ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​ទុ​យ​នី​ស៊ី

5 ឆ្នាំ មុន

ក្រោយ​បាត់​មុខ​អស់​រយៈពេល​១២​ឆ្នាំ​រួច​មក ទុ​យ​នី​ស៊ី ​ក៏​បាន​វិល​មក World Cup សា​ជា​ថ្មី ប៉ុន្តែ​ការ​បោះពួយ​មុន​មក​ដល់​វគ្គ​នេះ ពួក​គេ​នៅ​តែ​មិនសូវ​រឹង​មាំ​ដដែល ។ វា​ជា​ការ​បង្ហាញខ្លួន​លើក​ទី​៥​របស់​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីប​អា​ហ្រិ្វ​កមួយ​នេះ…

ក្រោយ​បាត់​មុខ​អស់​រយៈពេល​១២​ឆ្នាំ​រួច​មក ទុ​យ​នី​ស៊ី ​ក៏​បាន​វិល​មក World Cup សា​ជា​ថ្មី ប៉ុន្តែ​ការ​បោះពួយ​មុន​មក​ដល់​វគ្គ​នេះ ពួក​គេ​នៅ​តែ​មិនសូវ​រឹង​មាំ​ដដែល ។ វា​ជា​ការ​បង្ហាញខ្លួន​លើក​ទី​៥​របស់​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីប​អា​ហ្រិ្វ​កមួយ​នេះ ចាប់តាំងពី​ពួក​គេ​ចូលរួម​ប្រកួត​លើក​ដំបូង​នៅ​ឆ្នាំ​១៩៧៨ តែ​ខកខាន​វិញ​អស់​ជា​ច្រើន​រដូវ​កាល​រហូត​ដល់​ឆ្នាំ​១៩៩៨, ២០០២ និង​២០០៦ ។

ទោះជា​យ៉ាងណា វត្តមាន​ទាំង​៤​លើក​កន្លង​មកនេះ ទុ​យ​នី​ស៊ី​ពុំ​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​ទេ ។ បច្ចុប្បន្ន ទុ​យ​នី​ស៊ី​កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១៤ ក្នុង​តារាង FIFA ដែល​នេះ​បញ្ជាក់​ថា សមត្ថភាព និង​ទម្រង់​លេង​របស់​ពួក​គេ​មានការ​រីក​ចម្រើន​ខ្លាំង​ជាង​មុន ស្រប​ពេល​ដែល​ការ​ប្រកួត​ជម្រុះ​បឋម​ក្នុង​តំបន់​កន្លង ទៅ ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ និង​ស្ថិត​នៅ​កំពូល​តារាង​ទៀត​ផង ។

ក្តី​រំពឹង ៖ ក្រុម​ជម្រើសជាតិ​ទុ​យ​នី​ស៊ី ពុំ​មាន​កីឡាករ​ណា​ម្នាក់​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​កម្លាំង​សាមគ្គីភាព​របស់​កូនក្រុម​នីមួយ​ៗ គឺជា​ទ័ពស្រួច​ដ៏​គ្រោះថ្នាក់​សម្រាប់​គូប្រកួត ។ ពួក​គេ​មិន​រំពឹង​ថា​នឹង​អាច​ឆ្លង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ ប៉ុន្តែ​ប្រសិនបើ​មានឱកាស​លេង​នៅ​វគ្គ​១៦​ក្រុម វា​គឺជា​ជ័យជម្នះ​ដ៏​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ ។ នៅ​ពូ​ល​G វគ្គ​ចែក​ពូ​ល​៣២​ក្រុម​នេះ ទុ​យ​នី​ស៊ី​ហាក់​កំពុង​ស្ថិត​នៅ​ពូ​លមរណៈ​នៃ​កំណត់​ត្រា​ចាស់​ដដែល ដោយសារ​តែ​ត្រូវ​ប្រឈម​ជាមួយ​អង់គ្លេស បែ​ល​ហ្ស៊ិ​ក និង​ប៉ា​ណា​ម៉ា ។

គ្រូ​បង្វឹក ៖ ក្រោយ​សម្លឹង​ឃើញ​សមត្ថភាព​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​លោក ​Nabil Maaloul រួច​មក ទុ​យ​នី​ស៊ី​ក៏​សម្រេច​ជ្រើសតាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​ខ្លួន​កាលពី​ឆ្នាំ​២០១៧ ។ ក្រោម​ចំណាត់ការ​គ្រូបង្វឹក​វ័យ​៥៥​ឆ្នាំ​រូប​នេះ ទុ​យ​នី​ស៊ី​ក៏​មាន​កៅអី​លេង World Cup ជា​ថ្មី​ម្តងទៀត ។ លោក Nabil Maaloul ទើបតែ​បាន​ដឹកនាំ​ទុ​យ​នី​ស៊ី​តែ​៧​លើក​ប៉ុណ្ណោះ ដោយ​ឈ្នះ​៥​ប្រកួត និង​ស្មើ​២​ប្រកួត ។

កីឡាករ​ Super Star​ ប្រចាំ​ក្រុម ៖ ខ្សែបម្រើ​ប្រយុទ្ធ Youssef Msakni បាន​ដើរតួ​យ៉ាង​សំខាន់​អំឡុង​ប្រកួត​ជម្រុះ​នា​ពេល​កន្លង​មក ។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ក៏​ជា​អ្នក​ស៊ុត​៣​គ្រាប់ម្នាក់​ឯង​ក្នុង​ជំនួប​ក្រៅ​ផ្ទះ​ប៉ះ​ហ្គី​ណេ​ផង​ដែរ ដែលជួយ​ទុ​យ​នី​ស៊ី​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះក្នុង​​តំបន់ ។ វត្ត​មាននៅ​ក្រុម​ជម្រើសជាតិ​៤៧​ប្រកួត​ចាប់តាំងពី​ឆ្នាំ​២០១០​មក Youssef Msakni ស៊ុត​បាន​៩​គ្រាប់ ខណៈ​បង្ហាញខ្លួន​២២​លើក​នៅ​ក្លិប Al-Duhail ស៊ុត​បាន​២៥​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប(​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ ប្រធាន​ក្រុម Aymen Mathlouthi (Al-Batin), Ben Cherifia (Espérance), Ben Mustapha (Al-Shabab), Mouez Hassen (Châteauroux) ។

-​ខ្សែការពារ ៖ Ali Maâloul (Al Ahly),
Ben Youssef (Kasımpaşa), Khalil Chemmam (Espérance), Yassine Meriah (Sfaxien), Hamdi Nagguez (Zamalek), Rami Bedoui (Étoile du Sahel), Oussama Haddadi (Dijon), Bilel Mohsni (Dundee United), Dylan Bronn (Gent), Benalouane (Leicester) ។

-​ខ្សែបម្រើ ៖ Wahbi Khazri (Rennes), Amine Ben Amor (Al-Ahli), Naïm Sliti (Dijon), Mohamed Larbi (Tour), Eddine Khaoui (Troyes), Ellyes Skhiri (Montpellier), Bassem Srarfi (Nice), Karim Laribi (Cesena) ។

-​ខ្សែប្រយុទ្ធ ៖ Youssef Msakni (Al-Duhail ), Saber Khalifa (Club Africain), Ben Youssef (Al-Ettifaq), Ahmed Akaïchi (Al-Ittihad), Anice Badri (Espérance) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ