រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ មិថុនានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានន័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿនបញ្ជៀសបាន នូវការជនលិចដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នារដូវវស្សានេះ ។
លោក ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ឋានីយ៍បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុន រហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯក ត្រង់ចំណុចប្រសប់ជាមួយមហាវិថីឈុនគង់ ខណៈទីតាំងនេះ កំពុងសាងសង់ស្ពានឆ្លងកាត់ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ការចុះពិនិត្យមើលប្រឡាយលូខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរ ពីភាគខាងត្បូងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន ។
បន្ថែមពីនេះទៀត លោកអភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ះពាល់ ប្រឡាយភូមិម័រ ដែលនៅសល់សល់ ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួង ឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារ អាចដាក់គ្រឿងចក្រ ចូលស្តារប្រឡាយនេះបានទៅតាមទំហំ នៃប្លង់ប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ។
ជាងនេះទៅទៀត លោក ឃួង ស្រេង បានជម្រុញឱ្យការសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងស្ថានីយ៍បូមទឹកបឹងទំពុន ឱ្យបានលឿន និងរួចរាល់ នៅក្នុងខែ
កក្កដា ខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិចលង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើតាមគម្រោងស្ថានីយ៍បូមទឹកលូប្រាំ និងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយ៍បូមទឹកបឹងទំពុនថ្មី ដែលសាងសង់បន្ថែម និងរួចរាល់ ហើយដាក់ឲ្យដំណើរការបាននៅថ្ងៃទី១៥ កក្កដានេះ ។
នាព្រឹកដដែល លោកអភិបាលរាជធានីភ្នំពេញ បានបន្តចុះពិនិត្យប្រឡាយបឹងជើងឯក ត្រង់ចំណុចប្រសប់ជាមួយមហាវិថីឈុន គង់ ដែលទីតាំងនេះ ក្រុមការងារ បាននិងកំពុងតែសាងសង់ស្ពាន ដោយលោកអភិបាល បានណែនាំឲ្យការដ្ឋានកាយភក់ប្រឡាយឲ្យបានធំ ដើម្បីឲ្យទឹកហូរបានលឿន ៕












ចែករំលែកព័តមាននេះ