លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើអ្នកនិពន្ធចិន ឡាវ និងមីយ៉ាន់ម៉ា ចូលរួមជាមួយសមាគមអ្នកនិពន្ធខ្មែរ ប្រើប្រាស់នូវចុងប៊ិចក្នុងការតាក់តែង និងរៀបចំស្នាដៃនិពន្ធរៀបរាប់នូវស្ថានភាពពិតប្រាកដ និងជាក់ស្តែងរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកទាំងមូល ។
សំណើនេះ ត្រូវបានស្នើ នៅពេលដែលលោកទទួលជួបពិភាក្សាជាមួយសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ និងមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ, លោកស្រី ជៀន ជីងលូ ( JIANG JINLU ) អនុប្រធានសមាគមអ្នកនិពន្ធចិន, លោក ថុនបេ ភូធិសាន (THONBAY PHOTHISANE ) ប្រធានសមាគមអ្នកនិពន្ធឡាវ និងលោក អូ មោង (OHN MAUNG) ប្រធានសមាគមអ្នកនិពន្ធមីយ៉ាន់ម៉ាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។
លោកបានបន្តថា បើទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជាក៏ដូចជា ជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដោយក៏កម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាគោលដៅទេសចរណ៍កក់ក្តៅ និងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ជាក់ស្តែងដូចជាខេត្តសៀមរាបជាប្រក្រតី ។
គណប្រតិភូសមាគមអ្នកនិពន្ធ៤ប្រទេសនេះ មានសមាជិកទាំងអស់២៥រូប ហើយពួកគេបានជួបពិភាក្សាគ្នានៅក្នុងកម្មវិធីជំនួបអ្នកនិពន្ធខ្មែរ-អន្តរជាតិ ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងសៀមរាប ស្របពេលដែលកម្ពុជា និងថៃ កំពុងតែមានអរិភាពព្រំដែននឹងគ្នា ៕
ចែករំលែកព័តមាននេះ