ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូ​វ សុធា​រ៉ា មាន​ស្នាដៃ​មិនធម្មតា​ក្នុង​ពិភពកីឡា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ អតីត​កីឡាការិនី​ជើង​ខ្លាំង​អ្នក​នាង ចូ​វ សុធា​រ៉ា បាន​ក្លាយជា​គ្រូបង្វឹក​ផ្នែក​ចំបាប់ និង​ជា​គ្រូបង្ហាត់មុខ​វិជ្ជា​កីឡា​ប្រចាំ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ផ្សារ​ដើម​ថ្កូវ ។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​អតីតកាល…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ អតីត​កីឡាការិនី​ជើង​ខ្លាំង​អ្នក​នាង ចូ​វ សុធា​រ៉ា បាន​ក្លាយជា​គ្រូបង្វឹក​ផ្នែក​ចំបាប់ និង​ជា​គ្រូបង្ហាត់មុខ​វិជ្ជា​កីឡា​ប្រចាំ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ផ្សារ​ដើម​ថ្កូវ ។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​អតីតកាល អ្នក​នាង​គឺជា​កីឡាការិនី​ដែល​មាន​ស្នាដៃ​មិនធម្មតា​ក្នុង​ពិភព​កីឡា ជា​ពិសេស​គឺ​ការ​ទទួល​បាន​មេដាយ​ពី​ការ​ប្រកួត​អន្តរជាតិ​រាប់​មិន​អស់​មុន​ពេល​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ ផ្នែក​កីឡា​ចំបាប់​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​។

អ្នក​នាង ចូ​វ សុធា​រ៉ា និយាយ​ថា អ្នក​នាង​កើត​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​១៩៨៣ នៅ​រាជធានី​ភ្នំពេញ ដោយ​នាង​គឺជា​កូន​ទី​៥​ក្នុង​ចំណោមបងប្អូន​៦​នាក់​(​ប្រុស​៣​នាក់ ស្រី​៣​នាក់​)​។ បន្ទាប់​ពី​រៀន​ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក កាលពី​ឆ្នាំ​២០០៥ អ្នក​នាង​បាន​បន្ត​ការ​សិក្សា​រយៈពេល​២​ឆ្នាំ នៅ​នាយកដ្ឋាន​យុវជន និង​កីឡា ហើយ​បាន​ក្លាយ​ជា​គ្រូ​កីឡា​ក្របខ័ណ្ឌ​នៅ​វិទ្យាល័យ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្សារ​ដើម​ថ្កូវ ដែល​មក​ទល់​ពេល​នេះ​អ្នក​នាង​បាន​ក្លាយជា​គ្រូបង្ហាត់​កីឡា​នៅ​ក្នុង​សាលា​រដ្ឋ​ប្រមាណ​ជា​១២​ឆ្នាំ​ហើយ។ អ្នក​នាង​បាន​អះអាង​ថា អ្នក​នាង​មានដំណើរ​ដើម​ទង​ច្រើន​ដំណាក់កាល​ទម្រាំ​បាន​ក្លាយជា​កីឡា​ការិនី​អាជីព​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ អ្នក​នាង​បាន​ស្ម័គ្រចិត្ត​ចូល​ហាត់​កីឡា​យូ​ដូ កាលពី​វ័យ​១៤​ឆ្នាំ ដោយ​ក្នុង​ពេល​នោះ​មានការ​ណែនាំ​ពី​គ្រូ​នៅ​សាលា​រដ្ឋ​របស់​អ្នក​នាង បន្ទាប់​ពី​អ្នក​នាង​ក៏​ត្រូវ​គេ​កត់​សម្គាល់ថា​មាន​ចំណូលចិត្ត​ផ្នែក​កីឡា​ក្នុង​ពេល​សិក្សា ។

អ្នក​នាង​បាន​ប្រឡូក​ក្នុង​អាជីព​ជា​សិស្ស​យូ​ដូ​ប្រមាណ​៣​ឆ្នាំ ដោយ​ក្នុងអំឡុងពេល​នោះ អ្នក​នាង​ទទួល​បាន​ខ្សែក្រវាត់​១​ដាន់ ទទួល​បាន​មេដាយ​សំរឹទ្ធ​១​ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម និង​មេដាយមាស​ផ្នែក​យូ​ដូ​កា​តា​១​គ្រឿង​។ ដោយសារ​តែ​អ្នក​នាង​មាន​ស្នាដៃ​ទាំងនោះ​ហើយ ទើប​អ្នក​នាង​ត្រូវ​បាន​លោក វ៉ា​ត់ ចំរើន អគ្គ​លេខាធិ​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ស្នើ​ឱ្យ​អ្នក​នាង​ប្ដូរ​អាជីព​ពី​កីឡា​យូ​ដូ ទៅ​ហាត់​ចំបាប់​វិញ ដោយ​បាន​ទាំង​ផ្ដល់​ឱកាស​នាង​បាន​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​ទៀត​ផង ។

អ្នក​នាង​ទទួល​ការ​បង្ហាត់បង្រៀន​យ៉ាង​ផ្ចិតផ្ចង់​ពីគ្រូបង្វឹក ហើយ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ អ្នកនាង​ក៏​បាន​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានាហើយ​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​ក្នុង​ការ​ប្រកួតថ្នាក់​ជាតិ​ទៀត​ផង ។ ខាងក្រោម​នេះ​ជា​ស្នាដៃគួរ​កត់សម្គាល់​របស់​នាង​មុន​ពេល​ចូល​និ​វ​ត្តិ​ន៍ពី​ក្រុម​ជម្រើសជាតិ ៖

– ​ក្នុង​ឆ្នាំ​២០០៣ នាង​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម
ប្រទេស​វៀតណាម​ជា​លើក​ដំបូង ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់​៥០​ម៉ឺន​រៀល​។

– ​ក្នុង​ឆ្នាំ​២០០៣​ដដែល អ្នក​នាង​ក៏​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​បារាំង ក្នុង​ចំណោម​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ទាំងអស់ ដោយ​ការ​ប្រកួត​ចំបាប់​ពេល​នោះ អ្នក​នាង​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​។

– ​ក្នុង​ឆ្នាំ​២០០៥ អ្នក​នាង​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វី​លី​ពី​ន ដោយ​ក្នុង​ពេល​នោះ​អ្នក​នាង​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូ​ក្រាម និង​ទទួល​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រមាណ​ជាង​២​ពាន់​ដុល្លារ​។

-​ ក្នុង​ឆ្នាំ​២០០៩ អ្នក​នាង​ចេញ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ជា​ថ្មី​ម្ដងទៀត​នៅ​ប្រទេស​ឡាវ ដោយ​ដណ្ដើម​បាន​មេដាយមាស និង​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​ជាង​៦​ពាន់​ដុល្លារ​។ ការ​ទទួល​បាន​មេដាយមាស​នេះ ធ្វើ​ឱ្យ​អ្នក​នាង​ក្លាយជា​កីឡាការិនី​ល្បីល្បាញ និង​មានកេរ្តិ៍ឈ្មោះ​កាន់តែ​ខ្ទរខ្ទារ​នៅ​ក្នុង​វិស័យ​ចំបាប់​។

-​ ក្នុង​ឆ្នាំ​២០១០ អ្នក​នាង​ចេញ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​ចិន ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​ចូលរួម​ប្រកួត​។

-​ ក្នុង​ឆ្នាំ​២០១៣ អ្នក​នាង​ដណ្ដើម​បាន​មេដាយមាស​ជា​ថ្មី​ម្ដងទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​ការ​ប្រកួត​ពេល​នោះ​ក្នុង​ប្រភេទ​ទម្ងន់​៤៤​គីឡូ​ក្រាម ដែល​ជា​គីឡូ​ស្រាល ។ អ្នក​នាង​ចូ​វ សុធា​រ៉ា និយាយ​ថា បើ​ការ​ប្រកួត​ក្នុងស្រុក​វិញ គឺ​អាច​និយាយ​បាន​ថា​ទទួល​បាន​ពាន និង​មេដាយ​រាប់​មិន​អស់​។

អ្នក​នាង​បាន​ប្រកាស​សុំ​ឈប់​ពី​កីឡាការិនីជម្រើសជាតិ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៦ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍អូ​ឡាំ​ពិ​ក​នៅ​ប្រេ​ស៊ី​ល បន្ទាប់​ពី​អ្នក​នាង​យល់​ថា ខ្លួន​ក៏​មាន​វ័យចាស់​មិន​អាច​បន្ត​ធ្វើ​ជា​កីឡាការិនី​បាន​ល្អ​ដូច​មុន ។ អ្នក​នាង​បាន​ជាប់​ជា​គ្រូ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​ចំបាប់​កម្ពុជា​ដោយ​ការ​លាឈប់​ពី​កីឡាការិនី ដោយ​​ក្នុង​ពេល​នេះ អ្នក​នាង​ទទួល​បានការ​ងារ​ជា​អ្នក​បង្វឹក​ដល់​សិស្ស​នៅ​ក្នុង​សហព័ន្ធ​ស្ទើរ​រក​ពេល​សម្រាក​មិន​បាន ។ អ្នក​នាង​ទើបតែ​បាន​រៀប​ការ​កាលពី​ពេល​ថ្មី​ៗ​ក្នុង​ប៉ុន្មាន​ខែ​មុន​នេះ ដោយ​ស្វាមី​របស់​អ្នក​នាង​ក៏​ជា​អ្នកមាន​ការងារ​ធ្វើ និង​មានមុខមាត់​នៅ​ក្នុង​សង្គម​ផង​ដែរ ។

អ្នក​នាង​ថា ខ្លួន​មិន​ចោល​អាជីព​កីឡា​នោះ​ទេ ទើប​ចាប់​អាជីព​ជា​គ្រូ​កីឡា​នៅ​សាលា​រដ្ឋ​ផង និង​ជា​គ្រូ​ចំបាប់​នៅ​ក្នុង​សហព័ន្ធ​ផង ហើយ​អ្នក​នាង​ក៏​ជា​អ្នកដឹកនាំ​អត្ត​ព​លិ​ក​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ដើម្បី​ដណ្ដើម​មេដាយ​យក​មក​ជូន​ជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ