ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹមនឹងប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងកំពុងរីករាយសាទរដែលកំពុងទទួលបានផ្លូវមួយខ្យែចាក់កៅស៊ូចាប់ពីចំណុចស្ពានថ្មផ្សារលើរហូតទៅដល់ភូមិចុងកោះ ក្នុងក្រុងកំពង់ឆ្នាំង លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាការពារនូវសមិទ្ធិផលថ្មីមួយនេះដើម្បីប្រើប្រាស់អោយបានគង់វង្សយូអង្វែង ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ផ្លូវដែលកំពុងសាងសង់នេះគឺជាផ្លូវលេខ៤០ មានប្រវែង២១៣០ម៉ែត្រ អ៊ុតកៅស៊ូប្រភេទ AD ជាគម្រោងថវិការបស់ខេត្តដែលមកដល់ពេលនេះកសាងបានប្រមាណជាង ៦០ភាគរយ ហើយសង្ឃឹមថាក្រោយពេលផ្លូវនេះធ្វើរួចរាល់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងនឹងទទួលបានផ្លូវយ៉ាងស្អាតពីផ្សារលើដល់ផ្សារក្រោមជាពុំខាន ។
លោកក៏បានបញ្ជាក់ដែរថា ដើម្បីអោយត្រូវតាមលំនាំស្តង់ដារបស់ ចៃកាជប៉ុន ដែលបានកសាងនៅផ្សារលើ និងក៏ដូចជារង្វង់មូលវិមានឯករាជ្យ អាជ្ញាធរខេត្តបានតម្រូវឲ្យក្រុមហ៊ុនក្រៅពីចាក់កៅស៊ូប្រភេទ AD ហើយនៅចិញ្ចើមផ្លូវសងខាងគឺក្រាលការ៉ូឡា តាមមុខផ្ទះប្រជាពលរដ្ឋផងដែរ ប៉ុន្តែលោកមិនច្បាស់ថា តើតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ និងត្រូវមានបដិភាគជួយចេញការ៉ូឡាដែរឬយ៉ាងណានោះទេ ព្រោះក្នុងមួយម៉ែត្រការ៉េថ្លៃ៧ដុល្លារ ។
ជាមួយគ្នានេះក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្មីនេះទាំងអស់ សូមរួមថែរក្សាទាំងអស់គ្នា ដូចជាមិនត្រូវដឹកធ្ងន់លើសកំណត់ មិនត្រូវប្រើប្រាស់យានយន្តដែលមានកង់ដែក ដូចជាកង់គោយន្តសម្រាប់ភ្ជួរស្រែជាដើម ហើយប្រសិនបើត្រូវឆ្លងត្រូវរកយានដឹកចម្លងអោយបានត្រឹមត្រូវដើម្បីឲ្យផ្លូវមួយខ្សែដែលស្រស់ស្អាតនេះបានគង់វង្សយូរអង្វែង ។ ប៉ុន្តែបើសិននៅមានអ្នកទទឹងរឹងរូស និងទទួលការវិន័យលើការខូចខាតផ្លូវជាពុំខាន ៕
ចែករំលែកព័តមាននេះ