រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី៣០ ឧសភា បានបញ្ជូនខ្លួនថៅកែស្រីយួនកាត់ចិនហាងលក់សម្លៀកបំពាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចោទប្រកាន់ជាផ្លូវការ ជុំវិញការបែកធ្លាយរឿងវាយដំក្មេងស្រីអ្នកបម្រើដូចសត្វធាតុធ្វើឱ្យមានការ ចាប់អារម្មណ៍ជាទូទៅ ។ ថៅកែស្រីរូបនោះឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា ដាក់ឈ្មោះខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌពោធិ៍សែនជ័យ ជាជនជាតិវៀតណាមកាត់ចិន ។ សំណុំរឿងស្ថិតនៅដៃលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយពីការសាកសួរពេញមួយថ្ងៃ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការពីបទហិង្សា មានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះតាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ រួចបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្ត រហូតឈានដល់ការឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្នរួចហើយ ។ អ្នកច្បាប់ថា យោងតាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌយល់ឃើញថា ស្ត្រីជាប់សង្ស័យនឹងត្រូវប្រឈមការជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់៤លានរៀលទៅ១០លានរៀល បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពគ្រប់គ្រាន់ដូចការចោទប្រកាន់នេះ ។

គួរបញ្ជាក់ថា សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនថៅកែស្រីរូបនេះទៅសាលាដំបូង គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីក្មេងស្រីរងគ្រោះដែលត្រូវបានថៅកែស្រីនេះធ្វើទារុណកម្មដូចសត្វធាតុអស់រយៈពេល៤ឆ្នាំ រងកម្មខ្លួនប្រាណពោរពេញ ទៅដោយស្លាកស្នាមជាំខ្លួន ។ បន្ទាប់ពីមានពាក្យបណ្តឹង
និងមានការបំភ្លឺពីក្មេងស្រីរងគ្រោះ ដោយផ្អែកលើភស្តុតាងស្លាកស្នាមជាំ របួសពេញខ្លួន ក្បាល ដៃជើង សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនថៅកែស្រីរូបនេះ នឹងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ។

គួររំលឹកថា តាមប្រភពព័ត៌មានស្តីពីរឿងរ៉ាវខ្លោចផ្សារនេះត្រូវបានលាតត្រដាងឱ្យដឹងថា ពេលខ្លះនាងត្រូវថៅកែស្រីធ្វើទារុណកម្ម ដោយការឲ្យហូបអាហារមិនគ្រប់គ្រាន់ ក្នុងមួយថ្ងៃឲ្យហូបតែ២ពេលទេ គឺនៅពេលព្រឹកម្ដងនិងពេលល្ងាចឬយប់ម្ដង ឯពេលថ្ងៃត្រង់គឺអត់ឱ្យហូបអ្វីឡើយ ។ ជាងនេះទៀត ថៅកែស្រីសាច់.សចិត្តខ្មៅនេះ បានវាយដំឬក៏យកម្ជុលដេរចាក់ពេលឆេះដុំម្តងៗ និងពេលខ្លះឈានដល់ការបង្អត់អាហារ ឬចាក់សោបង្ខាំងនាងទុកនៅក្នុងផ្ទះថែមទៀតផងចង់ល្ងីល្ងើទៅហើយ ។ ភាពសាហាវព្រៃផ្សៃ ដែលជនទូទៅចាត់ទុកថាជាភាពអមនុស្សធម៌នេះ បានអូសបន្លាយរយៈពេល៤ឆ្នាំកន្លងមកហើយ តាំងពីនាងទើបមានអាយុ១២ឆ្នាំម្ល៉េះ តែមិនត្រូវបានគេដឹងទេ ព្រោះថៅកែស្រីមុខមិនញញឹមរូបនេះគំរាមមិនឲ្យនាងប្រាប់អ្នកជិតខាងឬប្រាប់ម្ដាយឡើយ ។ ប៉ុន្តែក្នុងពេលថ្មីៗនេះ ត្រូវបានអ្នកជិតខាងដឹង ក៏បានរាយការណ៍ជូននគរបាលឲ្យទៅរំដោះនាងចេញ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា នៅផ្សារបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។មន្ត្រីនគរបាលឲ្យដឹងថា ក្មេងស្រីជំទង់ខាងលើឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ នាងមានបងប្អូនរហូតដល់៩នាក់(ប្រុស៤នាក់និងស្រី៥នាក់) ហើយនាងគឺជាកូនទី៨ ។ ឪពុកនាងឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ កំពុងមានជំងឺធ្ងន់នៅនឹងកន្ទេលក្រោកមិនរួច ម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរលក់បន្លែបន្តិចបន្តួច ហើយជីវភាពគ្រួសារយ៉ាប់យ៉ឺនបំផុត ។ តាមធម្មតាទៅហើយឱ្យតែឮថាមានកូនច្រើនប្រាកដណាស់ជាគ្រួសារក្រីក្រដូចពាក្យចាស់ពោលថា អ្នកមានកូនតិច អ្នកក្រកូនច្រើន ស្រួលមិនស្រួលមួយឆ្នាំមួយផង ។

នាងបានមកស៊ីឈ្នួលធ្វើការងារនៅផ្ទះលក់សម្លៀកបំពាក់ខាងលើ៤ឆ្នាំមកហើយ គឺតាំងពីនាងទើបមានអាយុ១២ឆ្នាំម្ល៉េះ ។ ការរសាត់អណ្តែតមករស់នៅក្នុងផ្ទះខាងលើដែលថៅកែស្រីជាជនជាតិវៀតណាមកាត់ចិន មិនដែលបានសេចក្ដីសុខម្តងណាឡើយ គឺស្គាល់តែទុក្ខនិងរងទារុណកម្ម រហូតមានស្លាកស្នាមជាំពេញខ្លួនប្រាណ អត់មានអ្នកជួយ ។ប្រភពដដែលបន្តថា ចំណែកថៅកែស្រីចិត្តអប្រិយគ្មានធម៌មេត្តានេះឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា អាយុ៣៣ឆ្នាំ ជាជនជាតិវៀតណាមកាត់ចិនបន្លំប្រើឈ្មោះខ្មែរមានប្តីឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ ។ ប្តីប្រពន្ធនេះមានកូនស្រីម្នាក់ក្នុងបន្ទុក និងមានមុខរបរលក់សម្លៀកបំពាក់នៅនឹងផ្ទះរបស់ខ្លួន ។ ស្ត្រីជាថៅកែជាប់ចោទ ត្រូវបានឃាត់ខ្លួននាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកបុរសជាប្ដីមិនត្រូវបានឃាត់ខ្លួនទេ ។

ក្មេងស្រីខាងលើបានរៀបរាប់ប្រាប់នគរបាលថា ដោយសារជីវភាពគ្រួសារទីទ័លក្រខ្លាំងពេក នាងមិនបានរៀនសូត្រដូចក្មេងៗដទៃទៀតឡើយ។ នៅអាយុ១២ឆ្នាំ គឺនៅឆ្នាំ២០១៤ នាងបានឃ្លាតឆ្ងាយពីឪពុកម្ដាយនិងបងប្អូនជាទីស្រឡាញ់ ព្រមទាំងផ្ទះសម្បែង មករស់នៅស៊ីឈ្នួលបម្រើថៅកែស្រីរូបនេះ ។ នាងទទួលបានប្រាក់ឈ្នួលក្នុង១ខែចំនួន៦០ដុល្លារជារៀងរាល់ខែ ដើម្បីយកទៅទិញថ្នាំព្យាបាលជំងឺឪពុក។ ជារៀងរាល់ថ្ងៃ នាងត្រូវធ្វើការងារគ្មានពេលឈប់សម្រាកឡើយ តាំងពីព្រលឹមរហូតដល់យប់ ។ មិនតែប៉ុណ្ណោះ ធ្វើមិនដែលត្រូវចិត្តថៅកែស្រីនេះម្ដងណាឡើយ គឺតែងតែទាស់ចិត្តរហូត ហើយមិនដែលទទួលបានការនិយាយផ្អែមល្ហែមម្ដងណាសោះ ថ្ងៃណាក៏ត្រូវថៅកែពាក់មុខយក្សដាក់នាងដែរ ៕

ចែករំលែកព័តមាននេះ