ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ម កែវ​ដា ប្រើ​អស់យុទ្ធ​សាស្ត្រ​រកជ័យជម្នះ​អត់​ឃើញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ការ​ប្រកួត​រវាង​កីឡាករ ឌុ​ម កែវដា និង​កីឡាករ​ថៃ កាលពី​ថ្ងៃអាទិត្យ​ថ្ងៃ​ទី​២៧ ឧសភា បាន​ធ្វើ​ឱ្យ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កក្រើក​ខ្លាំង​មិនធម្មតា…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ការ​ប្រកួត​រវាង​កីឡាករ ឌុ​ម កែវដា និង​កីឡាករ​ថៃ កាលពី​ថ្ងៃអាទិត្យ​ថ្ងៃ​ទី​២៧ ឧសភា បាន​ធ្វើ​ឱ្យ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កក្រើក​ខ្លាំង​មិនធម្មតា ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា មិន​អាច​​រក​ឃើញ​ពិន្ទុនាំមុខ​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​មានវិជ្ជា​គុន​ខ្លាំង​មិនធម្មតា​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ ឌុ​ម កែវ​ដា ត្រូវ​គេ​កត់​សម្គាល់ថា​មាន​ជំនឿ​ចិត្តខ្លាំង​ថា​នឹង​ឈ្នះ​កីឡាករ​ថៃ​Pha Yaklek​ប៉ុន្តែ​មិន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​ព្រោះ​គ្រាន់តែ​បើក​ឆាក​ក្នុង​ទឹក​ទី​១​ភ្លាម ក៏​ត្រូវ​កីឡាករ​ថៃ​វាយ​ត្រូវ​ផ្ទួន​ៗធ្វើ​ឱ្យ​គ្រូបង្វឹក និង​អ្នក​ឱ្យ​ទឹក​សម្ដែង​ការ​ខកចិត្ត ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ថៃ​កាន់តែ​វាយ​សម្រុក​បាន​ល្អ​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ចង់​ទាល់​ទី​ម្ដង​ៗ ។ ក្នុង​ទឹក​ទី​២ កីឡាករ​កម្ពុជា​បាន​កែ​ស្ថានការណ៍​ប្រកួត​របស់​ខ្លួន​​ដោយ​​​ចាប់ផ្ដើម​វាយបំ​បុក​កីឡាករ​ថៃ​វិញ​ម្ដង បើ​ទោះជា​ឱកាស​វាយលុក​នៅ​ក្នុង​ពេល​នោះ មិន​ទាន់​មាន​ប្រៀប​ខ្លាំងក្លា​ក្ដី ។ ក្នុង​ទឹក​ទី​៣ កីឡាករ​កម្ពុជា​ហាក់​បញ្ចេញថ្វីដៃ​កាន់​តែ​ល្អ ដោយ​កណ្ដាប់ដៃ​ក្នុង​ការ​វាយលុក ក៏​ត្រូវ​គោលដៅ ហើយ​ការ​ប្រើ​ជើង​ទាត់​លើ​ក្រោម​​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ពិបាក​ក្នុង​ការ​វាយលុក ។

ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​កាន់តែ​ក្ដៅ​គគុក​នៅ​លើ​សង្វៀន ដោយ​អ្នកគាំទ្រ​យ៉ាង​ហោច​២​ភាគ​៣​បាន​បង្ហាញ​ការ​អបអរ​យ៉ាង​ខ្លាំង​ក្នុង​ពេល​កីឡាករ​ថៃ​ក៏​បញ្ចេញថ្វីដៃ​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​វាយ​វិញ​មិន​ដក​ដៃ ។ ក្នុង​ទឹក​ទី​៤ កីឡាករ​ថៃ​ត្រូវ​គេ​កត់​សម្គាល់ថា​វាយ​កែង​បាន​ល្អ ប៉ុន្តែ​កីឡាករ​កម្ពុជា​ក៏​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​វាយ​កែង និង​ម៉ាត់ ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​កាន់តែ​ជក់​ចិត្ត ។ ក្នុង​ទឹក​ទី​៥ កីឡាករ​កម្ពុជា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ការ​វាយលុក​ទៅ​លើ​គូប្រកួត​មិន​ដក​ដៃ​ទោះបី​ទទួល​ការ​វាយ​បក​វិញ​យ៉ាង​ចាស់ដៃ​ពី​កីឡាករ​ថៃ​ក៏​គេ​មិន​ញញើត​សូ​ម្បី​តែ​បន្តិច​។ ទោះបី​យ៉ាងណា កីឡាករ​កម្ពុជា​មិន​អាច​ធ្វើ​ឱ្យ​កីឡា​ករ​ថៃ​បាក់មុខ​បាន​ទេ ដោយសារ​តែលទ្ធផល​ចុង​ក្រោយ​បាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​ទោះបីជា​ជំនួប​លើក​ដំបូង​ក៏​នៅ​តែ​ល្អ​មើល​តាំងពី​ដើម​ដល់​ចប់ ។ លោក​ថា មួយគូ​នេះ បើ​មើល​មួយ​ភ្លែត កីឡាករ ឌុ​ម កែវ​ដា សម​នឹង​ឈ្នះ​ច្រើន​ជាង ដោយសារ​តែ​គេ​វាយ​ត្រូវ​បាន​ច្រើន ហើយ​ការ​ប្រឹងប្រែង​ក៏​ឃើញ​ថា​ខ្លាំង​មិនធម្មតា ។ ប៉ុន្តែ​លោក​ថា កីឡាករ​ថៃ​ក៏​ខ្លាំង​ណាស់​ដែរ​ដ្បិតថា​វាយ​ចេញ​​បាន​តិច និង​មិនសូវ​សម្រុក​ខ្លាំង ប៉ុន្តែ​មួយ​ដៃ​មួយ​ជើង​របស់​កីឡាករ​ថៃ​ដែល​គេ​វាយ​ចេញ​ត្រូវ​ចំ​គោលដៅ​ល្អ​ជាង ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​បាន​ត្រឹម​ស្មើគ្នា ។ លោក​ថា លទ្ធផល​ស្មើ​ខ្លះ ក៏​ជា​រឿង​ល្អ​សម្រាប់​កីឡាករ​ដែល​មាន​សមត្ថភាព​២​នាក់ ជា​ពិសេស​ក៏​ជួយ​ដោះស្រាយ​ទំនាស់​រវាង​អ្នកលេង​ភ្នាល់​ឱ្យ​បាន​ស្ងប់ស្ងាត់​ផង​ដែរ ។ លោក​និយាយ​ថា ការណ៍​ពិត​លទ្ធផល​ស្មើ​យើង​មិនមែន​ចេះ​តែ​ឱ្យ​ទេ ពេល​ខ្លះ​វា​ល្អ​ទាំង​សម្រាប់​កីឡា​ករ និង​ល្អ​ទាំង​សម្រាប់​គណៈកម្មការ ព្រោះ​ការ​ប្រកួត​ខ្លះ​តែ​ឱ្យ​ពិន្ទុ​មិន​ស្រួល​គឺ​មានរឿង​រញ៉េរញ៉ៃ​កើត​ឡើង​មិន​ខាន ។

យ៉ាងណា​ក៏​ដោយ​លោក​និយាយ​បែប​នេះ​មិនមែន​សំដៅលើ​ការ​ប្រកួត​រវាង​កីឡាករ ឌុ​ម កែវ​ដា និង​កីឡាករ​ថៃ​នៅ​ក្នុង​ថ្ងៃ​នោះ​មិនល្អ ឬ​មាន​អ្នកទិញ​ដូរ​ពីក្រោយ​ទើប​ឈាន​ដល់​ការ​ឱ្យ​ស្មើ​ពិន្ទុ​គ្នា​នោះ​ទេ គឺ​គ្រាន់តែ​លោក​ឧទាហរណ៍ និង​ថា​ហេតុផល​នៃ​ការ​ឱ្យ​ស្មើ​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​ដោយសារ​តែ​ឱ្យ​កីឡាករ​ថៃ​ឈ្នះ​ក៏​ស្ដាយ​កីឡាករ​កម្ពុជា ហើយ​បើ​ឱ្យ​កីឡា​ក​រ​កម្ពុជា​ឈ្នះ​ក៏​ស្ដាយ​កីឡាករ​ថៃ​ប៉ុណ្ណោះ ។ លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ទាំង​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​បញ្ចេញ​សមត្ថភាព​បាន​ល្អ អ៊ីចឹង​លទ្ធផល​មិន​ឱ្យ​អ្នក​ណា​មាន​ពិន្ទុ​នាំមុខ​គឺជា​ជម្រើស​តែ​មួយ​គត់ ដើម្បី​ឱ្យ​កីឡាករ​ម្ខាង​ៗ​អស់ចិត្ត ។ លោក​មាន​គម្រោង​ដាក់​ឱ្យ​មួយគូ​នេះ​ប្រកួត​ឡើង​វិញ តែ​រង់ចាំ​ឱ្យ​កីឡាករថៃ និង​ឌុ​ម កែវ​ដា បាន​ត្រៀមខ្លួន​គ្រប់គ្រាន់សិន ដើម្បី​ចង់​ដឹង​ថា បើ​ប៉ះ​គ្នា​ម្ដងទៀតតើ​អ្នក​ណា​នឹង​ឈ្នះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ