រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជាងដាប់ស្បែក និងជាអ្នកសំដែងល្ខោនខោលម្នាក់ សង្ស័យខ្យល់គ ដេករឹងដៃរឹងជើងស្លាប់នៅក្នុងសមាគមសិល្បៈសុវណ្ណភូមិ ស្ថិតនៅផ្ទះលេខ១៦៦ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈួន សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងដាប់ស្បែក និងអ្នកសម្តែងល្ខោនខោល ស្នាក់កន្លែងកើតហេតុ ផ្ទះ១៦៦ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើត ភូមិព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមសម្តីសាក្សីស្នាក់នៅផ្ទះកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គាត់ និងជនរងគ្រោះបានចូលដេកជាមួយគ្នាដូចសព្វដង ខណៈមកដល់វេលាកើតហេតុ ក៏ស្រាប់តែជនរងគ្រោះមានអាការៈដូចជាឡើងស្លេស្មខុសប្រក្រតី ដោយឃើញសភាពបែបនេះ គាត់បានស្រែក និងជួយដាស់ជនរងគ្រោះឱ្យភ្ញាក់ដឹងខ្លួន តែជនរងគ្រោះមិនខ្លួនសោះ ដូច្នេះហើយទើបគាត់បានរត់ចេញមកក្រៅស្រែកឱ្យគេជួយ និងហៅរថយន្តសង្គ្រោះអោយមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យ តែភ្លាមៗនោះដែរ រថយន្តសង្គ្រោះបានមកដល់ដើម្បីដឹកជនរងគ្រោះយកទៅសង្គ្រោះ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះបានមកស្នាក់នៅក្នុងសមាគមន៍សិល្បៈសុវណ្ណភូមិនេះជាយូរឆ្នាំមកហើយ ។ បន្ទាប់ពីដឹងថា ជនរងគ្រោះបានស្លាប់ ពួកគាត់បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយមកពិនិត្យកន្លែងកើតហេតុ ពេលដែលសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ បានសាកសួរពីដំណើររឿងកើតហេតុ និងបានយកខ្សែពទ្ធ័កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅខាងជំនាញកោសលវិច័យអោយចុះមកពិនិត្យសព ដើម្បីឱ្យដឹងថាជាករណីអ្វីអោយពិតប្រាកដ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងសង្ស័យថា ខ្យល់គស្លាប់ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ