ខេត្ដកំពង់ចាម ៖ ពិធីសែនព្រេនប្ដី- ប្រពន្ធមួយគូបានប្រព្រឹត្ដទៅនៅភូមិព័ណ្ណរាយ សង្កាត់សួង ក្រុងសួង កាលពីព្រឹកថ្ងៃ ទី២២ មិថុនា កន្លងមកលុះពេលយប់មាន ដាក់ធុងបាស់រាំកំសាន្ដលេង ។ ការរាំរែកនោះធ្វើឱ្យក្រុមយុវជន២ក្រុមបានប៉ះទង្គិចគ្នាបង្កជាជំលោះវាយគ្នាទៅវិញទៅមក ហើយបានល្បួងនាំទៅវាយស្លាប់ម្នាក់ឈ្មោះអឿន វិរៈ ភេទប្រុស អាយុ២១ឆ្នាំ ដោយប្រើខ្សែ ក្រវាត់រឹត.ក និងកាច់បំបាក់.ក ។ ជុំវិញករណីឃាតកម្មនេះត្រូវបានលោក អនុសេនីយ៍ឯកឡាញ់ សត្យា ប៉ូលិសព្រហ្ម ទណ្ឌកំរិតធ្ងន់ខេត្ដប្រាប់ថា សាកសពជនរង គ្រោះខាងលើនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៣ មិថុនា នៅក្នុងព្រៃរបោះមួយកន្លែងខាងកើតវត្ដពណ្ណរាយចំងាយប្រហែល១០០ម៉ែត្រប៉ុណ្ណោះ ។
លោកអនុសេនីយ៍ឯកបានបន្ដថា ផ្អែកតាមការស្រាវជ្រាវមុនពេលស្លាប់ អ្នករងគ្រោះឈ្មោះវិរៈ រស់នៅ ភូមិពណ្ណរាយ បានមករាំលេងធុងបាស់ក្នុងពិធីសែនកូនកំលោះក្រមុំរបស់អ្នកស្រុក ។ ខណៈពេលដែលកំពុងតែអង្គុយនៅលើកៅអីជ័រ ស្រាប់ តែឈ្មោះជាបានមកធាក់ជើងម៉ា បណ្ដាលឱ្យ ដួលភ្លាមៗនោះក៏ដេញវាយគ្នាទៅវិញទៅ មករបៀបវាយលេងព្រោះជាមិត្ដភក្ដិនឹងគ្នា ។ លុះម៉ោង១១យប់ យុវជនរងគ្រោះ បានចេញពីកន្លែងរាំដើម្បីត្រឡប់ទៅផ្ទះរបស់ជីដូនវិញ ដោយមានឈ្មោះសុខ សាន្ដ និងឈ្មោះជា ជាអ្នកជូនទៅ។លោកឡាញ់ សត្យា បានបញ្ជាក់បន្ថែមថា ដោយបាត់អ្នកជូនទាំង២នាក់មិនឃើញ ត្រឡប់មកផ្ទះ បែរជាឃើញយុវជនរងគ្រោះ ស្លាប់នៅក្នុងព្រៃរបោះទៅវិញ និងមានខ្សែ ក្រវាត់រឹត.ក និងស្នាមវាយត្រង់កញ្ចឹង.ក ព្រមទាំងមានស្នាមជាំលើខ្លួនប្រាណថែមទៀត ។
ចំណែកលោកវរសេនីយ៍ត្រីលាង អេង អធិការប៉ូលិសក្រុងសួងវិញប្រាប់ថា ជនសង្ស័យជាឃាតកទាំង២នាក់នោះមាន ឈ្មោះជា និងឈ្មោះសាន្ដ បានរត់គេចខ្លួនបាត់ ហើយរហូតមកដល់ថ្ងៃទី២៥ មិថុនា នារសៀលនេះក៏ពុំទាន់ត្រូវចាប់ខ្លួននៅឡើយទេ ។ ទោះជាយ៉ាងណាក្ដី ជំនាញនឹងសុំដីកាពី សាលាដំបូងខេត្ដ ដើម្បីស្វែងរកចាប់ខ្លួន ជនល្មើសមកផ្ដន្ទាទោសឱ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ