ទីក្រុងប៉េកាំង ៖ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទកន្លងមកថា ប្រទេសចិនគិតថា ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នឹងគ្មានការផ្លាស់ប្តូរបន្ថែមទៀតទេ ។ ប៉ុន្តែលោកសង្ឃឹមថា ប្រទេសទាំងពីរអាចនឹងទាញយកអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមកបាន ។
លោក Lu បានមានប្រសាសន៍បែបនេះក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីមានសំណួរសួរទៅកាន់លោកថា តើកិច្ចព្រមព្រៀងដែលបានសម្រេចរវាងប្រទេសទាំងពីរ ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម គឺជាកិច្ចព្រមព្រៀងបណ្តោះអាសន្នឬយ៉ាងណា ។
គួរបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍ ទាក់ទងនឹងការចរចាផ្នែកសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម ។ ភាគីទាំងសងខាងបានសន្យាថា នឹងមិនចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មទេ ។
លោក Lu បានឲ្យដឹងថា ៖« ប្រសិនបើរដ្ឋាភិបាលប្រទេសទាំងពីរអាចសម្រេចបាននូវកិច្ចព្រមព្រៀងនិងមានលទ្ធផលល្អ ដែលភាគីទាំងសងខាងព្រមទទួលយកនោះ គឺពួកយើងនឹងគោរពតាមកិច្ចព្រមព្រៀងនេះ ។ ប្រាកដណាស់ ពួកយើងមិនចង់មើលឃើញការផ្លាស់ប្តូរទេ » ។
លោកបន្តថា យោងតាមបទពិសោធន៍ក្នុងរយៈពេលប្រមាណ៤០ឆ្នាំមកនេះ មូលហេតុចម្បងដែលធ្វើឲ្យប្រទេសទាំងពីរអាចគ្រប់គ្រងជម្លោះ និងជំរុញការអភិវឌ្ឍការធ្វើពាណិជ្ជកម្មទ្វេភាគីនោះ ព្រោះតែទំនាក់ទំនងនេះ គឺជាអ្វីដែលប្រទេស និងប្រជាពលរដ្ឋទាំងពីរចង់បាន ។
លោកបន្ថែមទៀតថា ៖« ពួកយើងសង្ឃឹមថាទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ដែលផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងពីរនោះ អាចនឹងដើរតួនាទីកាន់តែមានប្រសិទ្ធភាពជាងមុនផងដែរ » ៕
ចែករំលែកព័តមាននេះ