ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ភ្លៀង​១​មេធំ ទឹក​ជន​លិច​ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ក្នុង​ទីប្រជុំជន​អ្នក​លឿង​ ដោយសារ​ស្ទះលូ គ្មាន​អ្នក​ស្តារ

2 ថ្ងៃ មុន

ខេត្តព្រៃវែង ៖ ផ្លូវ​បេតុង​ចំនួន ៦ខ្សែ​ នៅ​ទីប្រជុំជន​អ្នក​លឿង ក្នុង​​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវ​ទឹក​ជន​លិច​ល្ហាចល្ហឹម ក្រោយ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ នៅ​ល្ងាច​ថ្ងៃ​ទី០៤…

ខេត្តព្រៃវែង ៖ ផ្លូវ​បេតុង​ចំនួន ៦ខ្សែ​ នៅ​ទីប្រជុំជន​អ្នក​លឿង ក្នុង​​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវ​ទឹក​ជន​លិច​ល្ហាចល្ហឹម ក្រោយ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ នៅ​ល្ងាច​ថ្ងៃ​ទី០៤ ខែមិថុនា​ ឆ្នាំ២០២៥នេះ ​។

ពលរដ្ឋ​ដែល​មាន​ទីលំនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ទាំងនោះ​ បានអោយ​ដឹង​ថា ពួក​គាត់​ត្រូវធ្វើ​ដំណើរ​ឆ្លង​កាត់ទឹក​ស្អុយ ដែល​ហូរ​ចេញពី​លូ ដោយសារតែ​ការ​ជន​លិច ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ឡើង​ស៊ាំ​ទៅ​ហើយ ព្រោះ​ឲ្យ​តែ​មាន​ភ្លៀង មិន​ថា​ តិច​ ឬ​ច្រើន ​តែងតែ​ជន់​លិច​ផ្លូវ​បេតុង ​មុខ​ផ្ទះ​ពួក​គាត់​ជា​និច្ច ហើយ​រឿង​បែប​នេះ ​បាន​កើតឡើង​រាប់​ឆ្នាំ​មក​ហើយ ​។

ពលរដ្ឋ​ទាំង​អស់នោះ​ បាន​បញ្ជាក់​ថា ​មូលហេតុ​ ដែល​មានទឹក​ជន់​លិច​ផ្លូវ​បេតុង ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​នោះ គឺ​ដោយសារ​តែ​ប្រព័ន្ធ​លូ​ នៅ​អម​សងខាង​ផ្លូវ បាន​កកស្ទះ​ ទៅ​ដោយ​គំនរ​សំរាម និង​ភក់ល្បាប់ ហើយ​គ្មាន​អ្នក​ជួយ​ស្ដារ​ចេញ ទើប​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ ទោះជា​ភ្លៀង​តិច​ៗ​ក៏​ដោយ ក៏​ធ្វើ​ឲ្យ​មានទឹក​ជន់​លិច​ផ្លូវ​ដែរ ហើយ​ពេល​លិច​ម្ដង​ៗ មិន​ត្រឹមតែ​ពិបាកធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​ទេ សូ​ម្បី​តែ​ដកដង្ហើម ​ក៏​ពិបាក​ដែរ ព្រោះ​ក្លិន​ទឹក​ស្អុយ​ ដែល​ហ៊ា​រ​ចេញពី​ក្នុង​លូ បាន​សាយភាយ​ពាសពេញ​ផ្លូវ​ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ជុំ ជា មេឃុំ​ព្រែក​ខ្សាយ(ខ) បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី៤ មិថុនា​នេះ​ថា បញ្ហា​ស្ទះលូ​ ធ្វើ​ឲ្យ​ទឹក​ជន​លិច​ផ្លូវ ​ពេល​មាន​ភ្លៀង​ម្ដង​ៗ​នេះ អាជ្ញាធរ​ឃុំ​ ក៏​បានឃើញ​ដែរ ហើយ​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ ដាក់​ដេញថ្លៃ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ ចុះ​ជួយ​ស្ដារ​ ប្រព័ន្ធ​លូ​ទាំង​អស់នេះ​ហើយ ដែល​តាម​គម្រោង ​នឹង​ត្រូវ​ស្ដារ​លូ​ទាំងអស់​សរុប​ប្រវែង ៣,៦០០ម៉ែត្រ ហើយ​តាម​កិច្ចសន្យា ក្រុមហ៊ុន​ម៉ៅ​ការ ​ត្រូវ​ចាប់ផ្ដើម​ធ្វើ​នៅ​ដើមខែ​មិថុនា​នេះ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិនដឹង​យ៉ាងម៉េច មិនឃើញ​ក្រុមហ៊ុន​ម៉ៅ​ការ​នោះ​ ចុះ​មក​ធ្វើទេ ​។

ទោះជា​យ៉ាងណា លោក​មេឃុំ ​សន្យា​ថា ​នឹង​ព​ន្លឿ​ន​ការ​ស្ដារ​ប្រព័ន្ធ​លូ​នេះ ​ឲ្យ​បាន​លឿន​ជាទី​បំផុត ដើម្បី​បញ្ឈប់​កុំ​ឲ្យ​មានការ​ជន​លិច បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​តទៅ​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ