ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោពលខេមរភូមិន្ទ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងភារកិច្ចបម្រើជាតិ និងប្រជាជនកម្ពុជា ដែលការប្រគល់បទបញ្ជានេះ ប្រព្រឹត្តទៅនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យកងកម្លាំង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ និងបានផ្សព្វផ្សាយប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណាត់ការតាមផ្លូវច្បាប់ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (អាយ ស៊ី ជេ) ស្ដីពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលភាគីថៃបានរំលោភបំពាន រហូតដល់មានការផ្ទុះអាវុធនៅតំបន់មុំបី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បណ្ដាលឲ្យកងទ័ពកម្ពុជាមួយរូប បានពលីជីវិត ក្នុងភារកិច្ចការពារបូរណភាពទឹកដី នៃយើង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមបម្រុងកម្លាំងមធ្យោបាយគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជា ៖ ទីមួយ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ទីពីរ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗក្នុងរដូវវស្សានេះ និងទីបី បន្តចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិមានបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។
នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការផ្លូវច្បាប់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (អាយស៊ីជេ) ស្ដីពីការរំលោភបំពានបូរណភាពទឹកដីកម្ពុជា នៅតំបន់ប្រាសាទតាមមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ជាប់ព្រំដែនកម្ពុជា ថៃ និងវិធានការប្រើប្រាសកម្លាំងយោធា ក្នុងការប្រឆាំងសត្រូវឈ្លានពានរំលោភលើដែនអធិបតេយ្យភាពទឹកដីកម្ពុជា ឲ្យពួកវាទទួលបរាជ័យ ៕




ចែករំលែកព័តមាននេះ