រដ្ឋាភិបាលអូស្ត្រាលី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចយោធារវាងកម្ពុជា និងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំ និងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ ។ នេះបើយោងតាមស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជាបានប្រកាសនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារក៏ដូចជា មនុស្សជាទីស្រលាញ់របស់ខ្លួន ហើយសូមអំពាវនាវឱ្យភាគីទាំងពីរធានាឲ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌។
យើងជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព ដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
យើងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែង និងសន្តិភាព។
យើងសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ ៕
ចែករំលែកព័តមាននេះ