ទីក្រុងស៊ីដនី៖ ថ្ងៃនេះ ប្រទេសអូស្ត្រាលីចាប់ផ្ដើមអនុវត្តច្បាប់ស្ដីពីការហាមឃាត់មិនឱ្យក្មេងក្រោមអាយុ១៦ឆ្នាំប្រើប្រាស់បណ្ដាញសង្គម។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាល់បានីស ស្វាគមន៍ការអនុវត្តច្បាប់នេះដែលជាការអនុវត្តដំបូងគេនៅលើពិភពលោក។ អ្នកដែលជាឪពុកម្ដាយ និងអាណាព្យាបាលកូនតូចៗក៏ស្វាគមន៍វិធានការនេះផងដែរ។ ប៉ុន្តែពួកគេបារម្ភថាច្បាប់នេះអាចនឹងពិបាកក្នុងការអនុវត្តឱ្យបានពេញលេញ។

មុនពេលច្បាប់នេះចូលជាធរមានចាប់ពីពេលរំលងអធ្រាត្រយប់ថ្ងៃអង្គារឈានចូលព្រឹកថ្ងៃពុធ កុមារអូស្ត្រាលីបានបង្ហោះសារលាប្រិយមិត្តអ្នកគាំទ្រ ឬអ្នកចុចតានដានពួកគេតែត្រឹមនេះ។ លោកអាល់បានីសថ្លែងប្រាប់សារជីវកម្មផ្សព្វផ្សាយអេប៊ីស៊ីថានេះជាទិវាដែលក្រុមគ្រួសារទាំងឡាយនៅអូស្ត្រាលីទទួលបានអំណាចពីក្រុមហ៊ុនបច្ចេកវិទ្យាត្រឡប់មកវិញ។ ពួកគេនឹងប្រើប្រាស់សិទ្ធិក្នុងនាមជាកូន និងឪពុកម្ដាយរស់នៅមានសុភមង្គលផ្លូវចិត្តកាន់តែប្រសើរ។

តាមរយៈច្បាប់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្ដល់សេវាបណ្ដាញសង្គមចំនួនដប់រួមទាំងយូធូប, អ៊ីនស្តាក្រាម, ឃីក (Kick), រ៉េតឌីត (Reddit), ស្នេបឆេត (Snapchat), ស្រ៊ីត (Thread), ទីកតុក, អ៊ិច និងទ្វីតបើសិនជាហ៊ានធ្វើខុសនឹងបទបញ្ញត្តិនេះ (បណ្ដោយឱ្យក្មេងក្រោម១៦ឆ្នាំប្រើបណ្ដាញសង្គមរបស់ខ្លួន) ក្រុមហ៊ុនទាំងនេះប្រឈមនឹងការពិន័យជាប្រាក់៤៩,៥លានដុល្លារអូស្ត្រាលី ឬប្រហាក់ប្រហែលនឹង៣៣លានដុល្លារអាមេរិក។

ក្រោយការចូលជាធរមានរបស់ច្បាប់អូស្ត្រាលីនេះ ពួកអឺរ៉ុបកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង។ សមាជិកសភាអឺរ៉ុប គ្រីស្ទែល ឆាលដាម៉ូស (Christel Schaldamose) ថ្លែងថាអឺរ៉ុបនឹងរៀនសូត្រតាមអូស្ត្រាលីត្រង់ចំណុចនេះ។ កាលពីខែវិច្ឆិកា សភាអឺរ៉ុបបានស្នើសុំឱ្យសហភាពអឺរ៉ុបកំណត់អាយុអប្បបរមារបស់កុមារដែលអាចមានសិទ្ធិប្រើប្រាស់បណ្ដាញសង្គម។

ធ្វើបែបនេះដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃបញ្ហាចោទចំពោះសុខភាពផ្លូវចិត្តនៅក្នុងចំណោមមនុស្សវ័យជំទង់ដោយសារតែពួកគេងប់ងល់នឹងការលេងបណ្ដាញសង្គមខ្លាំងពេក។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង ធ្លាប់អំពាវនាវឱ្យសហភាពអឺរ៉ុបបង្កើតច្បាប់ហាមឃាត់ក្មេងក្រោមអាយុ១៥ឆ្នាំមិនឱ្យប្រើប្រាស់បណ្ដាញសង្គម។ ប៉ុន្តែគេមិនច្បាស់ថាតើត្រូវកំណត់បទបញ្ញត្តិបែបណាព្រោះរដ្ឋនីមួយៗអាចនឹងមានសិទ្ធិកំណត់អាយុទៅតាមលទ្ធភាពជាក់ស្ដែង។ នេះបើយោងតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ