អ្នក​ចិញ្ចឹម​ជ្រូក​​ចង់​ប្រឆាំង​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​អា​មេ​រិ​ក


ទីក្រុង​បាងកក ៖ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ប្រទេស​ថៃ​មាន​គម្រោង​តវ៉ា​ប្រឆាំង ប្រសិនបើ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​សាច់​ជ្រូក​ពី​សហរដ្ឋអាមេរិក ។

លោក Surachai Sutthitham ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក បាន​ឲ្យ​ដឹង​ថា អ្នក​ចិញ្ចឹម​ជ្រូក​ទូ​ទាំង​ប្រទេស មិន​រីករាយ​នឹង​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​អា​មេ​រិ​ក​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ដួល​រលំ ។ លោក​ថា ៖« សមាជិកសមាគម​ដែល​ទាក់ទង​នឹង​ការ​ចិញ្ចឹម​ជ្រូក និង​ក្រុមហ៊ុន​ចំនួន​១៩​ទៀត នឹង​ប្រមូលផ្តុំ​គ្នា​អង្គុយ​តវ៉ា​ប្រឆាំង​ជាមួយ​រដ្ឋា​ភិបាល ប្រសិនបើ​អនុញ្ញាត​ឲ្យ​នាំ​ចូល​សាច់​ជ្រូក​ពី​អា​មេ​រិ​ក » ។

លោក​បន្ថែម​ថា អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បាន​ជួប​ប្រទះ​នឹង​ផល​ប៉ះពាល់​រួច​ទៅ​ហើយ ដោយសារ​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​ក្នុងស្រុក​លើសលប់ ។

គេ​ព្យាករ​ថា តម្រូវការ​សាច់​ជ្រូក​ក្នុងស្រុក​នៅ​ឆ្នាំ​នេះ ស្មើ​តែ​១៤​លាន​ក្បាល​ប៉ុណ្ណោះ ខណៈ​ការ​ចិញ្ចឹម​ស្មើ​ដល់​១៨​លាន​ក្បាល ។

លោក Surachai បាន​លើក​ឡើង​ពី​ប្រទេស​វៀតណាម ដែល​ពួក​គេ​ជួប​ប្រទះ​នឹង​ការ​ខាតបង់​យ៉ាង​ខ្លាំង​មក​ពី​សាច់​ជ្រូក​តម្លៃ​ទាប បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម​បើក​ទីផ្សារ ។

កាលពី​ថ្ងៃ​សុក្រ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​​ព័ត៌មាន​ថា ពួក​គេ​នឹង​ត្រួតពិនិត្យ​ប្រទេស​ថៃ​ថា គ្រប់​លក្ខខណ្ឌ​សម្រាប់​ទទួល​បាន​អាទិភាព​ពាណិជ្ជកម្ម​ដែរ​ឬទេ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ផលិត​សាច់​ជ្រូក​ជា​ច្រើន​លើក​ឡើង​ពី​បញ្ហា​នេះ ។

កាលពី​ខែមេសា​កន្លង​មក ក្រុមប្រឹក្សា​អ្នក​ផលិត​សាច់​ជ្រូក​ជាតិ​របស់​សហរដ្ឋអាមេរិក បាន​ស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ GSP (generalised system of preferences) ដោយ​អះអាង​ថា ប្រទេស​ថៃ​មិន​អនុញ្ញាត​ឲ្យ​ផលិតផល​អា​មេ​រិ​ក រួម​ទាំង​សាច់​ជ្រូក ចូល​ក្នុង​ទីផ្សារ​របស់​ពួក​គេ​ទេ ។

យោង​តាម​សហព័ន្ធ​នាំ​ចេញ​សាច់​របស់​សហរដ្ឋអាមេរិក (US Meat Export Federation)​ បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​សាច់​ជ្រូក​ពី​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ថៃ សរុប​ស្មើ​៣១​តោន ក្នុង​តម្លៃ​ប្រមាណ​១២​ម៉ឺន​៨​ពាន់​ដុល្លារ ។

សហព័ន្ធ​នេះ​បន្ត​ថា សាច់​ជ្រូក​ដែល​បាន​ផ្គត់ផ្គង់​នៅ​សហភាព​អឺរ៉ុប​ភាគច្រើន គឺ​នាំ​ចូល​ពី​ប្រទេស​ថៃ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ