ទីក្រុងហាណូយ៖ វៀតណាមអំពាវនាវឱ្យវិស័យរោងចក្រ-ឧស្សាហកម្មនានាកាត់បន្ថយសកម្មភាពផលិតរបស់ខ្លួនព្រោះផ្សែង និងអ័ព្ទកំពុងគ្របដណ្ដប់យ៉ាងក្រាស់ឃ្មឹកនៅក្នុងបរិយាកាស។ រោងចក្រនៅទីក្រុងហាណូយកំពុងទទួលការណែនាំឱ្យកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនដើម្បីទុកពេលឱ្យអាជ្ញាធរចាត់ការបញ្ហាចុះអ័ព្ទដ៏គ្រោះថ្នាក់ដែលបង្កបញ្ហាប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាព។ បញ្ហាចុះអ័ព្ទកើតឡើងរយៈពេលមួយសប្ដាហ៍មកហើយនៅតែមិនព្រមថយចុះទាល់តែសោះ។

ក្រសួងសុខាភិបាលវៀតណាមកាលពីដើមសប្ដាហ៍នេះបានស្នើឱ្យរោងចក្រអគ្គិសនី, រោងចក្រដែក និងរោងចក្រគីមីកាត់បន្ថយម៉ោងប្រតិបត្តិការរបស់ខ្លួនព្រោះកម្រិតជាតិពុលកំពុងហក់ឡើងខ្លាំងលើសពី២០០។ នេះជាកម្រិតសន្ទស្សន៍ភាគល្អិតនៅក្នុងខ្យល់ដែលគេស្គាល់ថាភីអឹម២,៥ (PM2.5)។ កាលណា PM2.5 កាន់តែច្រើនមានន័យថាកម្រិតភាគល្អិតនៅក្នុងខ្យល់មានច្រើន ហើយហានិភ័យមានកាន់តែខ្ពស់ចំពោះបញ្ហាសុខភាពដោយសារការស្រូបយកខ្យល់ប្រភេទនេះចូលទៅក្នុងខ្លួន។

គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃនេះ សន្ទស្សន៍ PM2.5 មានកម្រិត២៤៣ ជាហេតុធ្វើឱ្យហាណូយគ្រប់គ្រងតំណែងជាទីក្រុងដែលមានបរិយាកាសអ័ព្ទអួរបំផុតលំដាប់ទី៤នៅលើពិភពលោក។ នេះបើយោងតាមការវាយតម្លៃរបស់ស្ថាប័នឯករាជ្យឈ្មោះអ៊ែរវីសស្យួល (AirVisual) ដែលតាមដានគុណភាពខ្យល់នៅទូទាំងពិភពលោក និងផ្ដល់ព័ត៌មានតាមអេប (App) របស់ទូរស័ព្ទ។

មិនមែនតែថ្ងៃនេះទេដែលទីក្រុងហាណូយជាប់ឈ្មោះជាទីក្រុងដែលរងការបំពុលធ្ងន់ធ្ងរដូច្នេះ។ ពោលគឺនៅសប្ដាហ៍នេះ ហាណូយឧស្សាហ៍ធ្លាក់ចូលទៅក្នុងស្ថានភាពអ័ព្ទអួរ។ ម៉្យាងទៀត បញ្ហានេះក៏មិនមែនទើបតែកើតឡើងនៅពេលនេះដែរ។ ក្នុងនាមជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំប្រចាំតំបន់ និងដែលកំពុងពង្រីកប្រព័ន្ធនគរូបនីយកម្មរបស់ខ្លួនយ៉ាងសម្បើម វៀតណាមបាន និងកំពុងរងការបំពុលដោយខ្យល់មិនស្អាតជាច្រើនឆ្នាំមកហើយ។ ជាពិសេស ទីក្រុងហាណូយរងគ្រោះខ្លាំងជាងគេ។

អ្នករស់នៅទីក្រុងហាណូយម្នាក់ឈ្មោះផាំធូយ៉ាងអាយុ៣០ឆ្នាំប្រាប់ថាគាត់រកាំភ្នែកមើលអ្វីមិនឃើញទេព្រោះសុទ្ធតែផ្សែងអ័ព្ទគ្រប់ទីកន្លែង។ គាត់ត្រូវតែពាក់ម៉ាស់គ្រប់ពេលវេលាទាំងអស់។ អាជ្ញាធរអះអាងថាកត្តាមួយចំនួនដែលធ្វើឱ្យមានផ្សែងអ័ព្ទនេះគឺមធ្យោបាយដឹកជញ្ជូន (ឡាន-ម៉ូតូ), ការដ្ឋានសំណង់, ការដុតសំរាម និងការដុតកូនឈើងាប់ៗរបស់កសិករ។ នេះបើយោងតាមរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ