ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់​ម៉ូតូ​ជជុះ​ត្អូញត្អែរគ្រប់​ៗ​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​នាំ​ចូល​ម៉ូតូ​ជជុះ​ពី​ប្រទេស​ជប៉ុន កំពុង​ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​នូវ​ការ​​លក់​ម៉ូតូ​ជជុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ម៉ូតូ​នាំ​ចូល​ថ្មី និង​ការ​ដំឡើង​ក្នុងស្រុក​កើនឡើង និង​មាន​តម្លៃ​ប្រហាក់ប្រហែល​ប្រកួតប្រជែង ។ លោក អួន…

រាជធានី​ភ្នំពេញ ៖ អាជីវករ​នាំ​ចូល​ម៉ូតូ​ជជុះ​ពី​ប្រទេស​ជប៉ុន កំពុង​ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​នូវ​ការ​​លក់​ម៉ូតូ​ជជុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ម៉ូតូ​នាំ​ចូល​ថ្មី និង​ការ​ដំឡើង​ក្នុងស្រុក​កើនឡើង និង​មាន​តម្លៃ​ប្រហាក់ប្រហែល​ប្រកួតប្រជែង ។

លោក អួន ចាន់​លី អ្នកលក់​ម៉ូតូ​នៅ​ឃ្លាំង​រំសេវ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក បាន​ឲ្យ​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ថា លោក​បាន​ចាប់ផ្តើម​លក់​ម៉ូតូ​ជជុះ​រយៈពេល​ប្រមាណ​​២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​លក់​បាន​ធ្លាក់​ចុះ​ខ្លាំង ។ បើ​គិត​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៨​នេះ ទីផ្សារ​ម៉ូតូ​ជជុះ​បាន​ថយ​ចុះ​ចន្លោះ​ពី​៧០​ទៅ​៨០% ។

លោក​បន្ត​ថា ៖ « ការ​ថយ​ចុះ​នេះ ដោយសារ​អ្នក​ប្រើប្រាស់​ប្តូរ​ទៅ​ប្រើ​ម៉ូតូ​ថ្មី​ច្រើន​ជាង ហើយ​​ប្រជាជន​កាន់តែ​យល់​ដឹង​ជាង​មុន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​យានយន្ត » ។

អ្នកលក់​ម៉ូតូ​នៅ​ឃ្លាំង​លេខ​៣១ ស្ថិត​ក្នុង​តំបន់​ដូច​គ្នា គ្រាន់តែ​ប្រាប់​ថា ​ឈ្មោះ​ឃាង បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា កាលពី​ពេល​កន្លង​ទៅ ក្នុង​ឃ្លាំង​របស់​លោក អាច​លក់​ម៉ូតូ​ចេញ​បាន​ប្រមាណ​៥​គ្រឿងក្នុង​១​ថ្ងៃ ប៉ុន្តែ​សព្វ​ថ្ងៃនេះ អាច​លក់​ចេញ​បាន​តែ​១​គ្រឿង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​៥​ថ្ងៃ ។

លោក​បន្ត​ថា ៖« ការ​ប្រកួតប្រជែង​ពី​ម៉ូតូ​នាំ​ចូល​ថ្មី​ៗ និង​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បាន​ទាក់ទាញ​អ្នកទិញ​ម៉ូតូ​ឲ្យ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​លើ​ផលិតផល​ថ្មី » ។ លោក​បន្ត​ថា ៖« អាជីវកម្ម​របស់​ពួក​យើង​ជា​អាជីវកម្ម​បែប​ប្រពៃណី យើង​គ្មាន​លុយ​សម្រាប់​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដូច​គេ​ទេ » ។

ទោះជា​យ៉ាងណា លោក សុខ ម៉េ​ង ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តកណ្តាល និង​បាន​មក​ទិញ​​ម៉ូតូ​ជជុះ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ដឹក​ទំនិញ បាន​ឲ្យ​ដឹង​ថា ក្នុង​គ្រួសារ​របស់​លោក​នៅ​តែ​ប្រើប្រាស់ និង​ជឿជាក់​លើ​គុណភាព​ម៉ូតូ​ជជុះ​នេះ បន្ទាប់​ពី​លោក​បាន​ប្រើប្រាស់​អស់​​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ឃើញ​ថា ម៉ូតូ​ជជុះ​ពិតជា​មានគុណ​ភាពល្អ ជា​ពិសេស តម្លៃ​ម៉ូតូ​អាច​ទទួលយក​បាន ។

លោក​បន្ត​ថា ៖« លោក​ទុកចិត្ត​ម៉ូតូ​ជជុះ​ថា​មានគុណ​ភាពល្អ​ជាង​ម៉ូតូ​ថ្មី ព្រោះ​វា​ធន់​ក្នុង​ការ​ដឹក​ជញ្ជូន​ធ្ងន់​ៗ និង​ធានា​ការ​ប្រើប្រាស់​បាន​រយៈពេល​យូរ​ផង​ដែរ » ។

យោង​តាម​របាយការណ៍​របស់​អង្គភាព​ចុះបញ្ជី​ទោចក្រយានយន្ត នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៧ ការ​ចុះបញ្ជី​មធ្យោបាយ​យានជំនិះ រួម​មាន ម៉ូតូ ម៉ូតូ​កង់​បី និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក មាន​ចំនួន​ប្រមាណ​១​លាន​៣​សែន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ