សខកខានមិនបានរៀន ព្រោះតែសាលាលិចទឹកពោល គឺឃើញមានសិស្សរៀនតែ០១បន្ទប់ តែប៉ុណ្ណោះ ។ សាលាមួយនេះសិស្សរៀនទាំងវេទនាជាច្រើនឆ្នាំមកហើយ ។
ករណីសាលាឈើដំបូលស័ង្កសី ហើយមានវ័យចំណាស់ជាងគេ និងមានសភាពទ្រុឌទ្រមនេះ ត្រូវបាននាយកសាលាអះអាងថា ថ្នាក់លើកំពុងគិតគូហើយៗក៏និងទទួលបានសាលាថ្មកំពស់២ជាន់នៅពេលខាងមុខផងដែរ ៕
ចែករំលែកព័តមាននេះ