ផាន់ គ្រាន់ ពុះពារដល់ម្ល៉ឹងដើម្បីជើងថ្មី មាឃ សុវណ្ណរ៉ា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២០ ឧសភា កីឡាករ មាឃ សុវណ្ណរ៉ា ដែលត្រូវគេស្គាល់ជាកូនសិស្សរបស់លោក ម៉ាក សាខន…
រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២០ ឧសភា កីឡាករ មាឃ សុវណ្ណរ៉ា ដែលត្រូវគេស្គាល់ជាកូនសិស្សរបស់លោក ម៉ាក សាខន…
រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២០ ឧសភា កីឡាករ មាឃ សុវណ្ណរ៉ា ដែលត្រូវគេស្គាល់ជាកូនសិស្សរបស់លោក ម៉ាក សាខន បានទទួលជ័យជម្នះគួរឱ្យភ្ញាក់ផ្អើល ដោយសូម្បីតែលោកទើបតែឡើងប្រកួតបានម្ដងនៅឡើយ។
អ្វីដែលគេចាប់អារម្មណ៍ គឺកីឡាករជើងថ្មីរូបនេះ មានកីឡាករជើងខ្លាំងផាន់ គ្រាន់ ជាអ្នកបញ្ជាក្បាច់ពីក្រោយ និងជាអ្នកឱ្យទឹកញញឹមបិទមាត់មិនជិតនៅពេលលោកស្រាប់តែមានសមត្ថភាពអាចវាយកីឡាករម្ខាងទៀតឱ្យសន្លប់ក្នុងទឹកទី២នៅលើសង្វៀន បន្ទាប់ពីកីឡាករ ផាន់ គ្រាន់ បញ្ជាប៉ុន្មានស្នៀតនៅពីក្រោមរេញ។
នេះជាការប្រកួតរវាងកីឡាករជើងថ្មី និងជើងថ្មីដូចគ្នា ដោយកីឡាករបង្គោលក្រហម មាឃ សុវណ្ណរ៉ា ធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ដោយសារតែការបញ្ចេញថ្វីដៃបានល្អក្រោមការបញ្ជាពីក្រោយខ្នងដោយកីឡាករជើងខ្លាំងផាន់ គ្រាន់ ។ ការប្រកួតរបស់កីឡាកររូបនេះពេលខ្លះបញ្ចេញសកម្មភាពភ័យៗដោយសារតែនោះជាលើកដំបូងក្នុងការឡើងសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលជាសង្វៀនធំ ។ អ៊ីចឹងហើយទើបការប្រកួតរបស់គេត្រូវបានភាគីម្ខាងទៀតគឺកីឡាករ ធា វុទ្ធី មកពីក្លិបកងចក្ររាជសីហ៍មានរិទ្ធិ វាយត្រូវឡើងចាស់ដៃ ប៊ិៈនឹងទទួលបរាជ័យលើរេញនោះផង ។ កីឡាករ ផាន់ គ្រាន់ ដែលជាអ្នកឱ្យទឹកត្រូវគេឃើញដើរតួជាអ្នកឱ្យទឹកផង និងបញ្ជាបច្ចេកទេសផងយ៉ាងសកម្មដើម្បីឱ្យកីឡាករនៅលើរេញមានកម្លាំងចិត្ត និងទទួលបានផ្លែផ្កា ។
អ្វីដែលគេកត់សម្គាល់ គឺការចំណាយកម្លាំងរបស់ផាន់ គ្រាន់ មិនអត់ប្រយោជន៍ ដោយសារតែពេលគេស្រែកថាវាយឆ្វេង កីឡាករ មាឃ សុវណ្ណរ៉ា វាយឆ្វេង ពេលប្រាប់ឱ្យវាយស្ដាំក៏វាយស្ដាំ ហើយពេលឱ្យប្រើកែងក៏ចេញកែងបានសម្រេចទៀត ។ កីឡាករ ធា វុទ្ធី បានក្លាយជាអ្នកដួលដេកលើរេញដោយសារតែត្រូវច្រើនដៃ ហើយទប់ជំហរលែងជាប់។ ការបញ្ជារបស់ផាន់ គ្រាន់ បានក្លាយជាផ្លែផ្កាសម្រាប់ការប្រកួតរបស់កីឡាករបង្គោលក្រហមយ៉ាងខ្លាំងទើបការប្រកួតរបស់ពួកគេធ្វើឱ្យកីឡាករផាន់ គ្រាន់ ញញឹមបិទមាត់មិនជិតនៅពេលការប្រកួតទើបតែបានត្រឹមទឹកទី២ ហើយកីឡាករដែលគេបញ្ជាឱ្យវាយបែបនេះបែបនោះនៅពីក្រោយខ្នងដណ្ដើមបានជ័យជម្នះលើគូប្រកួត តាមការចង់បាន។
កីឡាករ ផាន់ គ្រាន់ បានអះអាងថា លោកមិនមែនជាគ្រូបង្វឹកនោះឡើយ ហើយលោកក៏មិនត្រូវជាអ្វីនឹងកីឡាករ មាឃ សុវណ្ណរ៉ា នោះដែរ ប៉ុន្តែហេតុផលដែលគេចេញមុខឱ្យទឹក និងឈរបញ្ជាពីក្រោយខ្នង គឺដោយសារតែគេចង់បណ្ដុះកីឡាករល្អនិងមានឆន្ទៈម្នាក់ឱ្យមានកម្លាំងចិត្តរឹងប៉ឹងនិងសន្សំក្រេឌីតនៅលើសង្វៀន ស្របគ្នាដែលគេក៏ទើបតែបានឡើងរេញជាលើកទី១ ។
លោកថា កីឡាករ មាឃ សុវណ្ណរ៉ា ទើបតែបានហ្វឹកហាត់ប្រមាណជាង១ខែប៉ុណ្ណោះ តែពេលលោកទៅមើលគេហ្វឹកហាត់ លោកកត់សម្គាល់ពីការរីកចម្រើនរបស់គេល្អជាងកីឡាករថ្មីៗឯទៀត ទើបលោកសម្រេចចិត្តមកលើកទឹកចិត្តដល់សង្វៀននិងបានទាំងចេញមុខឱ្យទឹក និងឈរបញ្ជាពីក្រោយខ្នងផង ។ ផាន់ គ្រាន់បានអះអាងថា ជ័យជម្នះរបស់កីឡាករម្នាក់ គឺធំនៅលើអ្នកបញ្ជាខាងផ្នែកបច្ចេកទេសនោះហើយ ដោយសារតែភាពជាក់ស្ដែងកីឡាករ ដែលនៅលើរេញ គឺមិនមានស្មារតី និងមិនដឹងពីចំណុចខ្សោយរបស់គូប្រកួតនោះទេ ជាពិសេសនៅពេលដែលកីឡាករម្នាក់នោះ គឺជាកីឡាករថ្មីផង ។
យ៉ាងណាមិញ លោកថា កីឡាករម្នាក់ អាចស្ដាប់តាមការបញ្ជាបានល្អ ក៏ដោយសារតែភាពរ៉េផ្លិច និងភាពវ័យឆ្លាតរបស់កីឡាកររូបនោះផងដែរ ។ ផាន់ គ្រាន់ បញ្ជាក់ថា ពេលគេឡើងរេញគេត្រូវការអ្នកបញ្ជានៅក្រោមរេញលើផ្នែកបច្ចេកទេស គឺជាអ្នកមានបទពិសោធន៍ខ្លាំងដោយបានទាំងចាត់ទុកថា ការបោះបច្ចេកទេស និងរូបមន្តទៅកាន់កីឡាករណាម្នាក់ គឺជាយុទ្ធសាស្ត្ររបស់កីឡាករម្នាក់ៗដែលមិនខុសពីគ្រូបង្វឹកជាអ្នកបញ្ជាលើក្រុមបាល់ទាត់ដូច្នោះដែរ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា ការប្រកួតកាលពីថ្ងៃអាទិត្យនោះអាចចាត់ទុកថាជាការប្រកួតរំលេចជើងថ្មី បន្ទាប់ពីខាងសង្វៀនរបស់លោកបានព្យាយាមដាក់បញ្ចូលកីឡាករល្អៗវ័យក្មេងច្រើននាក់រួចមកហើយ ដើម្បីស្វែងរកជើងខ្លាំងជំនាន់ថ្មីឱ្យឡើងប្រកួតជាលក្ខណៈអន្តរជាតិផង និងជាលក្ខណៈជាតិផង ។ លោកថា នេះជាការលើកស្ទួយវិស័យកីឡាសម្រាប់កីឡាករក្មេងៗកាន់តែប្រសើរ ដោយសារកីឡាករថ្មីលោកតែងកត់សម្គាល់ថា ប្រឹងប្រកួតបានល្អ ។ លោកបានសរសើរកីឡាករ មាឃ សុវណ្ណរ៉ា ក្រោយទទួលបានជោគជ័យបើទោះជាលទ្ធផលដែលគេទទួលបានជាការកើតឡើងដោយការបញ្ជាពីក្រោយខ្នងរបស់ផាន់ គ្រាន់ក្ដី ។
លោកថា ខ្លួនចង់ដាក់គូប្រកួតក្មេងៗឱ្យបានច្រើន ប៉ុន្តែពេលខ្លះកីឡាករទាំងនោះក៏មិនគ្រប់គ្រាន់សម្រាប់ឱ្យលោកធ្វើការផ្គូផ្គងផងដែរ ទើបក្នុងពេលខ្លះក៏បានដាក់គូប្រកួតតែកីឡាករល្អៗ ហើយមើលរំលងកីឡាករថ្មីៗ ។ លោកថា ឱ្យតែមានកីឡាករវ័យក្មេងណាល្អលោករៀបចំដាក់ភ្លាម ហើយលោកនឹងសម្រេចរៀបចំឱ្យប្រកួតជាលក្ខណៈគូអន្តរជាតិនោះផង ប្រសិនបើគេមានបទពិសោធន៍គ្រប់គ្រាន់ ហើយហ៊ានឡើងប្រកួត ។
លោកថា មានអ្នកទស្សនានៅតាមគេហដ្ឋានច្រើនបានសរសើរពីសមត្ថភាពរបស់កីឡាករក្មេងៗដែលលោកបានជ្រើសរើស ហើយបើនិយាយពីមន្ត្រីសហព័ន្ធគឺតាមដានច្រើនជាងគេតាមក្លិបដែលមានសិស្សល្អៗផងដែរ ទើបលោកអាចជម្រើសបានកីឡាករល្អៗឱ្យឡើងប្រកួតលើរេញ ។ លោកថា ការប្រដាល់នាពេលកន្លងមក មិនដែលភ្លេចពីការបញ្ចូលគ្នារវាងកីឡាករស្រករមុន និងកីឡាករស្រករក្រោយនោះទេ គឺរមែងដាក់មួយគូៗយ៉ាងតិចឱ្យមហាជនបានឃើញជានិច្ច ដោយគ្រាន់តែវត្តមានរបស់កីឡាករទាំងនោះហាក់មិនសូវទាក់ទាញចំណាប់អារម្មណ៍បានច្រើន ដើម្បីជំនួសកីឡាករល្អៗចាស់ៗដែលបណ្ដាក់គ្នាឈប់ប្រកួតម្ដងម្នាក់ៗនាពេលនេះប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ