ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិភាគ ៖ សេណា​រី​យ៉ូ​ ៣ ដែល​ថៃ​មិន​ចង់​ដោះស្រាយ​ជម្លោះ​រឿង​ព្រំដែន​ជាមួយ​កម្ពុជា ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)

2 ថ្ងៃ មុន

អត្ថបទវិភាគ ៖ មានការ​វិភាគ​អំពី​សេណា​រី​យ៉ូ ចំនួន​៣ ដែល​ថៃ មិន​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា នៅ​តំបន់​មុំ ស្ថិត​ក្នុង​ខេត្តព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)…

អត្ថបទវិភាគ ៖ មានការ​វិភាគ​អំពី​សេណា​រី​យ៉ូ ចំនួន​៣ ដែល​ថៃ មិន​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា នៅ​តំបន់​មុំ ស្ថិត​ក្នុង​ខេត្តព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា Sakarach Nov (​នៅ​សករាជ​) បាន​សរសេរ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា រដ្ឋាភិបាល​របស់​កូនពៅ គឺ​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ បាន​បដិសេធ​ការ​ដាក់​វិវាទ តា​មាន់​ធំ តូច តា​ក្របី និង​មុំ​៣ ទៅ ICJ ហើយ​ៗ​បាន​ស្នើ​សុំ​ធ្វើការ​ដោះស្រាយ​តាម​រយៈ JBC (​គណកម្មការ​ព្រំដែន​រួម​របស់​ប្រទេស​ទាំង​ពីរ​) ។ ហេតុ​អ្វី ? ហេតុ​អ្វី ទើប​ស្នើ​សុំ​ដោះស្រាយ​តាម​រយៈ JBC ? ហេតុ​អ្វី​ចេញ​សេចក្តី​ថ្លែង​ការ​យឺត​ម្ល៉េះ ? តើ​ផែ​ថង​ថា​ន មាន​សិទ្ធិ​អំណាច​ពេញលេញ លើ​កិច្ចការ​ព្រំដែន​ទេ ? តើ​ការ​សម្រេច​របស់​ក្រុម​យោធា រុញច្រាន​ភាព​តាន់តឹង នៅ​ព្រំដែន​កម្ពុជា ផែ​ថង​ថា​ន់ បានដឹង ឬទេ ?

ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា Sakarach Nov បាន​ធ្វើការ​វិភាគ​ថា នៅ​ក្នុង​សេណា​រី​យ៉ូ​នេះ រឿង​៣ នឹង​កើតឡើង​នា​ពេល​ឆាប់​ៗ ៖

សេណា​រី​យ៉ូ ទី​១. នៅ​ពេល​លោកស្រី ផែ​ថង​ថា​ន កំពុង​ចរចារ​តាម​រយៈ JBC ក្រុម​យោធា នឹង​នៅ​តែ​ក្រឡុក​នៅ​ព្រំដែន ហើយ​បង្ក​ជា​ជំ​លោះ​ជាមួយ​កម្ពុជា​ដដែល ព្រោះថា ការ​ចរចារ​នេះ នឹង​ចាញ់​ប្រៀប​កម្ពុជា ហើយ​ក្រុម​យោធា នឹង​ចោទ លោកស្រី ផែ​ថង​ថា​ន ថា អសមត្ថភាព ធ្វើ​អោយ​បាត់បង់​ទឹក​បួន​ចំណែក​អោយទៅ​កម្ពុជា ដែល​ជា​កំហុស​ធំ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់ ផែ​ថង​ថា​ន ដែល​អាច​ឈាន​ដល់ រដ្ឋប្រហារ សន្តិភាព​មួយ​ឆាប់​ៗ (​នៅ​ស្រុក​ថៃ ភាគច្រើន គឺជា​រដ្ឋប្រហារ​សន្តិភាព គឺ​កម្រ​មានការ​សម្លាប់​ថ្នាក់ដឹកនាំ​ណាស់ គ្រាន់តែ​អោយ​ចុះ​ចេញ ឬរ​ត់ទៅ​ក្រៅ​ស្រុក​) ។ បើសិនជា​រដ្ឋប្រហារ បាន​សម្រេច បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា នឹង​ត្រូវ​ស្ងប់​វិញ ព្រោះ​សៀម​ចង់​ទុក​បញ្ហា​នេះ អោយ​រាំ​រ៉ៃ តទៅ​មុខ​ទៀត ជាមួយ​កម្ពុជា ព្រោះ​សៀម ដឹងខ្លួន​ថា បើ​ទុក​ចោល ខ្លួន​នឹង​ចំណេញ ព្រោះ​ខ្លួន​ជា​ប្រទេស​ធំ អាច​ប្រើ​ច្បាប់​ព្រៃ ជាមួយ​កម្ពុជា​បាន តែបើ​ដោះស្រាយ​ផ្លូវការ ខ្លួន​នឹង​ខាត់បង់ ព្រោះ​ត្រូវ​ចូល​ក្នុង​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ ដែល​ខ្លួន ត្រូវ​តែ​ស្មើភាព​ជាមួយ​កម្ពុជា មិន​អាច​ប្រើ​ច្បាប់​ព្រៃ​បាន​ទេ​។ សៀម​ចង់​ទុក​តំបន់​ទាំងនេះ ជា​តំបន់​មិន​ដាច់ស្រេច​ជាមួយ​កម្ពុជា​ជា​រៀង​រហូត​។ ហើយ​បើ​រដ្ឋប្រហារ កើតឡើង​មែន មហា​បាតុកម្ម​ធំ​មួយ នឹង​កើតឡើង​ម្តងទៀត​នៅ​សៀម ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​យោធា បែរ​ទិស​ដៅ​ទៅ​ការពារ និង​ទប់ទល់​ជាមួយ​ក្រុម​អាវ​ក្រហម​វិញ ដែល​ជា​ហេតុ​ធ្វើ​អោយ​បញ្ហា​ព្រំដែន ត្រូវ​ស្ងប់​វិញ​ភ្លាម​ៗ ។

សេណា​រី​យ៉ូ​ទី​២. បើសិន​មានការ​ផ្ទះ​អាវុធ​មែន កម្ពុជា​នឹង​លែង​បន្ធូរ​ដៃ ដូច​មុន​ហើយ​។ ផ្ទុយ​ទៅ​វិញ កម្ពុជា នឹង​ធ្វើការ​វាយបក​មួយ​ទំហឹង ដូច​ជំនាន់ លោក អា​ភី​សីត វី​ចា​ជីវ៉ា ដើម្បី​ទាញ់​ថ្នាក់ដឹកនាំ​តំបន់ អោយ​ចូលរួម​ជួយ​ដោះស្រាយ ដូច​ជា ប្រទេស​ប្រធាន​អាស៊ាន ឬ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​បងធំ នៅ​អាស៊ាន ហើយ​ក៏​អាច​មានការ​អន្តរាគមន៍ ការទូត​ពី​ជប៉ុន និង​ចិន ផង​ដែរ​។ សេណា​រី​យ៉ូ​ទី​២​នេះ គឺជា​ដំណាក់កាល​ត្រៀម​រុញ​បញ្ហា​នេះ ទៅ UN ឬ ICJ ឬ​អាច​ដល់​ក្រុមប្រឹក្សាសន្តិសុខ UNSC ផង​ដែរ​។ ព្រោះ​ជា​ទម្លាប់​អន្តរជាតិ រាល់​បញ្ហា​ទាំងអស់ គេ​ជំរុញ​អោយ​សាមី​ប្រទេស ព្យាយាម​ដោះស្រាយ​ទ្វេភាគី​សិន មុន​រុញ​ឡើង​ទៅ​ថ្នាក់​តំបន់ និង​សាកល​។ មាន​គេ​សួរ​ថា បើ​សៀម​មិន ចូលរួម​ដោះស្រាយ​នៅ ICJ ឬ​មិន​គោរព​សេចក្តីសម្រេច ICJ តើ​យើង​ត្រូវធ្វើ​យ៉ាងណា ? ខ្ញុំ​សូម​បញ្ជាក់​ថា សៀម មិនមែន​ជា​ប្រទេស មហាអំណាច​ដូច រុ​ស្សី ឬ​ចិន អា​មេ​រិ​ក ដែល​ហ៊ាន​រហូត​ដល់​ថ្នាក់​ប្រឆាំង​សេចក្តីសម្រេច​របស់ ICJ នោះ​ទេ​។ គ្រាន់តែ​បិទ​ព្រំដែន​ជាមួយ​កម្ពុជា សឹងតែ​មិន​ហ៊ាន​ផង ព្រោះ​វា​នឹង​ខាត់បង់​ច្រើន​ណាស់​ដែរ ចុះ​ទម្រាំ​ធ្វើ​អោយ​ខូច​ឈ្មោះ​លើ​ឆាក​អន្តរជាតិ រឿង​ដី ១០០​ម៉ែត្រ​នោះ​។ ពេល​យើង​ឈ្នះ​នៅ ICJ ហើយ ត្រឹម​នយោបាយ​ការទូត ថ្នាក់​អាស៊ាន និង UN នោះ ថៃ នឹង​អាម៉ាស់មុខ​ខ្លាំង​ណាស់​ទៅ​ហើយ ។

សេណា​រី​យ៉ូ​ទី​៣. ប្រសិនជា​កម្ពុជា​យល់យោគ​ដល់ លោកស្រី ផែ​ថង​ថា​ន ម្តងទៀត ដូច​រឿង​កោះ​កុ​ដ​នោះ កម្ពុជា​នឹង​ព្យាយាម​រក្សា​ជំហរ​អត់ធ្មត់​ខ្លាំង ហើយ​ចូលរួម​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​របស់ លោកស្រី ផែ​ថង​ថា​ន តាម​រយៈ JBC ដោយ​ពន្យារ​ពេលវេលា​ម្តង​បន្តិច​ៗ ធ្វើ​យ៉ាងណា កុំអោយ​បញ្ហា​នេះ ត្រូវ​ដោះ​ចេញ​ក្នុង​ជំនាន់ លោកស្រី ផែ​ថង​ថា​ន ឬ​អាច​រហូត​ដល់​រដ្ឋាភិបាល​ក្រោយ​វិញ ព្រោះ​កម្ពុជា​ដឹង​ថា លោកស្រី ផែ​ថង​ថា​ន មិន​អាច​កាន់​អំណាច​បាន​យូរ​ទេ​។ បើ​យោធា មិន​អាច​ទម្លាក់​គាត់​បាន ក៏​សភា នឹង​ទម្លាក់​គាត់​ដែរ​។ វា​ជា​ប្រពៃណី នយោបាយ​ថៃ ជា​ពិសេស​សម្រាប់ ត្រកូល ស៊ី​ណា​វ៉ា​ត់​ត្រា​។ កម្ពុជា ដឹង​ច្បាស់​ថា ដោះស្រាយ​ពេល​ណា ក៏​ខ្លួន​ឈ្នះ​ដែរ ព្រោះ​វា​ជា​ដី​ពិតប្រាកដ​របស់​កម្ពុជា​ស្រាប់​ទៅ​ហើយ តែ​ដើម្បី​ជួយ​កុំអោយ​លោកស្រី ផែ​ថង​ថា​ន ត្រូវ​បាន​ក្រុម​យោធា​ថ្កោលទោស ឬ​រក​លេស​ទម្លាក់​ចុះ​ពី​អំណាច​នោះ កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​នេះ ដោយ​យឺត​ៗ តាម​ស្ថានការណ៍​ជាក់ស្តែង ។

សូម​បញ្ជាក់​ថា អត្ថបទ​សេណា​រី​យ៉ូ ចំនួន​៣ ដែល​ថៃ​មិន​ចង់​ដោះស្រាយ​ជម្លោះ​រឿង​ព្រំដែន​ជាមួយ​កម្ពុជា ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ខាងលើ​នេះ ជា​ការ​វិភាគ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា Sakarach Nov តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ