ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះក្រោយពីមន្ត្រីនគរបាលបានបញ្ជូនយុវជន៤នាក់ក្នុងចំណោម៥នាក់ទៅតុលាការខេត្តកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ពាក់ព័ន្ធនឹងបណ្តឹងរបស់កុមារ២នាក់ចោទថា ពួកគេទៅរករឿងវាយដំរហូតដល់រងរបួស ។ ក្រោយមកលោក ធូ ភា អភិបាលរងខេត្តបានចេញមកជួបជាមួយម្តាយក្មេងទាំងនោះដើម្បីជួយរកដំណោះស្រាយ ។
សូមបញ្ជាក់ថា ជនសង្ស័យ៤នាក់ក្នុងចំណោម៥នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ខណៈឪពុកម្តាយក្មេង២នាក់ចោទប្រកាន់ថា ដើរបង្ករឿង និងវាយដំទៅលើកូនៗរបស់ពួកគេបណ្តាលឱ្យរងរបួស និងគំរាមមិនឱ្យប្តឹង ។ លុះឪពុកម្តាយពិនិត្យលើខ្លួនកូនពួកគេមានស្នាមរបួសក៏ប្តឹងឱ្យនគរបាលចាប់ឃាត់ខ្លួនតែម្តង ។ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមសម្តីរបស់ស្ត្រីឈ្មោះ ឆឹង សុវណ្ណារី អាយុ៣២ឆ្នាំ បានឱ្យដឹងថា គាត់សុំឱ្យអាជ្ញាធរខេត្តជួយរកយុត្តិធម៌ជូនកូនប្រុសរបស់ខ្លួនដែលគេចោទប្រកាន់ថា បាននាំគ្នាទៅវាយកូនតូចប្រុសស្រីរបស់គេតាមពិតក្មេងនោះគ្មានរបួសស្នាមទេ ហើយកូនៗរបស់គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់រហូតដល់ចាប់កូនរបស់គាត់យកទៅដាក់ពន្ធនាគារថែមទៀត ។
ចំណែកស្ត្រីម្នាក់ឈ្មោះ ទី ទុំ អាយុ៥០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនឈ្មោះ ម៉ក់ ករុណា អាយុ១៣ឆ្នាំ បានរៀបរាប់ឱ្យដឹងថា កូនរបស់គាត់ពិតជាមិនបានវាយទៅលើក្មេងប្រុសស្រីទាំង២នាក់ខាងលើបណ្តាលឱ្យរងរបួសដូចការប្តឹងចោទប្រកាន់របស់ពួកគេនោះទេ ។ ម្យ៉ាងវិញទៀតកូនប្រុសរបស់គាត់មិនទាន់គ្រប់អាយុត្រូវជាប់ពន្ធនាគារនោះទេ តែបែរជាគេបញ្ជូនកូនរបស់ខ្លួនទៅទីនោះវិញ ។
ចំណែកលោក ធូ ភា អភិបាលរងខេត្តប៉ៃលិនបានឱ្យដឹងថា តុលាការគឺជាស្ថាប័នឯករាជ្យខាងខេត្តមិនអាចលូកដៃបាននោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្នុងនាមអាជ្ញាធរខេត្ត នៅតែរកវិធីដើម្បីជួបជាមួយខាងតុលាការ ដើម្បីរកហេតុផលសម្រាប់ជួយដល់កូនៗរបស់ពួកគាត់ បើសិនជាពិនិត្យឃើញថា អត់មានទោស នោះគេនឹងដោះលែងវិញ តែបើសិនជាក្មេងៗទាំងនោះខុស ច្បាប់នោះនឹងចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ