រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៍ ទី១៩ ឧសភា ស្អែកនេះ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នឹងបើកការប្រដាល់ជាលក្ខណៈអន្តរជាតិដូចសព្វដងនៅក្នុងទីតាំងរបស់ខ្លួនដែលស្ថិតនៅព្រែកកំពិស ម្ដុំព្រែកហូរ ជាយរាជធានីភ្នំពេញ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺកីឡាករថៃដែលជាជើងខ្លាំងមិនធម្មតា ត្រូវបានគេផ្គូផ្គងឱ្យប្រកួតជាមួយកីឡាករកម្ពុជា ខេម ចាន់ ដែលបាត់មុខមួយរយៈមិនទាន់ដឹងថាវិជ្ជាគុនរបស់គេល្អដដែលឬធ្លាក់ដល់កម្រិតណានោះ ។ នេះជាការប្រកួតមួយយ៉ាងកម្រ ខណៈមានការទម្លាយថា កីឡាករកម្ពុជាក្លាហានទទួលយកការប្រកួតនោះដើម្បីឱ្យភាពស្ងប់ស្ងាត់មួយរយៈរបស់ខ្លួនកម្រើកឡើងវិញ ស្របគ្នាដែលអ្នករៀបចំការប្រកួតបញ្ជាក់ថា បើកីឡាករកម្ពុជាទទួលជ័យជម្នះ គឺពិតជាល្បីម្ដងទៀត តែបើចាញ់មិនខុសពីផ្កាប់ទីផ្សារដែលស្ថិតក្នុងការប្រជែងគ្នាខ្លាំងនាពេលនេះទេ។
ការប្រកួតដែលនឹងចាប់ផ្ដើមធ្វើពីម៉ោង៥ល្ងាចស្អែកនេះមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រាតប្រដេញគ្នា ។
កីឡាករកម្ពុជាត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឱ្យស្វាគមន៍ជើងខ្លាំងថៃNok Kachip ដែលកីឡាកររូបនេះក្រៅពីជាម្ចាស់ខ្សែក្រវាត់ល្បីឈ្មោះនៅក្នុងប្រទេសថៃ ក៏មានថ្វីដៃបំបាក់កីឡាករបរទេស និងកីឡាករថៃដូចគ្នារាប់មិនអស់ ។ អ្នករៀបចំការប្រកួតបានអះអាងថា នៅក្នុងថ្ងៃនោះកីឡាករកម្ពុជាចំនួន៤រូបក៏ត្រូវប៉ះគ្នាក្នុងលក្ខណៈមិត្តភាពផងដែរ។ វត្តមានកីឡាករកម្ពុជា និងថៃក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកនៅក្នុងថ្ងៃនោះទេ ពិតជាធ្វើឱ្យអ្នកស្នេហាវិស័យប្រដាល់ចាប់អារម្មណ៍ខ្លាំងមិនខាន ។
លោកអះអាងថា បើទោះជាការប្រកួតជ្រើសរើសជើងឯកដែលមានការចាប់អារម្មណ៍ត្រូវបានសម្រាកមួយសប្ដាហ៍ ក៏ប៉ុស្តិ៍លេខ៥នៅតែបានបញ្ចូលការប្រកួតជាលក្ខណៈអន្តរជាតិមួយគូៗដើម្បីឱ្យរឹតតែទាក់ទាញខ្លាំង ។ វត្តមានសមាសភាពគូអន្តរជាតិ ក៏ត្រូវបានសម្រាំងយ៉ាងពិសេសផងដែរ ដើម្បីឱ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ នៅពេលកីឡាករប្រកួតគ្នា។
លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រកួតប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បញ្ជាក់ថា សមាសភាពខាងកម្ពុជាសម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ
ខេម ចាន់ ដោយសារតែកីឡាកររូបនេះធ្លាប់មានស្នាដៃរាប់មិនអស់ទើបលោកសម្រេចដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ ។ លោកប្រកាសថា វត្តមានចុះមករបស់កីឡាករថៃNok Kachip មានតែខេម ចាន់ ម្នាក់ប៉ុណ្ណោះដែលលោកសម្លឹងឃើញថាមានបទពិសោធន៍ និងមានសមត្ថភាពគ្រប់គ្រាន់អាចឱ្យប្រកួតជាមួយបាន ជាពិសេសគឺអ្នកទាំងពីរមានប្រភេទទម្ងន់ត្រូវគ្នា ។ លោកក៏បានកំណត់ឱ្យកីឡាករកម្ពុជារូបនេះហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរមុនពេលផ្គូផ្គង ទើបលោកយល់ថា សមាសភាពរបស់កីឡាករកម្ពុជាមួយនេះ គ្រប់គ្រាន់សម្រាប់ឱ្យប៉ុស្តិ៍លេខ៥ដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍ស្អែកនេះបាន។
លោកថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើនថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត ដោយសារជាបទពិសោធន៍ កីឡាករ ខេម ចាន់ មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ទៅហើយ ស្របគ្នាដែលគេក៏ជាកីឡាករក្លាហាន ហើយវាយស៊ូ ។
លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឱ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថាមិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជាវិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោកតាំងពីមុនផ្គូផ្គង ។ បើទោះជាកីឡាករកម្ពុជាត្រូវប្រឈមនឹងNok Kachipជាកីឡាករថៃល្អក៏លោកនៅតែប្រកាសលើកទឹកចិត្តចំពោះខេម ចាន់ ថា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការតតាំង និងមានសង្ឃឹមឈ្នះច្រើន ពោលគឺល្អជាងការផ្គូផ្គងដាក់កីឡាករកម្ពុជាផ្សេងឱ្យជំនួស ។ ជំនួបរវាងពួកគេលោកនៅតែថាមិនមែនជារឿងចៃដន្យ និងមិនមែនជារឿងធម្មតា ដោយសារមានការព្រាងទុកពីសំណាក់រូបលោកដែលជាអ្នកផ្គូផ្គងនៅប៉ុស្តិ៍លេខ៥ និងការរៀបចំទុកពីសំណាក់អ្នកដឹកនាំកីឡាករថៃមកតែម្ដង ។
លោកថា មួយគូនេះអ្នកណាឈ្នះក្រៅពីទទួលបានទឹកប្រាក់ច្រើនជាង ក៏ទទួលបានទំនុកចិត្តពីអ្នកគាំទ្រកាន់តែខ្លាំងផងដែរ ។ ផ្ទុយទៅវិញបើចាញ់ការប្រកួតហើយជាកីឡាករកម្ពុជាទៅទៀត គឺមិនត្រឹមតែអាម៉ាស់ប៉ុណ្ណោះទេក៏នឹងមានការរិះគន់ធ្ងន់ធ្ងរនៅក្នុងស្រទាប់អ្នកចូលចិត្តកីឡា ។ យ៉ាងណាមិញ លោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹងតែបើគេប្រកួតមិនល្អ ឬ មិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ ។ លោកថា ជំនួបរបស់ពួកគេត្រូវបានដាក់យ៉ាងពិសេសសម្រាប់ថ្ងៃសៅរ៍សប្ដាហ៍នេះ តែក៏ទាមទារឱ្យប្រឹងប្រែងណាស់ដែរ គឺមិនអាចសំអាងត្រឹមថាជាកីឡាករល្បីស្រាប់ មានការគាំទ្រស្រាប់ហើយក៏ខ្វះការប្រឹងប្រឹងនោះទេ។ លោកចាត់ទុកថា ខេម ចាន់ នៅតែជាកីឡាករដែលខ្លាំងបើទោះជាបាត់មុខមួយរយៈក្ដី។
លោក សេង កដិកា បញ្ជាក់ថា ការប្រកួតរបស់ប៉ុស្តិ៍លេខ៥ កាន់តែមានការចាប់អារម្មណ៍ ដោយសារតែនៅសប្ដាហ៍ក្រោយ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើមឡើង៕
ចែករំលែកព័តមាននេះ