ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំត្បែង និងឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជិត៣០០គ្រួសារ រំភើបរីករាយយ៉ាងខ្លាំង ដោយទទួលបានអណ្តូងទឹកស្អាតចំនួន១០ ពីមូលនីធិអណ្តូងទឹកស្អាតរបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ដែលដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រប្រសារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមការងារមួយចំនួនទៀត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីប្រគល់អណ្តូងទាំងនេះលោកស្រី ប្រធានមូលនីធិបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខភាពប្រជាពលរដ្ឋរស់នៅតាមទីជនបទឆ្ងាយពីប្រភពទឹកស្អាត សម្តេចទាំងពីរបានចាត់ឲ្យក្រុមការងាមូលនីធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង និង លោកយាយ ឌី ប៉ុកធ្វើអណ្តូងជួនប្រជាពលរដ្ឋប្រើប្រាស់គ្រប់២៥ខេត្ត-ក្រុងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកស្រីបន្តថា គម្រោងមូលនីធិរបស់លោកតា ហ៊ុន នាង និងលោកយាយឌី ប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោហ៊ុន សែន ធ្វើអណ្តូងជួនប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួន១ពាន់អណ្តូង ហើយរយៈពេល៥ឆ្នាំមកនេះ ក្រុមការងារខួងរួចរាល់បានចំនួន៤៧៧អណ្តូងហើយ និងអណ្តូងដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានចំនួន៣៧៦អណ្តូង ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលក្នុងជីវភាពប្រចាំថ្ងៃ ។

ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់បានសំដែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាវជ្រៅ ចំពោះម្ចាស់អណ្តូង ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការផ្សេងៗទៀត នៅពេលដែលពលរដ្ឋជួបការលំបាក ខ្វះខាតដោយគ្មានការរើសអើងអ្វីឡើយ ។ ក្នុងឱកាសនៃពិធីប្រគល់អណ្តូងទឹកនេះ ដោយមានការស្នើសុំបន្ថែមពីប្រជាពលរដ្ឋនៅក្នុងឃុំទាំង២ខាងលើ លោកជំទាវ ប្រធានក៏បានឲ្យក្រុមការងារធ្វើអណ្តូងចំនួន២៤បន្ថែមទៀត និងជួយជួសជុលផ្លូវ២ខ្សែទៀត ក្រាលគ្រួសក្រហមនៅក្នុងភូមិ ដោយថវិកាផ្ទាល់របស់លោកស្រី ។

ឆ្លៀតក្នុងឱកាសប្រគល់អណ្ដូងនេះដែរ លោកជំទាវប្រធានមូនីធិក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ មកពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ សម្រាប់ពលរដ្ឋណាដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗដោយមិនគិតថ្លៃ ។ លើសពីនោះបើមានសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញជួន ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។
សូមបញ្ជាក់ថា ការប្រគល់អណ្តូងទឹកនេះ គឺបង្ហាញសកម្មភាពមនុស្សធម៌របស់មូលនីធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ