រាជធានីភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន ជាពិសេសគាំទ្របោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ ។ នេះបើយោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានប្រកាសនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ។
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយលោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិនៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែន និងការគាំទ្រកិច្ចការបោសសម្អាតមីន ។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ ។
ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះភាពជាដៃគូយូរអង្វែង ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជាក៏ដូចជា គាំទ្រកម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីឆ្នាំ២០២៤ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រពិភពលោកមួយដែលគ្មានមីន ។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរហូតទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាប្រទេសឈានមុខគេក្នុងកិច្ចការបោសសម្អាតមីន ។
ជាមួយនឹងសមិទ្ធផលទាំងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងនូវបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានភាពស្មុគស្មាញ និងមានផលប៉ះពាល់ខ្លាំងក៏ដូចជា បានបន្សល់ទុកបន្ថែមដោយកម្លាំងយោធាថៃ កាលពីសង្គ្រាមកម្ពុជា-ថៃពីរលើកក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ។
ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ជូនគណៈប្រតិភូសហភាពអឺរ៉ុបពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះសង្គ្រាម ។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគាំទ្រដល់ការបោសសម្អាតមីន ដែលទើបស្រាវជ្រាវរកឃើញថ្មី និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ក្នុងសង្គ្រាមកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ ។
ក្នុងជំនួបនោះលោក Cosmin Dobran បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការសកម្មភាពសៀមរាប-អង្គរឆ្ពោះទៅរកពិភពលោកមួយគ្មានមីន ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤ ។ លោកបន្តទៀតថា សហភាពអឺរ៉ុប នឹងបន្តការប្តេជ្ញាចិត្តគាំទ្រដល់កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាផងដែរ ៕



ចែករំលែកព័តមាននេះ