រាជធានីភ្នំពេញ ៖ ពិតជាធ្វើឱ្យកាន់តែខ្លាចខ្លាំងឡើងៗលើករណីរំលោភសម្លាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ននេះ ។

ជាក់ស្តែង កុមារីអាយុ៤ឆ្នាំម្នាក់ខណៈនាងកំពុងតែរត់ងូតទឹកភ្លៀងលេង ស្រាប់តែត្រូវជនសង្ស័យជាជនជាតិវៀតណាម ចាប់នាងយកទៅរំលោភរហូតស្លាប់ ហើយយកសពទៅដាក់ក្នុងពាងទឹក ក្រោយមក ត្រូវបានឪពុកម្តាយដើរប្រទះឃើញ ក៏ស្រែកឆោឡោផ្អើល កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ ឧសភា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចម្តុំគីឡូលេខ៧ (ផ្ទះឈើមាត់ច្រាំងទន្លេ) ក្នុងភូមិកសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ប៉ុន្តែជនសង្ស័យត្រូវឃាត់ខ្លួនបានផងដែរ ។ ក្មេងស្រីរងគ្រោះអាយុ៤ឆ្នាំ មានឪពុកឈ្មោះខា ហូល អាយុ៣២ឆ្នាំ និងម្តាយឈ្មោះចាន់ ធីជី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក សង្កាត់ច្រាំងចំរះ២ ខណ្ឌប្ញស្សីកែវ ។ ចំណែកជនសង្ស័យឈ្មោះង្វៀង យ៉ាំង យី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះគ្មានលេខ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ។

ប្រភពឱ្យដឹងថា ឪពុកម្តាយក្មេងស្រីរងគ្រោះរៀបរាប់ទឹកភ្នែកថា គាត់មានកូន៤នាក់ (ស្រី៣ និងងកូនប្រុស១) ។ កូនស្រីដែលស្លាប់ជាកូនស្រីទី២ មានអាយុ៤ឆ្នាំ នៅរៀនសាលាមត្តេយ្យ ។ នៅមុនពេលកើតហេតុម៉ោង៥ ជិត៦ព្រលប់ កូនស្រីគាត់បានចេញពីរៀន រួចក៏នាំគ្នាហូបបាយជុំគ្នារហូតដល់ម៉ោងជាង៦ល្ងាច មេឃក៏ភ្លៀង ។ កូនស្រីទី២គាត់ បានចេញទៅងូតទឹកភ្លៀងលេងនៅខាងក្រៅផ្ទះបាត់ រហូតដល់ម៉ោង៨យប់ ទើបឪពុកដើររកជុំវិញភូមិ ស្រាប់តែរកឃើញកូនដេកស្លាប់ហូរឈាមនៅក្នុងពាងអត់ទឹកនៅមុខផ្ទះ ទុកចោលមួយទាំងខ្លួនប្រាណននលគោកទៀតផង ។ ភ្លាមនោះ គាត់បានស្រែកឆោឡោផ្អើលទៅដល់អ្នកភូមិ រួមនិងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជុំវិញកន្លែងកើតហេតុ តែឪពុកម្តាយរបស់ជនរងគ្រោះមិនអស់ចិត្ត បានបញ្ចូនកូនស្រីយកទៅព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ ពេលទៅដល់ពេទ្យគ្រូពេទ្យបានប្រាប់ថាស្លាប់ហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌឬស្សីកែវបានធ្វើការស្រាវជ្រាវដឹងថា ជាករណីរំលោភ រហូតដល់ស្លាប់សមត្ថកិច្ចបានរុករកជនសង្ស័យ អស់រយៈពេលជិត៣ម៉ោង ទើបរកឃើញជនសង្ស័យដែលធ្វើសកម្មភាពរួចបានរត់ទៅសម្ងំក្នុងទន្លេដល់ពេលឡើងមកវិញ នៅផ្លូវជាតិលេខ៥ក្បែរផ្សារច្រាំងចំរេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។



ចែករំលែកព័តមាននេះ