មិនធម្មតា ចិញ្ចឹម​ទារ​ហូត​ទទួល​បាន​ពានរង្វាន់​ពី​សម្តេច​តេ​ជោ


ខេត្តកំពង់ឆ្នាំង ៖ កសិករ​ចិញ្ចឹម​ទា​រស់នៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌​ បាន​និយាយ​ថា ជីវិត​ត្រូវ​តែ​មានការ​តស៊ូ និង​ព្យាយាម ។ ទំ​រាំ​មាន​ថ្ងៃនេះ គ្រួសារ​គាត់​បាន​ផ្ដើម​ចេញពី​កសិករ​ក្រីក្រ ដោយ​ពី​ដំបូង​ឡើយ​គ្រួសារ​គាត់​ចាប់ផ្តើម​ចិញ្ចឹម​ទា​តិចតួច​តែ​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​គ្រួសារ​គាត់​ពង្រីក​ការ​ចិញ្ចឹម​ទា​បាន​ជិត​៣​ម៉ឺន​ក្បាល​ទៅ​ហើយ ដោយ​ទទួល​បាន​ពង​ទា​ជាង​១​ម៉ឺន​គ្រាប់ ក្នុង​១​ថ្ងៃ​ៗ ដែល​ធ្វើ​អោយ​ជីវភាព គ្រួសារ​គាត់​ធូរធារ​មួយ​កំរិត ។

 បុរស​ឈ្មោះ ប៊ិ​ន ម៉ា​រិ​ទ្ធ អាយុ​២៣​ឆ្នាំ ជា​កសិករ​ចិញ្ចឹម​ទា បាន​ឲ្យ​ដឹង​ថា គាត់​ចិញ្ចឹម​ទា​ដែល​ពី​ដំបូង​ឡើយ​គឺ​ចិញ្ចឹម​ត្រឹម​២-៣​រយ​ក្បាល​តែ​ប៉ុណ្ណោះ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ តែ​ដោយ​មានការ​តស៊ូ​ព្យាយាម​ជា​បន្តបន្ទាប់​របស់​ឪពុក​ម្ដាយ គាត់​បាន​ពង្រីក​ការ​ចិញ្ចឹម​ទា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ម្តង​បន្តិច​ៗ រហូត​ដល់​បច្ចុប្បន្ន​គឺ
រយៈពេល ១៥​ឆ្នាំ​ហើយ ។ សព្វ​ថ្ងៃនេះ ទា​របស់​គាត់​មាន​ចំនួន​ជិត​៣​ម៉ឺន​ក្បាល ក្នុង​នោះ​មាន​ទា​ថ្មី​ជាង​១​ម៉ឺន​ក្បាល និង​ទា​ចាស់​មាន​ពង​ស្រាប់​ជាង​១​ម៉ឺន​ក្បាល ។ ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ពង​ទា​ពី​១៣០០០​គ្រាប់ ទៅ​១៤០០០​គ្រាប់ ។ តម្លៃ​ពង​ទា​លក់​ចេញ​ក្នុង​មួយ​គ្រាប់​៤០០​រៀល ប៉ុន្តែ​តម្លៃ​ទើបតែ​ឡើង​ប្រហែល​១​ខែ​នេះ​ទេ ដោយ​កាល​មុន​ពង​ទា​ចុះថោក​តម្លៃ​ត្រឹមតែ​៣៥០​រៀល​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​មាន​អាជីវករ​ក្នុង​ខេត្ត​មក​ទិញ​ពង​ទា និង​មាន​ម៉ូយ​កុំម៉ង់​ទិញ​មក​ពី​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។

បុរស​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​២០១៤ ឪពុក​របស់​គាត់​បាន​ទៅ​ចូល​រូ​ម​ប្រឡង​ការ​ចិញ្ចឹម​ទា​ថ្នាក់​ជាតិ ហើយ​ក៏​បាន​ទទួល​ពានរង្វាន់​លេខ​១ របស់​សម្ដេច​តេ​ជោ ដោយ​ទទួល​បាន​គោ​យន្ត​មួយ​គ្រឿង ម៉ាស៊ីន​កិន​ចំណី​មួយ​គ្រឿង និង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ចំនួន ១០​ថ្ងៃ ។

បុរស​ឈ្មោះ ប៊ិ​ន ម៉ា​រិ​ទ្ធ បាន​និយាយ​បន្ត​ថា ថ្វីបើ​យើង​ទទួល​បាន​ពង​ទា​ច្រើន ទទួល​បាន​កម្រៃ​ក៍​ច្រើន​មែន ប៉ុន្តែ​ចំណី​ទា​ទិញ​ពី​ទីផ្សា​រក៍​ថ្លៃ​ដែរ ។ បច្ចុប្បន្ន​ដើម្បី​កាត់​បន្ថយថ្លៃ​ទិញ​ចំណី​ទា​ពី​ទីផ្សារ គាត់​បាន​ទិញ កន្ទក់ ខ្យង ខ្ចៅ និង​កំ​ពិស មក​កិន​លាយ​គ្នា​អោយ​ទា​ស៊ី ។ ក្រៅពី​នោះ​ការ​ចិញ្ចឹម​ទា ត្រូវ​តាមដាន​ជម្ងឺ​ជា​ប្រចាំ បើ​សង្ស័យ​ថា​វា​ឈឺ ត្រូវ​ដាក់​ថ្នាំ​ជា​បន្ទាន់ ។ សត្វ​ទា​ដែល​ត្រូវ​ចិញ្ចឹម​យក​ពង​គឺ​តែ​រយៈពេល​៤​ទៅ​៥​ឆ្នាំ​គឺ​ត្រូវ​ចាប់​មេ​ទា​ចាស់​លក់ ហើយ​ដាក់​មេ​ទា​ថ្មី​ទៀត ។

ទោះជា​យ៉ាងនេះ​ក្តី កសិករ​រូប​នោះ​បញ្ជាក់​ថា បច្ចុប្បន្ន​គាត់​មាន​កម្មករ​ចំនួន​៦​នាក់ សម្រាប់​អោយ​ចំណី​ទា រើស​ពង​ទា កើប​លាមក​ទា និង​យាម​ទា​ជាដើម ប៉ុន្តែ​ក៏​នៅ​មាន​បាត់​ទា​ខ្លះ​ដែរ ពេល​វា​ទៅ​ស៊ី​ឆ្ងាយ​ៗ​ជាប់​មង និង​សន្ទូច របស់​គេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ