ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានសហគមន៍​ទេសចរណ៍​ប្រមាណ៥៦កន្លែងកំពុង​ធ្វើសកម្មភាពយ៉ាងខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ នៅ​កម្ពុជា មាន​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ប្រមាណ​៥៦​ហើយ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ចូលរួម ចំណែក​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ នៅ​កម្ពុជា មាន​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ប្រមាណ​៥៦​ហើយ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ចូលរួម ចំណែក​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ លោក ជុក ជំនោ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ ឧសភា ម្សិលមិញ​ថា សហគមន៍​ទេសចរណ៍​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង និង​មន្ទីរ​ទេសចរណ៍​ខេត្ត​-​ក្រុង មាន​ចំនួន​៥៦ ខណៈ​ដែល​សហគមន៍​ទាំងនោះ​បាន​និង​កំពុង​បង្ហាញ​សក្តានុពល​ក្នុង​ការ​លើក កម្ពស់​កម្រិតជីវភាព​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ៖« ដោយសារ​សកម្មភាព​ដ៏​មមាញឹក​នោះ​ហើយ ទើប​សហ គម​ន៍​ទេសចរណ៍​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា ហើយ​កត្តា​សំខាន់ គឺ​សមត្ថភាព​ជំនាញ​របស់​មន្ត្រី​សហគមន៍​មិន​ទាន់​ឈាន​ដល់​កម្រិតស្តង់ដា​នៅឡើយ » ។ លោក​ថា ៖« ប្រសិនបើ​សហគមន៍​ទេសចរណ៍​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ទេ​នោះ ការ​អូស​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន ក៏​ដូច​ជា​តំបន់​អេកូ​ទេសចរណ៍ ប្រាកដជា​នៅ​មាន​កម្រិត​ទាប​ដែរ​។ ដូច្នេះ ក្រសួងទេសចរណ៍ រួម​ទាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​កំពុង​តែ​យកចិត្តទុកដាក់​ជួយ​ពួក​គាត់ សំខាន់​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស » ។

ទោះជា​មាន​បញ្ហា​ប្រឈម​យ៉ាងនេះ​ក្ដី លោក ជុក ជំនោ បាន​កត់សម្គាល់​យ៉ាង​ដូច្នេះ​ថា ៖«​យើង​សង្កេត​ឃើញ​សហគមន៍​មួយ​ចំនួន​បាន​ធ្វើ​សកម្ម​ភាពល្អ​ច្រើន ហើយ​ប្រកបដោយ​ស្តង់ដា​ថែម​ទៀត ដូច​ជា សហគមន៍​ជី​ផាត នៅ​ក្នុង ខេត្តកោះកុង​, សហគមន៍​ចំបក់ ក្នុង​ខេត្តកំពង់ស្ពឺ​, សហគមន៍​កោះ​ទ្រង់ នៅ​ខេត្តក្រចេះ និងសហគមន៍​បន្ទាយឆ្មារ នៅ​ខេត្តបន្ទាយមានជ័យ​ជាដើម ដែល​សហគមន៍​ទាំង​អស់នោះ​មានការ អភិវឌ្ឍ​មែនទែន ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ សំខាន់​ទេសចរ​អន្តរជាតិ » ។
លោក​បញ្ជាក់​ថា ចំណុច​ល្អ​របស់​សហគមន៍​ទាំងនោះ គឺ​ការ​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ ។ ការ​កែប្រែ​មុខរបរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បោះបង់​មុខរបរ​ដើម ដែល​មិន​សម​ស្រប ឲ្យ​ងាក​មក​ចាប់​យកមុខ​របរ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​វិញ ។

លោក​និយាយ​ថា ៖« សហគមន៍​ទាំងអស់​ខាងលើ​នេះ ជា​សហគមន៍​ដែល​ទទួល​បាន​ជោគជ័យ​លើ​ការងារ​ជំនាញ​របស់​ខ្លួន » ។
យោង​តាម​របាយការណ៍​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច វិស័យ​ទេសចរណ៍​ត្រូវ​បាន​រំពឹង​ថា បន្ត​ងើបឡើង​ក្នុង​អត្រាកំណើន​៤,៥%​ក្នុង​ឆ្នាំ​២០១៨ និង​៤,៧%​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស ទេសចរ​ពី​តំបន់​អាស៊ី​, ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​, ការ​លើកទឹកចិត្ត​ឲ្យ​មានការ​បើក​ជើងហោះហើរ​ត្រង់ និង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នានា ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម ។ ទោះ​យ៉ាងនេះ​ក្តី ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍ ព្រមទាំង​ការ​ទាក់ទាញ​ភ្ញៀវ​ចំណាយ​ខ្ពស់ នៅ​តែ​ជា​ប្រការ​ចាំបាច់ និង​បន្ទាន់ សំដៅ​ធានា​ចីរភាព​កំណើន​នៃ​វិស័យ​នេះ ដើម្បី​បន្ត​តួនាទី​ជា​ជ​ន្ទ​ល់​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ World Express Tours & Travel លោក ហូ វ​ណ្ឌី បាន​ថ្លែង កត្តា​ដែល​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ គឺ​ដោយសារ​តែ​ការ​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​សហគមន៍​នៅ​អាស៊ី ជា​ពិសេស​ពី​ប្រទេស​ចិន ។ ទន្ទឹម​នឹង​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កាន់តែ​ច្រើន​ថែម​ទៀត គួរ​យកចិត្តទុកដាក់​លើ​ការ​ការពារ និង​ការ​ថែរក្សា​បរិស្ថាន និង​អនាម័យឲ្យ​បាន​ស្អាត ព្រោះ​សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ ។
ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ជាង​១,៧​លាន​នាក់ កើនឡើង​១៣,៩% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​៥០៥.៩៤០​នាក់ កើនឡើង​៨៥,៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។

បើ​តាម​ការ​លើក​ឡើង​របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៦,២​លាន​នាក់​នៅ​ឆ្នាំ​២០១៨ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​១៥​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ដោយ​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ឱកាស​ការងារ​ប្រមាណ​២​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ