រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២៩ ឧសភា បានធ្វើការបញ្ជូនមន្ត្រីនគរបាលខណ្ឌម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់គំរាមសន្តិសុខឯកជន ។ មន្ត្រីនគរបាលជាតិរូបនេះ ឈ្មោះ ផន សុផល អាយុ៣៣ឆ្នាំ បម្រើការងារនៅខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ១៤៤AE1 ផ្លូវលេខ៥៩៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ។ ដើមបណ្ដឹងក្នុងរឿងក្ដីនេះ ឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ ជាសន្តិសុខ ស្នាក់នៅតូបលេខ៤៥ ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាសន្តិសុខផ្សារផ្លាហ្សា ។
សំណុំរឿងព្រះរាជអាជ្ញាអមតុលាការកំពុងសាកសួរនៅឡើយ ។ ទាក់ទិននិងករណីប្រើកាំភ្លើងបាញ់គំរាមនេះ សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី ២៦ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៤រសៀល ឈ្មោះអន សារី បានជិះម៉ូតូដឹកកូនស្រីអាយុ៣ឆ្នាំម្នាក់ ដើរមើលក្នុងផ្សារ លុះមកដល់មុខតូបលេខ៧១៩០ ក៏បានជួបឈ្មោះផន សុផល ជិៈម៉ូតូពាក់ផ្លាកលេខនគរបាល ហើយឈ្មោះផន សុផល បានដកកាំភ្លើងខ្លីម៉ាកK54 បាញ់តម្រង់ជើងខ្លួនមួយគ្រាប់ តែមិនផ្ទុះ បន្ទាប់មកក៏បាញ់មួយគ្រាប់ទៀតឡើងលើ ហើយក៏ជិៈម៉ូតូគេចខ្លួនបាត់ទៅ ។
ប្រភពឱ្យដឹងទៀតថា រហូតដល់ថ្ងៃទី២៧ ឧសភា នគរបាលខណ្ឌដូនពេញ សហការជាមួយនគរបាលខណ្ឌព្រែកព្នៅ បានចុះទៅនាំខ្លួនឈ្មោះផន សុផល ជាមួយនិងកាំភ្លើងខ្លីម៉ាកK54 េខ ៩១៩២ បញ្ជូនមកនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូង ។

ចែករំលែកព័តមាននេះ