រាជធានីភ្នំពេញ ៖ កម្មការិនីចំនួន១១៤នាក់ និងកម្មករ៣នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរយីហោ «ស្តារីត» (QMI)បានពុលក្នុងអាការវិលមុខ ថប់ដង្ហើម ក្អួតចង្អោរ រួចបានទន់ដៃទន់ជើងដួលសន្លប់ ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ បន្ទាប់មកត្រូវបានខាងតំណាងរោងចក្របញ្ជូនទៅកាន់មន្ទីរបង្អែកស្រុកអង្គស្នួល និងគ្លីនិកឯកជនមួយចំនួនទៀតដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។ ហេតុការណ៍នោះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ឧសភា នៅក្នុងរោងចក្រកាត់ដេរយីហោ«ស្តារីត» (QMI) មានទីតាំងស្ថិតនៅក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កម្មករកម្មការិនីដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរខាងលើ មានចំនួនសរុប៧០០នាក់ ក្នុងនោះស្រីចំនួន៥៩៥នាក់ ។ ដោយឡែក នៅថ្ងៃកើតហេតុពួកគេបានចាប់ផ្ដើមចូលធ្វើការងារនៅវេលាម៉ោង៧ព្រឹកដូចធម្មតា ហើយក្រោយមកស្រាប់តែមានអាការវិលមុខ ថប់ដង្ហើមរកកលក្អួតចង្អោរ និងទន់ដៃទន់ជើងរួចក៏បានដួលសន្លប់ជាបន្តបន្ទាប់តែម្ដង ។ អ្នកដួលសន្លប់ខាងលើមានចំនួន១១៧នាក់ ក្នុងនោះប្រុស៣នាក់ និងស្រីចំនួន១១៤នាក់ ហើយពួកគេត្រូវបានតំណាងរោងចក្រកាត់ដេរមួយនេះ បញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកអង្គស្នួល និងគ្លីនិកឯកជនមួយចំនួនដើម្បីសង្គ្រោះបន្ទាន់ ។ សមត្ថកិច្ចដែលចុះទៅជួយបានទាំងលើកបីអ្នកសន្លប់មកដាក់ក្នុងរថយន្តសង្រេ្គោះផងដែរ ។

ប្រភពដដែលបានបន្តទៀតថា ក្នុងពេលកំពុងមានការជ្រួលច្របល់នោះ តំណាងរោងចក្រនៅតែឱ្យកម្មករដែលរឹងមាំមិនមានបញ្ហាធ្វើការទៀត ប៉ុន្តែខណៈនោះមិនមានកម្មករណាបន្តការងាររបស់ខ្លួនឡើយ ព្រោះកំពុងមានការភិតភ័យ ម្យ៉ាងការធុំក្លិនជាតិថ្នាំ ម្យ៉ាងពិបាកទ្រាំនិងពិបាកក្នុងការដកដង្ហើមនៅតែសាយភាយដដែល ។ កម្មករនិយាយថា ក្លិនថ្នាំនេះធ្វើឱ្យខះបំពង់ក និងខះកន្លើតរហូតលេបទឹកមាត់មានជាតិល្វីង ។ បន្ទាប់មកពួកគេបាននាំគ្នារត់ចេញពីរោងចក្រមកក្រៅ ចំណែកអ្នកដែលមានផ្ទះស្ថិតនៅឆ្ងាយក៏បានជិះរថយន្តឬម៉ូតូត្រឡប់ទៅផ្ទះ វិញ ។ រីឯអ្នកដែលជួលផ្ទះស្នាក់នៅក្បែរៗនោះបាននាំគ្នាដើរទៅផ្ទះរៀងៗខ្លួនដែរ ។ឃើញបែបនេះរោងចក្របានបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្នតែម្ដង ។ នគរបាលបានឱ្យដឹងថា ក្រោយពេលកើតមានហេតុការណ៍បែបនេះ ក៏បានចុះទៅកាន់ទៅនោះភ្លាមៗ ហើយបានបើកការស្រាវជ្រាវរកឃើញថា ការដួលសន្លប់នោះបណ្ដាលមកពីក្លិនថ្នាំបាញ់ច្រេះដែក ដែលបានភាយចេញពីរោងចក្រមួយទៀត យីហោ«វេមហ្វលេឌើ»ដែលមានទីតាំងស្ថិតនៅជាប់របងគ្នានោះដែរ ។

ប្រភពខាងលើបានបន្តទៀតថា កម្លាំងនគរបាលស្រុកអង្គស្នួលបានចូលទៅកាន់រោងចក្រ វេមហ្វលេឌើនោះ ហើយបានសួរនាំទើបដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ មានបុរសជនជាតិចិនម្នាក់ឈ្មោះ មីម៉ឺង យូ អាយុ៥៩ឆ្នាំ ជាមេជាងប្រចាំរោងចក្រនេះ បានប្រើកម្មករឱ្យយកថ្នាំច្រេះប្រភេទ(MINGFENGPAI)ទៅបាញ់លើកៅអីដែកការពារកុំឱ្យច្រេះ ។ បន្ទាប់មកបណ្ដាលឱ្យក្លិនថ្នាំនេះភាយចេញពីរោងចក្រខាងលើ ចូលទៅក្នុងរោងចក្រស្ដារីតដែលនៅជាប់គ្នា ទើបធ្វើឱ្យកម្មករ កម្មការិនីពុលដួលសន្លប់បែបនេះតែម្ដង ៕

ចែករំលែកព័តមាននេះ