ខេត្តព្រះវិហារ ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញ បាននាំយកអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិកាមួយចំនួនរបស់សប្បុរសជននានា ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានផ្តល់មករដ្ឋបាលរាជធានី ត្រូវបានលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់មណ្ឌលសុខភាពគូលែន និងកងពលធំអន្តរាមន៍លេខ៣ ។
ពិធីប្រគល់ និងទទួល បានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ក្រោមវត្តមានលោក ឯក ឃុនដឿន និងលោក ទិត្យ សារុំ ប្រធានមណ្ឌលសុខភាពគូលែន និងលោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងតំណាងឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយចែកជាពីរទីតាំងផ្សេងគ្នា ។
លោក ទិត្យ សារុំ បានឲ្យដឹងថា នាអំឡុងសង្គ្រាមរវាងកម្ពុជា និងថៃ និងក្រោយបិទបញ្ចប់ការឈប់បាញ់យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន មានបងប្អូនវីរកងទ័ពកងនគរបាលជាតិការពារព្រំដែន និងប្រជាពលរដ្ឋភៀសសឹក ដែលរងរបួសពីការបាញ់ផ្លោងគ្រាប់ និងបាញ់ផ្សែងពុលរបស់ទាហានថៃ បានចូលមកសម្រាកព្យាបាលជំងឺនៅទីនេះ។ ជាមួយគ្នានោះលោក ទិត្យ សារុំ បានថ្លែងអំណរគុណយ៉ាងជាលជៅដល់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ចំពោះអំណោយដែលបាននាំយកមកប្រគល់ជូនមណ្ឌលសុខភាពគូលែននេះ ។
នៅព្រឹកថ្ងៃដែលនេះដែរ លោក ឯក ឃុនដឿន បានបន្តដំណើរទៅប្រគល់អំណោយជូនកងពលធំអន្តរាគមន៍លេខ៣ ចំនួនមួយរថយន្ត ដែលមានគ្រឿងឧបភោគបរិភោគ ដូចជា ត្រីងៀត សាច់ក្រក មី ទឹកសុទ្ធ ទឹកក្រូច នំ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ឆៃពៅ កៅស៊ូតង កន្តេល អង្រឹង និងបន្លែជាមុខផងដែរ ។
ក្នុងឱកាសនោះ តំណាងឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅចំពោះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចជាកាល លោកអភិបាល និងសហការីតែងតែជួយឧត្តម្ភមកដល់កងពលអន្តរាគមន៍លេខ៣ ជាក់ស្តែងក្នុងគ្រា ដែលប្រទេសជាតិមានសង្គ្រាមឈ្លានពានពីទាហានថៃ លោក ឃួង ស្រេង តែងចាត់បញ្ជូនប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខជាបន្តបន្ទាប់ សូមបងប្អូនជនជាតិរួមទាំងអស់ កុំបារម្ភ យើងខ្ញុំនៅជួរមុខប្តេជ្ញាចិត្តខាច់ខាត់ការពារទឹកដីកម្ពុជា មិនឲ្យបាត់បង់សម្បីមួយមីលីម៉ែត្រឡើយ ។
ក្នុងឱកាស នៃការផ្តល់អំណោយនៅទីតាំងទាំង២កន្លែងនោះ លោក ឯក ឃុនដឿន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក និងសូមថ្លែងអំណរគុណពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពជួរមុខ និងកងនគរបាលជាតិការពារព្រំដែន ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ទាហានថៃ និងជូនពរឱ្យបងប្អូនទាំងអស់ មានសុខភាពល្អឆាប់ជាសះស្បើយ និងឈ្នះអស់មាសត្រូវឈ្លានពាន។ ជាមួយគ្នានោះលោក ឯក ឃុនដឿន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល ជូនមណ្ឌលសុខភាពគូលែនផងដែរ ៕







ចែករំលែកព័តមាននេះ