ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិនស្គី​ថា​អាមេរិក​នៅ​តែ​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​កាត់​ទឹក​ដី​មួយ​ចំណែក​ធំ​ទៅ​ឱ្យ​រុស្ស៊ី​

3 ម៉ោង មុន

ទី​ក្រុង​កៀវ៖ អាមេរិក​នៅ​តែ​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​កាត់​ទឹក​ដី​មួយ​ចំណែក​ធំ​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បិទ​បញ្ចប់​សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ពេល​ជិត​បួន​ឆ្នាំ​ហើយ​។​ លោក​ហ្សេឡិនស្គី​ថា​អាមេរិកប្រាប់​ឱ្យ​តែ​អ៊ុយ​ក្រែន​ដក​ទ័ព​ចេញ​ពី​តំបន់​ដូញែត ប៉ុន្តែ​មិន​បាន​ប្រាប់​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ទេ​។ ដូច្នេះ​មាន​ន័យ​ថា​អាមេរិក​ចង់​ឱ្យ​អ៊ុយ​ក្រែន​ប្រគល់​ដូញែត​ទាំង​មូល​ទៅ​ឱ្យ​រុស្ស៊ី​ ប្រគល់​ទាំង​ដី​ដែល​រុស្ស៊ី​មិន​ទាន់​វាយ​យក​បាន​ថែម​ទៀត​។ ​យោង​តាម​ផែន​ការ​សន្តិ​ភាព​នេះ​ ដូញែត​នឹង​ត្រូវ​យក​ធ្វើ​ជា​តំបន់សេដ្ឋ​កិច្ច​សេរី​ដែល​គ្មាន​កង​ទ័ព​​ និង​ជា​តំបន់​ទ្រនាប់​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​។…

ទី​ក្រុង​កៀវ៖ អាមេរិក​នៅ​តែ​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​កាត់​ទឹក​ដី​មួយ​ចំណែក​ធំ​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បិទ​បញ្ចប់​សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ពេល​ជិត​បួន​ឆ្នាំ​ហើយ​។​ លោក​ហ្សេឡិនស្គី​ថា​អាមេរិកប្រាប់​ឱ្យ​តែ​អ៊ុយ​ក្រែន​ដក​ទ័ព​ចេញ​ពី​តំបន់​ដូញែត ប៉ុន្តែ​មិន​បាន​ប្រាប់​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ទេ​។ ដូច្នេះ​មាន​ន័យ​ថា​អាមេរិក​ចង់​ឱ្យ​អ៊ុយ​ក្រែន​ប្រគល់​ដូញែត​ទាំង​មូល​ទៅ​ឱ្យ​រុស្ស៊ី​ ប្រគល់​ទាំង​ដី​ដែល​រុស្ស៊ី​មិន​ទាន់​វាយ​យក​បាន​ថែម​ទៀត​។

​យោង​តាម​ផែន​ការ​សន្តិ​ភាព​នេះ​ ដូញែត​នឹង​ត្រូវ​យក​ធ្វើ​ជា​តំបន់សេដ្ឋ​កិច្ច​សេរី​ដែល​គ្មាន​កង​ទ័ព​​ និង​ជា​តំបន់​ទ្រនាប់​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​។ យោ​ងតាម​ផែន​ការ​សន្តិ​ភាព​របស់​អាមេរិក​ដែល​បាន​កែ​សម្រួល​លើក​ចុង​ក្រោយ​​ តំបន់​ទាំង​បួន​ដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​២០២២​នោះ អាមេរិក និង​អ៊ុយ​ក្រែន​ត្រូវ​ទទួល​ស្គាល់​ជា​​ទឹក​ដី​រុស្ស៊ី​ដោយ​ស្រប​ច្បាប់​។ ចំពោះ​​ទី​តាំង​ដែល​រុស្ស៊ី​មិន​បាន​កាត់​ខ្វៀល​ជា​ទឹក​ដី​របស់ខ្លួន និង​ដែល​កង​ទ័ព​រុស្ស៊ី​កំពុង​ឈរ​ជើង​ រុស្ស៊ី​ត្រូវ​ដក​ថយ​ពី​ទី​នោះ​។​

បើ​ដូច​អ្វី​ដែល​លោក​ហ្សេឡិនស្គី​និយាយ​នេះ​មាន​ន័យ​ថា​ផែន​ការ​សន្តិ​ភាព​មុន​ និង​ក្រោយ​មិន​ខុស​គ្នា​ទេ​។ ពោល​គឺ​ហាក់​ដូច​ជា​លំអៀង​ទៅ​ខាង​រុស្ស៊ី​យ៉ាង​ខ្លាំង​។ អ៊ុយ​ក្រែន​បាន​យក​ផែន​ការ​នោះ​ទៅ​កែ​សម្រួល​ឡើង​វិញ និង​បញ្ជូន​ផែន​ការ​របស់​ខ្លួន​ម្ភៃ​ចំណុច​ទៅ​ឱ្យ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ពិនិត្យ​មើល​។ សេចក្ដី​លម្អិ​ត​នៃ​ផែន​ការ​នោះ​មិន​ត្រូវ​គេ​ផ្សព្វ​ផ្សាយ​ជា​សា​ធារណៈ​ទេ​។​

លោក​ហ្សេឡិនស្គី​ថា​យើង​ (អាមេរិក និង​អ៊ុយ​ក្រែន) មាន​ការ​ខ្វែង​គំនិត​គ្នា​២​ចំណុច​ធំ​ៗ​ នោះ​គឺ​បញ្ហា​បូរណ​ភាព​ទឹក​ដី​នៅ​តំបន់​ដូញែត និង​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពាក់​ព័ន្ធ​នឹង​ដូញែត ហើយ​និង​ការ​គ្រប់​គ្រង​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៅ​ហ្សា​ប៉ូរីហ្សៀ​។ បញ្ហា​ទាំង​២​នេះ​នៅ​តែ​បន្ត​ជជែក​គ្នា​នៅ​ឡើយ​ទេ​​។ លោក​ថ្លែង​បន្ត​ទៀត​ថា​កង​ទ័ព​អ៊ុយ​ក្រែន​ត្រូវ​ចាក​ចេញ​ពី​ដូញែតជា​ថ្នូរ​នឹង​កង​ទ័ព​រុស្ស៊ី​មិន​អាច​ដាក់​នៅ​តំបន់​នេះ​ទេ​។ ពួក​គេ​ (រុស្ស៊ី) ហៅ​ទី​នេះ​ថា​ «តំបន់​សេដ្ឋ​កិច្ច​សេរី» (ដែល​គ្មាន​កង​ទ័ព)​។

ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទឹក​ដី​ខ្លួន​ឯង​ជា​ថ្នូរ​នឹង​សន្តិ​ភាព​នេះ លោក​ហ្សេឡិន​​ស្គី​ធ្លាប់​ប្រ​កាស​​រួច​ហើយ​​​ថា​លោក​គ្មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​ទេ​​​ព្រោះ​ផ្ទុយ​ពី​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ និង​ផ្ទុយ​ពី​ក្រម​សីល​ធម៌​ក្នុង​នាម​ជា​មេ​ដឹក​នាំ​​។ លោក​ថា​មាន​តែ​ប្រជា​ជន​អ៊ុយ​ក្រែន​ទេ​ជា​អ្នក​សម្រេច​ជោគ​វាសនា​​​ប្រទេស​​ជាតិ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​។​ លោក​មាន​ជំនឿ​ថា​ប្រជា​ជន​អ៊ុយ​ក្រែន​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​បញ្ហា​នេះ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធា​នា​ធិបតី ឬ​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​។ បញ្ហា​នេះ​ត្រូវ​តែ​សម្រេច​ចិត្ត​ដោយ​ប្រជា​ជន​អ៊ុយ​ក្រែន​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ