ប្រទេសកូរ៉េខាងជើង ៖ កូរ៉េខាងជើងកាលពីថ្ងៃទី២៩ឧសភា បានអំពាវនាវដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់សមយុទ្ធយោធារួមទ្រង់ទ្រាយធំរបស់ខ្លួន ជាមួយកូរ៉េខាងត្បូងដើម្បីបង្កើតបរិកាសអនុគ្រោះដល់ការចរចា ។
ក្នុងបទអត្ថាធិប្បាយមួយ កាសែតផ្លូវការកូរ៉េខាងជើង RODONG SINMUN សរសេរថាសមយុទ្ធយោធាអាមេរិកនៅកូរ៉េខាងត្បូងរៀងរាល់ឆ្នាំ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ ព្រោះសមយុទ្ធទាំងនេះប្រព្រឹត្តទៅក្នុងលក្ខខណ្ឌធ្វើត្រាប់ជាការវាយប្រហារបង្ការនិងសង្គ្រាមទាំងស្រុង ប្រឆាំងកូរ៉េខាងជើង ។
កាសែតនោះបន្តថា ខណៈកូរ៉េខាងជើងនិងសហរដ្ឋអាមេរិករៀបចំខ្លួន សំរាប់ការចរចាទល់មុខគ្នាមួយ ជាមួយឆន្ទៈដោះស្រាយបណ្ដាបញ្ហាទាំងឡាយ វាជាការអត់ប្រយោជន៍ហើយពុំសមស្របរៀបចំធ្វើសមយុទ្ធយោធារួមទាំងនេះទៀត ។ ប្រសិនបើអាមេរិកសង្ឃឹមលើការចរចា គេត្រូវបញ្ឈប់គំរាមលើដៃគូចរចាដោយកម្លាំង ។
សហរដ្ឋអាមេរិកនិងកូរ៉េត្បូងថ្លែងថា ពួកគេនឹងធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ ដូចការគ្រោងទុកទោះបីកំពុងមានការចរចាជាមួយកូរ៉េខាងជើងក្ដី។ ក្រសួងការពារប្រទេសអាមេរិកនិងសេតវិមានអះអាងថា សមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងជាសមយុទ្ធការពារទេ ៕
ចែករំលែកព័តមាននេះ