ទីក្រុងវ៉ាស៊ីនតោន ៖ ប្រទេសចិន និងអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍កន្លងមកថា ចិនបានយល់ស្របចេញវិធានការបង្កើនការនាំចូលពីអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយអាមេរិក ប៉ុន្តែមិនលើកឡើងពីគោលដៅចំនួន២០០ប៊ីលានដុល្លារដែល White House ធ្លាប់ចង់បានទេ ។
ប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា ពួកគេនឹងបន្តចរចាពីវិធានការដែលចិននឹងនាំចូលបន្ថែមពីអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មចំនួន៣៣៥ប៊ីលានដុល្លារក្នុង១ឆ្នាំរបស់អាមេរិកជាមួយចិន ។
សេចក្តីប្រកាសរួមបានឲ្យដឹងថា ៖« មានការព្រមព្រៀងជាឯកច្ឆន្ទលើការចេញវិធានការកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកយ៉ាងច្រើនជាមួយចិន ។ ដើម្បីផ្គត់ផ្គង់តាមកំណើនតម្រូវការរបស់ប្រជាពលរដ្ឋចិន និងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចមានគុណភាពខ្ពស់ ប្រទេសចិននឹងបង្កើនការទិញផលិតផល និងសេវាពីអាមេរិកជាច្រើន » ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមថា នឹងដាក់ពន្ធលើផលិតផលចិនប្រមាណ១៥០ប៊ីលានដុល្លារ ដើម្បីប្រឆាំងនឹងការរំលោភកម្មសិទ្ធិបញ្ញាផ្នែកបច្ចេកវិទ្យា តាមរយៈលក្ខខណ្ឌវិនិយោគ និងគោលនយោបាយផ្សេងៗទៀត ។ ប្រទេសចិនបានគំរាមថា នឹងដាក់ពន្ធលើការនាំចេញធំៗរបស់អាមេរិកផងដែរដូចជា យន្តហោះ សណ្តែកសៀង និងយានយន្ត ជាដើម ។
អាមេរិកបានទាមទារឲ្យប្រទេសចិនកាត់បន្ថយផលលើសពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិកប្រមាណ២០០ប៊ីលានដុល្លារ ។ វាជាចំនួនដែលសេដ្ឋវិទូភាគច្រើននិយាយថា មិនអាចសម្រេចបានទេ ។
ការកាត់បន្ថយបែបនេះ នឹងត្រូវផ្លាស់ប្តូរដ៏ធំសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ចំនួននេះក៏ច្រើនជាងការនាំចេញកសិផល និងប្រេងរបស់អាមេរិកប្រចាំឆ្នាំផងដែរ។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍នេះឲ្យដឹងទៀតថា ប្រទេសចិននឹងធ្វើវិសោធនកម្មលើច្បាប់ និងវិធានការ ដើម្បីអនុញ្ញាតឲ្យមានការនាំចូលពីអាមេរិកបន្ថែម រួមមាន ការធ្វើវិសោធនកម្មលើច្បាប់ប៉ាតង់ ។
តំណាងរាស្ត្រ និងអ្នកជំនាញផ្នែកពាណិជ្ជកម្មមួយចំនួនព្រួយបារម្ភថា លោកត្រាំ អាចនឹងផ្តល់អាទិភាពដល់ការកាត់បន្ថយឱនភាពពាណិជ្ជកម្មច្រើនជាងការរំលោភសិទ្ធិកម្មសិទ្ធិបញ្ញាដោយប្រទេសចិន ៕
ចែករំលែកព័តមាននេះ