ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ជេរ​ម៉ែឪ និង​ប្រមាថ​អាយុជីវិត​ខ្លួន វាយ​សម្លា.ប់​តែ​ម្ដង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នាំ​គ្នា​ផឹកស៊ី​ក្លែមសម្តី​ក្នុង​ខ្ទម​ដី​ឡូត៍​ដ៏​កម្សត់ ត្រូវ​បាន​ជន​ដៃដល់​វាយ​កម្មករ​សំណង់​ម្នាក់ ជា​ច្រើន​ដំបង ដែល​ទៅ​ដេក​ជាមួយ​អ្នកយាម​ដី​ឡូត៍​ឱ្យ​គេ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម រួច​អូស​យក​មក​ទម្លាក់​នៅ​មុខ​របង​តាម​ផ្លូវ​គ្រោះ​ក្រហម ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។ បង្ក​ឱ្យ​មានការ​ភ្ញាក់…

ខេត្តសៀមរាប ៖ នាំ​គ្នា​ផឹកស៊ី​ក្លែមសម្តី​ក្នុង​ខ្ទម​ដី​ឡូត៍​ដ៏​កម្សត់ ត្រូវ​បាន​ជន​ដៃដល់​វាយ​កម្មករ​សំណង់​ម្នាក់ ជា​ច្រើន​ដំបង ដែល​ទៅ​ដេក​ជាមួយ​អ្នកយាម​ដី​ឡូត៍​ឱ្យ​គេ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម រួច​អូស​យក​មក​ទម្លាក់​នៅ​មុខ​របង​តាម​ផ្លូវ​គ្រោះ​ក្រហម ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។ បង្ក​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច តាំងពី​ព្រឹក រហូត​ដល់​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ទើប​ចាប់​បាន ជនសង្ស័យ រួច​នាំ​យក​មក​ធ្វើ​ត្រាប់ នៅ​កន្លែង​កើតហេតុ​ក្នុង​ដី​ឡូត៍​វិញ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ ប្រជាពលរដ្ឋ​ចូល​មើល​ឡើយ​។ ហេតុការណ៍​ចាប់​បាន​ជន​ដៃដល់​នោះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ទំនប់ ខាងត្បូង​អង្គរ​ឃ្យុ​ង​យូ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើ​សន្និសីទ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពី​កម្លាំង​ប្រជា​ការពារ​ភូមិ​ស្ល​ក្រាម បាន​ប្រទះ​សាកសព​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​២១ ឧសភា នេះ ស្ថិត​ត្រង់​ចំណុច ដី​ឡូត៍​មួយ​កន្លែង​ក្នុង​ក្រុម​ទី​២០ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ម៉ោង​ប្រមាណ​ជា​១​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ទើប​ឃាត់ខ្លួន បាន​ជន​ដៃដល់ ដែល​សម្លាប់​ជន​រង​គ្រោះ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​អធិការ​ក្រុង​សៀមរាប​។ លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ឈៀក ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​សំរោង​ក្រុង ឃុំ​សំរោង​ក្រុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

ចំណែក ជនសង្ស័យ​ឈ្មោះ ស៊ិ​ន សីហ​សទ្ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្មាន មានស្រុក​កំណើត​នៅ​ភូមិ កំពង់ក្របី ឃុំ​ឯកភាព ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ ឪពុក​ម្តាយ ក្នុងភូមិ​ធ្លក អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។ មូលហេតុ គឺ​ដោយសារ​ពេល​ផឹកស៊ី​ចប់ ជនសង្ស័យ​ខឹង ជន​រង​គ្រោះ ដែល​បាន​ជេរ​ឪពុក ម្តាយ​របស់​ខ្លួន ព្រមទាំង​ប្រមាថ​អាយុជីវិត​រូបគេ​ទៀត ទើប​ហ៊ាន​លើកដៃ វាយ​សម្លាប់​ដូច្នេះ​។ ក្រោយ​សាកសួរ​រួច ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ​ថា មុន​ដំបូង​រូប​ខ្ញុំ បាន​ជិះ​កង់​ចេញពីផ្ទះ​ឪពុក​ម្តាយ​ទៅ​ផឹក​ស្រាស​ជាមួយ អ៊ុំ (​ប៊ុ​ន លី​) ជា​អ្នកយាម​ដី​ឱ្យ​គេ និង ជន​រង​គ្រោះ​ឈ្មោះ ឈៀក ប៊ុ​ន​ណា អស់​ស្រាស​ចំនួន​១​លី​ត្រ​កន្លះ ខណៈនោះ​អ៊ុំ ប៊ុ​ន លី ស្រវឹង គាត់​ក៏​ចូល​ដេក​មុន ហើយ​នៅ​សល់​តែ​រូប​ខ្ញុំ និង​ជន​រង​គ្រោះ​ផឹក​តែ​២​នាក់​។

ជនសង្ស័យ​បាន​សារភាព​បន្ត​ថា បន្ទាប់​មក អស់​ស្រា​រូប​ខ្ញុំ​ក៏​ដើរទៅ​បម្រុង​ដាក់​មុង​ចូល​ដេក ស្រាប់តែ​ជន​រង​គ្រោះ ឈ្មោះ ឈៀក ប៊ុ​ន​ណា បាន​ជេរ​ឪពុក​ម្តាយ និង​ប្រមាថ​អាយុជីវិត​រូប​ខ្ញុំ ជា​ច្រើន​លើក ច្រើន​សារ ទើប​ខ្ញុំ​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ចេញពី​មុង​ចុះ​មក​ដី​យក​ដំបង​ឈើ ប្រវែង​០,៥៥​ម៉ែត្រ រត់​ទៅ​វាយ ជា​ច្រើន​ដំបង ក៏​ដួល​ផ្កាប់មុខ ខណៈ​ជន​រង​គ្រោះ​កំពុង​រៀបចំ​ដេក​។ រួច​ខ្ញុំ​ក៏​វាយ​បន្ត ហើយ​អូស​ជើង ជន​រង​គ្រោះ​ទម្លាក់​មក​ដី ហើយ​វាយ​បន្ថែម​ទៀត​រហូត​ដល់​ស្លាប់​។ ប៉ុន្តែ​រូប​ខ្ញុំ មិន​អស់ចិត្ត ក៏​មក​អង្គុយ​ជក់បារី​រង់ចាំ​ខ្លាចក្រែង​ជន​រង​គ្រោះ​ដឹងខ្លួន ដើម្បី​វាយ​ថែម​ទៀត តែ​ស្លាប់​បាត់ ហើយ​ក៏​អូស ចេញ​ទៅ​ចោល​នៅ​ក្រៅរបង ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​កុំ​ថា ស្លាប់​នៅ​ក្នុង​ដី​ឡូត៍ រួច​ក៏​ដើរ​ត្រឡប់​មក​វិញ ប្រមូល​កន្ទេល ផួយ មុង និង​មក​ដូរ​សម្លៀក​បំពាក់ ដើម្បី​យក​ទៅ​ដុត ប៉ុន្តែ​ដុត​មិន​ឆេះ​ក៏​ទុក​ចោល ហើយ​ក៏​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​ផឹក​នៅផ្ទះ​ពូ​ក្រោយ​វត្ត​ពោធិ៍​លង្កា​។

លុះដល់​ថ្ងៃ​ប្រហែល​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ រូប​ខ្ញុំ​បាន​ជិះ​កង់​ចេញពីផ្ទះ​ពូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​សុំ​លុយ​ម្តាយ​ចំនួន ២០​ដុល្លារ ដើម្បី​ជិះឡាន​រត់គេច​ខ្លួន​ទៅ​បាត់ដំបង​។ ប៉ុន្តែ​ឪពុក​ម្តាយ​មិន​ឱ្យ ដល់​ពាក់​កណ្តាលផ្លូវ ឃើញ​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ ក៏​ទុក​កង់​ចោល​រត់​ចូល​ព្រៃ​ក្បែរ​ទំនប់ ប៉ុន្តែ​អកុសល ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង រួច​បញ្ជូន​មក​កាន់​អធិការ​ក្រុង​ដើម្បី​សួរនាំ​៕
https://youtu.be/0w3GFW_uvCw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ