ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បដិសេធ​ការ​ស្នើលុប MOU ឆ្នាំ​២០០០​ ដោយ​ភាគី​ថៃ ​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ និងក្នុង​ចេតនា​កេង​ចំណេញ​នយោបាយ

36 នាទី មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ប្រកាស​ការស្នើ​លុប MOU ឆ្នាំ​២០០០ ដោយ​ហេតុផល​ណាមួយ គឺ​មិន​ត្រឹមតែ​រំ​លោ​.​ភ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន មិន​កែប្រែ (Uti…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ប្រកាស​ការស្នើ​លុប MOU ឆ្នាំ​២០០០ ដោយ​ហេតុផល​ណាមួយ គឺ​មិន​ត្រឹមតែ​រំ​លោ​.​ភ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន មិន​កែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

យោង​តាម​សេចក្តី​ប្រកាស​បដិសេធ​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៦ សារព័ត៌មាន​ក្នុងស្រុក​ថៃ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​បាន​លើក​អំពី​ហេតុផល និង​អនុសាសន៍​ស្នើ​លុប MOU ៤៣ (MOU ឆ្នាំ​២០០០) របស់​គណៈកម្មាធិការ​ចំពោះ​កិច្ច​ព្រឹទ្ធសភា​ថៃ ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​ប្រកាស​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ហេតុផល និង​អនុសាសន៍​ស្នើ​លុប MOU ឆ្នាំ​២០០០ ដោយ​គណៈកម្មាធិការ​ចំពោះ​កិច្ច​ព្រឹទ្ធសភា​ថៃ​ដែល​ធ្វើ​ឡើង ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ផ្ទុយ​ច្បាប់​អន្តរជាតិ ក្នុង​ចេតនា​កេង​ចំណេញ​នយោបាយ និង​បំផ្លាញ​សមិទ្ធផល​ដែល សម្រេច​បាន​ដោយ​គណៈកម្មការ JBC នៃ​ភាគី​ទាំង​ពីរ នា​ពេល​កន្លង​មក ។

Screenshot

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​ធ្វើការ​ស្រាយ​បំភ្លឺ និង​បញ្ជាក់​ជូន​សាធារណជន ជាតិ​-​អន្តរជាតិ​ថា MOU ឆ្នាំ​២០០០ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ និង​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចុះហត្ថលេខា ព្រមទាំង​បាន​យក​ទៅ​ចុះបញ្ជី និង​តម្កល់ នៅ​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ ។ MOU ឆ្នាំ​២០០០ មាន​ចរិតលក្ខណៈ​ជា​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀងទ្វេភាគី​ពាក់ព័ន្ធ​នឹង​ព្រំដែន​ដែល​បង្កើត​កាតព្វកិច្ច​ក្រោម​ច្បាប់​អន្តរជាតិ និង​ជា​កិច្ចព្រមព្រៀង​ដ៏​មាន​សារ សំខាន់​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​តាម​រយៈ​យន្តការ​គណៈកម្មការ JBC ។

តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ភាគី​ថៃ​មិន​អាច​លើកយក​ហេតុផល​ច្បាប់ និង​នីតិវិធី​ផ្ទៃក្នុង ឬ​ហេតុផល​ណាមួយ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​លុប MOU ឆ្នាំ​២០០០ ដែល​ជា​សន្ធិសញ្ញា​ពាក់ព័ន្ធ​នឹង​ព្រំដែន​ដែល​ខ្លួន​ជា​ភាគី​បាន​ឡើយ (​យោង​តាម​មាត្រា​៦២ ចំណុច​ទី​២ នៃ អនុសញ្ញា​ទីក្រុង​ប៉ែន ស្តី​ពី​ច្បាប់​សន្ធិសញ្ញា​-VCLT ឆ្នាំ​1969)​។

MOU ឆ្នាំ​២០០០ បាន​ផ្តល់​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​ពេញលេញ​ដល់​គណៈកម្មការ JBC នៃ​ភាគី​ទាំង​ពីរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​ផ្អែក​លើ​មូលដ្ឋាន​អនុសញ្ញា​បារាំង​-​សៀម ១៩០៤ សន្ធិសញ្ញា​បារាំង​-​សៀម​១៩០៧, ផែនទី​ដែល​ជា​លទ្ធផល​នៃ​ការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម​, កំណត់ហេតុ​បោះបង្គោល​របស់​គណៈកម្មការ​ឥណ្ឌូចិន​-​សៀម​, បែបបទ​បច្ចេកទេស (TOR) ឆ្នាំ​២០០៣ និង​កំណត់ហេតុ​កិច្ចប្រជុំ​របស់​គណៈកម្មការ JBC នៃ​ភាគី​ទាំង​ពីរ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា ជាក់ស្តែង​នា​ពេល​កន្លង​មក គណៈកម្មការ JBC នៃ​ភាគី​ទាំង​ពីរ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​វិជ្ជមាន​ដូច​ជា ការ​ស្វែង​រុករក​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​សម័យ​បារាំង​ទាំង​៧៤, ការ​ជួសជុល និង​ថែទាំ​បង្គោល​ព្រំដែន​សម័យ​បារាំង ដែល​បាន​ឯកភាព​គ្នា​, ការ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន​, ការ​កសាង​បណ្តាញ​បង្គោល​ប្រឹថពី វិភាគ​រួម​កម្ពុជា​-​ថៃ និង​ការងារ​វាស់វែង​លម្អិត​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ជាដើម ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​បញ្ជាក់​ជូន​ថា​៖« ភាគី​កម្ពុជា តែង​ប្រកាន់ខ្ជាប់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​គ្រប់​មធ្យោបាយ​ដោយ​សន្តិវិធី រួម​ទាំង​យន្ត ការ​ទ្វេភាគី ដែល​មាន​ស្រាប់ ជា​ពិសេស​យន្តការ JBC និង​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី បន្ត​ជំរុញ ការ​អនុវត្ត​ការងារ វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​លើ​ដី​ជាក់ស្តែង​ជាមួយ​ភាគី​ថៃ​ឱ្យ​បាន​ចប់​ជា​ស្ថាពរ ក្នុង​គោលដៅ​រក្សា​សន្តិភាព​យូរអង្វែង តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​បន្ថែម​ថា ៖ ជា​រួមការ​លុប MOU ឆ្នាំ​២០០០ ដោយ​ហេតុផល​ណាមួយ គឺ​មិន​ត្រឹមតែ​រំ​លោ​.​ភ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​(Uti Possidetis Juris) ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិវិធី និង​មិន​អាច​ឈាន​ទៅ​កសាង​ព្រំដែន​មួយ ដែល​មាន​ស្ថិរភាព សន្តិភាព និង​អភិវឌ្ឍន៍​បាន​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ