ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អា​នុ​ទី​ន ថា​នឹង​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ត្រាំ នៅ​យប់​នេះ ជុំវិញ​រឿង​ជម្លោះព្រំដែន​កម្ពុជា និង​ថៃ

2 ម៉ោង មុន

ទីក្រុង​បាងកក ៖ នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ប្រទេស​ថៃ លោក អា​នុ​ទី​ន ចាន់​វី​រៈ​គុល (Anutin Charnvirakul) នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ…

ទីក្រុង​បាងកក ៖ នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ប្រទេស​ថៃ លោក អា​នុ​ទី​ន ចាន់​វី​រៈ​គុល (Anutin Charnvirakul) នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ បាន​អះអាង​ថា លោក​គ្រោង​នឹង​សន្ទនា​តាម​ទូរស័ព្ទ​និយាយ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅ​យប់​នេះ ខណៈ​ដែល​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​បាន​បន្ត​ដល់​ថ្ងៃ​ទី ៥ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

លោក អា​នុ​ទី​ន បាន​ប្រាប់​បណ្តា​អ្នក​យក​ព័ត៌មាន​ថា ការ​ហៅ​ទូរស័ព្ទ​ជាមួយ​លោក ត្រាំ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​ប្រហែល ០៩ និង ២០ នាទី​យប់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥​នេះ (​ម៉ោង​ក្នុងស្រុក​)​។

លោក ត្រាំ ចង់​ធ្វើ​អន្តរាគមន៍​ម្តងទៀត ដើម្បី​បញ្ឈប់​ការ​បាញ់ប្រហារ​គ្នា និង​ជួយ​ស្តារ​បទ​ឈប់​បាញ់​ឡើង​វិញ ដែល​លោក​បាន​សម្របសម្រួល​កាលពីដើម​ឆ្នាំ​នេះ ដោយ​សន្យា​ថា នឹង​ហៅ​ទូរស័ព្ទ​ទៅ​កាន់​មេដឹកនាំ​កម្ពុជា និង​ថៃ ដើម្បី​ធ្វើការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​បាញ់ប្រហារ​គ្នា​។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១១ ខែធ្នូ កន្លង​ទៅ លោក ត្រាំ បាន​បង្ហាញ​ពី​សមត្ថភាព​របស់​លោក​ជា​អ្នក​បង្កើត​សន្តិភាព​សកល ព្រមទាំង​មាន​ជំនឿ​ចិត្ត​ថា លោក​នឹង​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ វិល​មក​រក​ផ្លូវត្រូវ​ឡើង​វិញ​។ លោក​បាន​និយាយ​ថា «​យើង​បាន​ដោះស្រាយ​សង្គ្រាម​ចំនួន ៨ ហើយ​។ សូម​គិត​អំពី​វា​។ សង្គ្រាម​ចំនួន ៨ ត្រូវ​បាន​ដោះស្រាយ​ហើយ សង្គ្រាម​មួយ​ផ្ទុះ​ឡើងជា​ថ្មី (​កម្ពុជា និង​ថៃ​) ហើយ​ខ្ញុំ​នឹង​ពន្លត់​អណ្តាតភ្លើង​នៃ​សង្គ្រាម​។ ខ្ញុំ​បាន​បញ្ឈប់​វា ប៉ុន្តែ​យើង​នឹង​បញ្ឈប់​វា​ជា​ថ្មី​ម្ដងទៀត​»​។

សូម​ជម្រាប​ថា លោក អា​នុ​ទី​ន បាន​សម្រេច​រំលាយ​សភា កាលពី​យប់​ថ្ងៃ​ទី​១១ ខែធ្នូ កន្លង​ទៅ ព្រមទាំង​បាន​ផ្ញើ​សារ​ថា ផ្ដល់​អំណាច​ទៅ​ឱ្យ​ប្រជាជន​វិញ​។ ជាមួយ​គ្នា​នោះ ប្រទេស​ថៃ​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​ពី ៤៥​ថ្ងៃ ទៅ ៦០​ថ្ងៃ ក្រោយ​មហាក្សត្រ​ថៃ បាន​យល់ព្រម​តាម​សំណើ​រំលាយ​សភា​៕ ប្រភព ៖ Reuters និង The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ