ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ខៀវ​2​រូប​ហេង​ខ្លាំងនៅ​លើ​សង្វៀន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២០ ឧសភា មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងដោយសារ​កីឡាករ​ជើង​ខ្លាំង​៤​រូប​ប្រកួត​គ្នា ហើយកីឡាករ​ដែល​ស្ថិត​នៅ​បង្គោល​ខៀវ​បាន​ទទួលជ័យជម្នះ​ទាំងអស់ ប៉ុន្តែ​ជ័យជម្នះ​របស់​ពួក​គេ​ទាំង​ពីរ​ត្រូវ​គេ​មើលឃើញ​ថា ជា​ជ័យជម្នះ​បាន​មក​ពី​សំណាង​ច្រើន​ជាង​បច្ចេក​ទេស ។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២០ ឧសភា មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងដោយសារ​កីឡាករ​ជើង​ខ្លាំង​៤​រូប​ប្រកួត​គ្នា ហើយកីឡាករ​ដែល​ស្ថិត​នៅ​បង្គោល​ខៀវ​បាន​ទទួលជ័យជម្នះ​ទាំងអស់ ប៉ុន្តែ​ជ័យជម្នះ​របស់​ពួក​គេ​ទាំង​ពីរ​ត្រូវ​គេ​មើលឃើញ​ថា ជា​ជ័យជម្នះ​បាន​មក​ពី​សំណាង​ច្រើន​ជាង​បច្ចេក​ទេស ។ អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កីឡាករ​ជា​គូប្រកួត​ខកចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់ទាញ​ប្រជាប្រិយភាព​ពី​អ្នក​ទស្សនា​បាន​ច្រើន​មិនធម្មតា​ផង​ដែរ​។

ធៀប​នឹង​ការ​ប្រកួត​របស់​កីឡាករ​ជើង​ខ្លាំង​អន្តរជាតិ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​សៅរ៍​នោះ គេ​កត់​សម្គាល់ថា កីឡាករ​វ័យក្មេង​២​រូប​ដែល​ស្ថិត​នៅ​បង្គោល​ខៀវ​គឺ កីឡាករ សយ សី មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធិ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​កីឡាករ តាំង សីហា មក​ពី​ក្លិប​ទី​បញ្ជាការ​កងពលតូច​លេខ​៧០ ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​កីឡាករ​ចាស់វស្សា​ជា​ជើង​ខ្លាំង ធា រិ​ទ្ធី មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយពិន្ទុ​ក្នុង​ទឹក​ទី​៥ ដោយសារ​តែ​បាន​ធ្វើ​សកម្មភាពខ្លាំង​ៗ​លើ​សង្វៀន ។ កីឡាករ​ទាំង​២​កាន់តែ​បង្ហាញ​​សមត្ថ​​ភាពល្អ​ខ្លាំង​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យកីឡាប្រដាល់​ជក់ចិត្ត​ចាប់អារម្មណ៍​ខ្លាំង​ជាង​គូ
ល្បី​ៗ​ទៅ​ទៀត ។ ដ្បិតថា ពួក​គេ​ឡើង​ប្រកួតគ្នា​មិនមែន​ក្នុង​នាម​ជា​គូ​អន្តរជាតិ តែ​គេ​កត់
សម្គាល់ថា អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍ខ្លាំង​ជាង​គូ​ឯក ឬ​គូ​អន្តរជាតិ ជាក់ស្ដែង​សម្រែក​ហ៊ោកញ្ជ្រៀវ​និង​ការ​អបអរសាទរ គឺ​មាន​កម្រិត​ខ្លាំង​មិនធម្មតា​ជា​ភស្តុ​តាង​ស្រាប់។

សំឡេង​ហ៊ោកញ្ជ្រៀវ​បាន​កើត​មាន​ឡើង​ខ្ទរ​ពេញសង្វៀន​ប្រដាល់​នា​ថ្ងៃ​នោះ​ដែល​អាច​និយាយ​បាន​ថា កីឡាករ​មួយគូ​នេះ​ក្លាយជា​សមាសភាព​ដក់​ជាប់​ក្នុង​អារម្មណ៍​មហាជន​តែ​ម្ដង ក្នុង​ពេល​ដែល​គូ​ល្បី​ៗ​មួយ​ចំនួន​រង​ការ​រិះគន់​រឿង​ប្រកួត​លែង​កើត​ទៅ​វិញ ។

អ៊ីចឹង​ហើយ​ទើប​អ្នក​ឈ្នះ​ក្លាយជា​អ្នក​ល្បី​តែ​ម្ដង ដោយសារ​មាន​អ្នក​ទស្សនា​នា​ថ្ងៃ​នោះ​ដក់​ជាប់​ក្នុង​អារម្មណ៍ ។ អ្នក​អង្គុយ​ទស្សនា​ដក​ក​ចំហ​មាត់​មិន​តិច​ទេ ក្នុង​ពេល​សកម្មភាព​ប្រកួត​របស់​អ្នក​ទាំង​ពីរ​មាន​ភាពស្វិតស្វាញ​ពេញ​រយៈពេល​៥​ទឹក ហើយ​ក្នុង​ទឹក​ទី​៥​បាន​ក្លាយជា​ទឹក​កាត់ក្ដី​ធ្វើ​ឱ្យ​ភាគី​អ្នក​ឈ្នះ​ល្បីឈ្មោះ​តែ​ម្ដង​។

នេះ​ជា​គូប្រកួត​ដែល​មានការ​ចាប់អារម្មណ៍​ក្នុង​ចំណោម​កីឡាករ​ជើង​ថ្មី​នៅ​ក្នុង​ពិភព​ប្រដាល់ ខណៈ​ដែល​អ្នក​ទស្សនា​ក៏​បាន​ចាត់​ទុក​ថា កីឡាករទាំង​ពីរ​ថ្វីបើ​មិន​បាន​ឡើង​រេញ​ច្រើន​កន្លង​មក តែ​វត្តមាន​ឡើង​រេញ​លើក​នេះ​មាន​សន្ទុះ​​គាំទ្រ​ខ្លាំង ។ ម្នាក់​ៗ​និយាយ​ថា អ្នក​ទាំង​ពីរ​មិន​ទាន់​ប្រកួត​បាន​ច្រើន​លើក​ផង តែ​ទទួល​បានការ​ចាប់អារម្មណ៍​បាន​​ច្រើន​​ដល់​ម្លឹ​ង​ទៅ​ហើយ ចុះ​ទម្រាំ​មានឱកាស​ឡើង​ប្រកួត​គ្នា​បាន​ច្រើន​ជាង​នេះ​តើ​នឹង​ល្អ​យ៉ាងណា ។ អ្នក​ទាំង​ពីរ​ក៏​ស្ថិត​ក្នុង​វ័យ​ត្រូវ​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នា​ពេល​ខាង​មុខ​ផង​ដែរ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រដាល់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នោះ មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​លោក​នៅ​ចាត់​ទុក​ថា ការ​ប្រដាល់​អន្តរ​ជាតិ​ក្នុង​ព្រឹត្តិការណ៍​នោះ​ទាក់ភ្នែក​មហាជន​ចង់​ចាញ់​ការ​ប្រកួត​របស់​កីឡាករ​កម្ពុជា​ទាំង​៤​រូប​ផង​។ លោក​ថា ការ​ប្រកួត​ថ្ងៃ​នោះ​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​រំលេច​ជើង​ថ្មី បន្ទាប់​ពី​សង្វៀន​របស់​លោក​បាន​ព្យាយាម​ដាក់​បញ្ចូល​កីឡាករ​ល្អ​ៗ​វ័យក្មេង​ច្រើន​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ជំនាន់​ថ្មី​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​ប្រកួត​ជា​លក្ខណៈ​គូ​ល្អ​ៗ ។

លោក​ថា នេះ​ជា​ការ​លើក​ស្ទួយ​វិស័យ​កីឡា​សម្រាប់​កីឡាករ​ក្មេង​ៗ​កាន់តែ​ប្រសើរ ដោយ​សារ​តែ​កីឡាករ​ថ្មី​លោក​តែង​កត់​សម្គាល់ថា ប្រឹង​ប្រកួត​បាន​ល្អ ។ លោក​បាន​សរសើរ​ចំពោះ​​កីឡាករ សយ សី និង​កីឡាករ តាំង សីហា ក្រោយ​ទទួល​បាន​ជោគជ័យ បាន​ទទួល​​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​មហាជន ។ លោក​ថា ខ្លួន​ចង់​ដាក់​គូប្រកួត​ក្មេង​ៗឱ្យ​បាន​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​កីឡាករ​ទាំងនោះ​ក៏​មិន​គ្រប់គ្រាន់​សម្រាប់​ឱ្យ​លោក​ផ្គូផ្គង​ផង​ដែរ ទើប​ក្នុង​ពេល​ខ្លះ​ក៏​បាន​ដាក់​កីឡាករ​ល្អ​ៗ​ហើយ​មើល​រំលង​កីឡាករ​ថ្មី​ៗ ។

លោក​ថា ឱ្យ​តែ​មាន​កីឡាករ​វ័យក្មេង​ណា​ដែល​ល្អ លោក​រៀបចំ​ដាក់​ភ្លាម ហើយ​លោក​នឹង​សម្រេច​រៀបចំ​ឱ្យ​ប្រកួត​ជា​លក្ខណៈ​គូ​អន្តរជាតិ​ថែម​ទៀត​ផង ប្រសិនបើ​គេ​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ហើយ​ហ៊ាន​ឡើង​ប្រកួត ។ លោក​ថា មាន​អ្នក​ទស្សនា​នៅ​តាម​គេហ​ដ្ឋាន​ច្រើន​បាន​សរសើរ​ពី​សមត្ថភាព​របស់​កីឡាករ​ក្មេង​ៗ​ដែល​លោក​បាន​ជ្រើសរើស ហើយ​បើ​និយាយ​ពី​មន្ត្រី​សហព័ន្ធ​គឺ​តាមដាន​ច្រើនជាងគេ​តាម​ក្លិប​ដែល​មាន​សិស្ស​គុន​ល្អ​ៗ​ផង​ដែរទើប​លោក​អាច​ជម្រើស​បាន​កីឡាករ​ល្អ​ៗ​ឱ្យ​ឡើង​ប្រកួត​លើ​រេញ ។

លោក​ថា ការ​ប្រដាល់​នា​ពេល​កន្លង​មក ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​មិន​ដែល​ភ្លេច​ពី​ការ​​បញ្ចូល​​គ្នា​រវាង​កីឡាករ​ស្រករ​មុន និង​កីឡាករ​ស្រករ​ក្រោយ​នោះ​ទេ គឺ​រមែង​ដាក់​មួយគូ​ៗ​យ៉ាងតិច​ឱ្យ​មហាជន​បានឃើញ​ជា​និច្ច ដោយគ្រាន់តែ​វត្តមាន​របស់​កីឡាករ​ទាំងនោះ​ហាក់​មិនសូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​បាន​ច្រើន ។

លោក​បាន​កោតសរសើរ​ចំពោះ​វត្តមាន​របស់​កីឡាករ​ទាំង​៤​ដោយ​បាន​ទាំង​ចាត់​ទុក​ថា ពួក​គេ​ប្រើ​អស់​សមត្ថភាព​ធ្វើ​ឱ្យ​លោក​ដែល​ជា​អ្នក​រៀបចំ​ក៏​មាន​កម្លាំងចិត្ត​ក្នុង​ការ​ផ្គូផ្គង ហើយ​កាន់តែ​សរសើរ​ចំពោះ​អ្នក​ឈ្នះ បើ​ទោះជា​កីឡាករ សយ សី និង​កីឡាករ តាំង សីហា ត្រូវ​លោក​ទទួលស្គាល់​ថា​បាន​ឈ្នះ​ដោយសារ​ចៃដន្យ ព្រោះតែ​ភាគី​ម្ខាង​ទៀត​ភ្លាត់ស្នៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ