ខេត្តព្រះវិហារ ៖ នៅសាលាខេត្តព្រះវិហារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ មានប្រារព្វខួបទី១១ ទិវាអតីតយុទ្ធជនកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មេដាយ ជូនដល់អតីតយុទ្ធជនខេត្តព្រះវិហារ ជាង៥០០នាក់ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍សមាគម អតីតយុទ្ធជនកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានចូលរួមប្រមាណជាង៧០០នាក់ ។ 
នាឱកាសនោះ លោកឧត្តម សេនីយ៍ទោ ចាន់ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តព្រះវិហារ និងជាប្រធានសមាគមអតីត យុទ្ធជនខេត្តព្រះវិហារ បានឡើងអានរបាយការណ៍ជាច្រើនទាក់ទិនទៅនឹង ស្ថានភាព ជីវភាព នៃការរស់នៅរបស់អតីតយុទ្ធជនទាំងអស់ និងបានលើកឡើងពីការចាំបាច់ នឹងកំពុងធ្វើការដោះស្រាយនូវការលំបាកទាំងអស់នោះ ដូចជា ដីធ្លី ផ្ទះសម្បែងជាដើម ជូនដល់ អតីតយុទ្ធជនទាំងអស់ឲ្យបានគ្រប់ៗគ្នា ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏បានមានប្រសាសន៍ថា ដើម្បីជួយសម្រួល ដល់ទុក្ខលំបាក ក្នុងការគាំពារ នូវសុវត្ថិភាព និងការរស់នៅរបស់អតីតយុទ្ធជនទាំងអស់នៅក្នុងខេត្តព្រះវិហារ អាជ្ញាធរខេត្តព្រះវិហារ និងសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ កំពុងរៀបចំ ទីតាំង ដីសម្បទានទំហំ២ពាន់ហិកតា សម្រាប់ទុកបែងចែកជូនដល់អតីតយុទ្ធជនណាដែលជួបការលំបាក គ្មានផ្ទះសម្បែង គ្មានដីធ្វើកសិកម្ម ជាដើម ក្នុងគោលបំណង លើកកម្ពស់ដល់ អតីតយុទ្ធជនទាំងអស់ មានលទ្ធភាពរស់នៅ និងប្រកបរបរកសិកម្ម ចិញ្ចឹមជីវិតទៅតាម លទ្ធភាពដែលអាចធ្វើបាន ។
នាឱកាសនោះនាយឧត្តម សេនីយ៍ មាស សុភា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់អតីតយុទ្ធជនទាំងអស់ពីសំណាក់សម្តេចតេជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជន ព្រមទាំង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនទាំងអស់ ដែលកន្លងទៅបានលះបង់កម្លាំងកាយចិត្តជួយជាតិមាតុភូមិ រហូត មកដល់ពេលនេះប្រទេសមានសន្តិភាពពេញលេញ ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ក៏បាន អំពាវនាវឲ្យ អតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលរដូវវស្សានេះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ក្រៅពីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិ
បាល ។
តាមរបាយការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារបង្ហាញថា សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ មានចំនួន១៦២៦នាក់ ៕
ចែករំលែកព័តមាននេះ