រាជធានីភ្នំពេញ ៖ ជំងឺនាពេលបច្ចុប្បន្នដែលគួរឲ្យព្រួយបាម្ភខ្លាំងជាងគេ គឺជំងឺទឹកនោមផ្អែម លើសឈាម ដែលបណ្តាលឲ្យមនុស្សយើងដាច់សរសៃរឈាមខួរក្បាល ហើយមួយទៀត គឺគ្រោះថ្នាក់ចរាចរណ៍ក៏មិនតិចទេ ដែលបានចូលមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការពារ ហើយកុំភ្លេចមកមន្ទីរពេទ្យពិនិត្យសុខភាពយ៉ាងតិចមួយខែម្តង ឬបីខែម្តង ។

នេះជាប្រសាសន៍លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតមានប្រសាសន៍ក្នុងឱកាសដែលលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ទៀតថា បញ្ហាជំងឺលើសឈាម និងទឹកនោមផ្អែម បញ្ហាពីរនេះ បណ្តាលឲ្យមនុស្សយើងដាច់សរសៃរឈាមខួរក្បាល ឬក៏ស្ទះសរសៃរឈាមក្នុងខួរក្បាល វាមិនមែនដូចគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិច ប៉ុន្តែពីខាងក្នុងសេរីរាង្គនេះក៏ធ្ងន់ដែរ គឺបណ្តាលឲ្យស្លាប់ ឬពិការភាពស្លាប់មួយចំហៀងខ្លួន ពេលខ្លះមិនអាចសង្គ្រោះបាន ។ ហើយបញ្ហាលើសឈាមពេលដែលបណ្តាលឲ្យស្ទះសរសៃរឈាមបេះដូង ដែលគេតែងតែហៅថា ខ្យល់គរ ដោយសារតែជាតិខ្លាញ់វាកកក្នុងសរសៃរឈាមបេះដូងនេះឯង បញ្ហាមួយទៀត គឺជំងឺទឹកនោមផ្អែមតែការណាមានជំងឺទឹកនោមផ្អែម និងមានជំងឺលើសឈាម ហើយ គឺជាមរតកមិនល្អសម្រាប់សុខភាពមនុស្ស ។

បើយើងមានជំងឺទាំងពីរនេះនៅក្នុងខ្លួន វាអាចឲ្យដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃរឈាមខួរក្បាលនៅមានបញ្ហាមួយទៀត ជំងឺរលាកថ្លើមដែលប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាមកពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត នាពេលបច្ចុប្បន្នដែលមន្ទីរកាល់ម៉ែតបំពាក់បច្ចេកទេសខ្ពស់ ក្នុងការព្យាបាលទាំងបច្ចេកទេស និងសម្ភារទំនើបៗ ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវពិនិត្យសុខភាពក្នុង១ខែម្តង ឬបីខែម្តង ដើម្បីបង្ការការកើតជំងឺលើសឈាម និងទឹកនោមផ្អែម ព្រោះជំងឺពីរមុខនេះ វាបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងណាស់ ។ ជាមួយគ្នានេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នបានកើតឡើងច្រើនគួរឲ្យព្រួយបារម្ភ ហើយមន្ទីរពេទ្យកាល់ម៉ែតទទួលព្យាបាលអ្នកគ្រោះថ្នាក់ចរាចរណ៍ស្ទើររាល់ថ្ងៃតែម្តង ។

ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋបានមកទទួលសេវា ពិនិត្យ និងព្យាបាលរបស់មន្ទីរពេទ្យកាល់ម៉ែតជាច្រើននាក់ ដែលអាចបញ្ជាក់ពីកម្រិតនៃបច្ចេកទេសខ្ពស់ ក្នុងការព្យាបាលទាំងបច្ចេកទេស និងសម្ភារទំនើបៗ នៅក្នុងប្រទេសកម្ពុជា ។

លោករដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹងនាំមន្ត្រីបុគ្គលិក របស់មន្ទីរពេទ្យកាល់ម៉ែតក៏ដូចជា មន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេសដែលបានបំពេញភារកិច្ចក្នុងការបម្រើជូនប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត ក្នុងការព្យាបាល លោកក៏បានជម្រុញឲ្យក្រុមគ្រូពេទ្យទាំងអស់បន្តយកចិត្តទុកដាក់ ពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺឲ្យបានល្អបន្ថែមទៀត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈពេទ្យឲ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ