ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ត្រៀម​ថវិកា​ជាង​1​ពាន់​លាន​រៀល​សម្រាប់​អត្ត​ព​លិ​ក​ជ័យ​លា​ភី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ​ដែល​ជា​យុទ្ធសាស្ត្រ​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល សម្រាប់​ត្រៀម​ប្រកួតកីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ​ដែល​ជា​យុទ្ធសាស្ត្រ​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល សម្រាប់​ត្រៀម​ប្រកួតកីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥ ឧសភា ដល់​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​«​កីឡា​នាំ​មក​នូវ​សន្តិភាព​និងការ​អភិវឌ្ឍ​»​។ ជាមួយ​គ្នា​នេះ ដើម្បី​លើក​ទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​កីឡា​​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​រហូត​ដល់​ទៅ​១.១៨៣​លាន​រៀល​សម្រាប់​ផ្ដល់​ជូន​អត្ត​ព​លិ​កជ័យ​លា​ភី​។

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​នេះ គណៈកម្មការ​រៀបចំ​បាន​សម្រេច​បង្កើន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ជ័យ​លា​ភី​មេដាយមាស​រហូត​៨០​ម៉ឺន​រៀល មេដាយប្រាក់​៦០​ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធ​៤០ម៉ឺន​រៀល ខណៈ​កាល​លើក​ទី​១​ជ័យ​លា​ភីមេដាយមាស​បាន​ត្រឹម​១៥​ម៉ឺន​រៀល មេដាយប្រាក់​បាន​១០​ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធបាន​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​​កីឡា​ក្នុង​កិច្ចប្រជុំ​លើកចុង​ក្រោយ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ​នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា​ថ្មី ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​ទី​២១ ឧសភា​។

ការ​បង្កើន​ប្រាក់​រង្វាន់​យ៉ាងច្រើន​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​អត្ត​ព​លិ​ក​សម្រាប់​ការ​ប្រកួត ក៏​ដូច​ជា​បង្កើន​គុណភាព​នៃ​ការ​ប្រកួត​ឲ្យ​កាន់តែ​មាន​ភាពស្វិតស្វាញ​ថែម​ទៀត ។ ការ​​ប្រកួត​​នេះ វា​ជា​ផែនការមេ​របស់​រាជរដ្ឋាភិបាល​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ អាជ្ញាកណ្តាល ចៅក្រម និង​មន្ត្រី​បច្ចេកទេស ឆ្ពោះទៅ​កាន់​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​បាន​បង្កើន​កីឡា​ចំនួន​២៧​ប្រភេទ​នៅ​ឆ្នាំ​នេះ ខណៈ​លើក​ទី​១​មាន​តែ​១៥​ប្រភេទ​កីឡា​តែ​ប៉ុណ្ណោះ​។

កីឡា​ទាំងនោះ​រួម​មាន​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយ​សី វាយ​កូន​បាល់ ចំបាប់ វាយ​កូន​ឃ្លី​លើ​តុ តេ​ក្វា​ន់​ដូ WTF ហែល​ទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់សកល សូ​រិ​ន​ស្ស៊ិ​កាំ​ប៉ូ តេ​ក្វា​ន់​ដូ ITF កា​រ៉ា​តេ ប្រដាល់​គុន​ខ្មែរ យូ​ដូ ទ្រី​យ៉ា​ត្លុង វ៉ូ​វី​ណា​ម បេ​ស្ប​ល ប្រណាំង​ទោចក្រយាន សីដក់ បាញ់កាំភ្លើង បាល់ឱប និង​កីឡា​សូ​ហ្វ​តិ​ន្នី​ស ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​លើ​ទីលាន​៤​រាជធានី​-​ខេត្ត គឺ​រាជធានី​ភ្នំពេញ ខេត្ត​កែប កំពត និង​ខេត្តកំពង់ធំ​។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​២១ ឧសភា ឱ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ក្រោម​ប្រធានបទ​«​កីឡា​នាំ​មក​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​»​ចាប់ពី​ថ្ងៃ​ទី​២៥​ឧសភា ដល់​ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​២០១៨​ដោយ​មាន​កីឡាករ កីឡាការិនី ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​ចូលរួម​សរុប​៤.១៦៣​នាក់ លើ​ប្រភេទ​កីឡា​ចំនួន​២៧​និង​មាន​ចំនួន​២៧៤​វិញ្ញាសា​មក​ពី​តាម​បណ្ដា​ក្រសួង រាជធានី​-​ខេត្ត​ចំនួន​២៨​។ ការ​ប្រកួត​កីឡា​ជាតិ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​វាស់​ស្ទង់​គុណ​ផល​កីឡា​តាម​ប្រភេទ​នីមួយ​ៗ ក៏​ដូច​ជា​ដើម្បី​ហ្វឹកហ្វឺន​មន្ត្រី​រៀបចំ​ការ​ប្រកួត មន្ត្រី​អាជ្ញាកណ្ដាល និង​ចៅក្រម​ក្នុង​ការ​ត្រៀមលក្ខណៈ​ឈាន​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​នា​ពេល​ខាង​មុខ​។

ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ឧសភា វេលា​ម៉ោង​១៦៖​​០០​​នាទី ​ដោយ​មាន​ពិធី​ព្រះ​រាជទាន​ភ្លើង​គប់​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ព្រះ​បរមរាជវាំង​ដល់​កីឡាករ ដើម្បី​ដង្ហែ​យក​មក​ដុត​បំភ្លឺ​គប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​ជា​កន្លែង​​ប្រារព្ធ​ពិធី​បើក​។ ចំពោះ​ពិធី​បិទ​ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​៖០០នាទី ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​នឹង​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​និង​បិទ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​នេះ ។ ពិធី​បើក​និង​បិទ​នឹង​មាន​ដង្ហែ​ក្បួនព្យុហយាត្រា​ប្រតិភូ​កីឡា ការ​សម្ដែង​ក្បួន​កងទ័ព​ខ្មែរ​បុរាណ ក្បាច់គុន​ល្បុក្កតោ ការ​សម្ដែង​ចលនា​កាយ​សម​ស្រប​ពី​គរុ​សិស្ស​កីឡា ក្រុមកីឡា​តេ​ក្វា​ន់​ដូ ការ​សម្ដែង​ចលនា​កាយ​សម​ស្រប​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ការ​បាញ់​កាំជ្រួច​ពិសេស និង​មានការ​សម្ដែង​ទស្សនីយ​ភាព​សិល្បៈ​កម្សាន្ត​ចម្រៀង ដោយ​មានការ​ចូលរួម​ពី​សិល្បករ សិល្ប​ការិនី​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ