ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ជាថៅកែសិប្បកម្មផលិតទឹកបរិសុទ្ធយីហោ «ជីងថាយ» បានត្រូវខ្មាន់កាំភ្លើងបិទមុខភ្ជង់និងបាញ់ប្រហារ បណ្តាលឱ្យដួលស្លាប់ក្រោមរថយន្តដឹកទឹកបរិសុទ្ធរបស់ខ្លួន ពេលព្យាយាមរត់គេចពីចុងកាណុងរបស់ឃាតករ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី១៦ ឧសភា នៅក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់ ហើយព័ទ្ធខ្សែការពារកន្លែងកើតហេតុ រហូតដល់ព្រឹកឡើងទើបពិនិត្យនិងធ្វើកោសល្យវិច័យ ។ នេះជាអំពើឃាតកម្មដ៏ឃោរឃៅមួយ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី១៧ ឧសភា សមត្ថកិច្ចនគរបាលខេត្តដឹកនាំដោយលោក ប៉ុល វុឌ្ឍី ស្នងការរង បានទៅពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យ ហើយបានរកឃើញសម្បកគ្រាប់អាកា៤៧ចំនួន៣ ។ ជនរងគ្រោះដែលជាថៅកែសិប្បកម្មខាងលើ ឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ត្រូវឃាតករបាញ់ប្រហារចំនួន៣គ្រាប់ គឺត្រូវពោះ២គ្រាប់ និងក្រោមក្លៀកខាងឆ្វេង១គ្រាប់ ។
ដោយឡែក នៅព្រឹកថ្ងៃដដែលនោះដែរ នៅចម្ងាយជាង១គីឡូម៉ែត្រខាងត្បូងផ្ទះជនរងគ្រោះ គេឃើញម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហាហ្វ្រេសពណ៌ស្លែ-ក្រហម ផ្តួលចោលក្បែរភ្លឺស្រែ ហើយសមត្ថកិច្ចសន្និដ្ឋានថា ជាម៉ូតូរបស់ជនដៃដល់ ព្រោះតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលជាអ្នកឆ្លុះកង្កែបយប់បានឱ្យដឹងថា ពួកគាត់បានឃើញម៉ូតូនេះចោលតាំងពីយប់មកម្លេ៉ះ ។ សមត្ថកិច្ចបានឆែកក្រោមកែបម៉ូតូឃើញមានបាយ១កញ្ចប់ ចំណែកសាំងម៉ូតូនៅពេញ ហើយនៅប្រមាណ១០ម៉ែត្រពីម៉ូតូ ឃើញការុង ពណ៌.ស១ ដែលនៅក្នុងនោះ មានគ្រាប់កាំភ្លើងអាកា៤៧ មិនទាន់បាញ់ចំនួន៤គ្រាប់ ។ តាមការសង្ស័យ ការុង.សនោះគឺជាការុងច្រកកាំភ្លើង សម្រាប់យកមកធ្វើសកម្មភាពបាញ់ប្រហារ ដែលនេះជាការគ្រោងទុក ។ ចំណែកម៉ូតូដែលត្រូវបានផ្តួលចោល ដោយសារតែខ្មាន់កាំភ្លើង ជាឃាតករនោះមានការស្លន់ស្លោ ខណៈជិះម៉ូតូគេចខ្លួនតាមភ្លឺស្រែដួល ក៏រត់គេចដោយថ្មើរជើងបាត់ទៅ ។
តាមសេចក្តីសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចបានដាក់ការសង្ស័យថា អំពើបាញ់សម្លាប់នេះ ជាគំនុំច្រើនជាងអំពើប្លន់ ព្រោះខ្សែ.ក និងចិញ្ចៀនរបស់ជនរងគ្រោះ ដែលពាក់ជាប់នឹងខ្លួនមិនបានបាត់បង់ទៅណា
ទេ ។ រីឯជនដៃដល់ គឺមកពីចម្ងាយ ព្រោះមានបាយនិងចាក់សាំងពេញម៉ូតូត្រៀមជាស្រេច ក្នុងគោលបំណងសម្រាប់រត់គេចខ្លួន ។ ប៉ុន្តែក្រោយពេលធ្វើសកម្មភាពរួច ដោយសារមិនស្គាល់ភូមិសាស្ត្រ ជិះម៉ូតូកាត់តាមភ្លឺស្រែអស់ផ្លូវ និងដួលចូលស្រែ ទើបទុកម៉ូតូចោលហើយរត់គេចខ្លួនតែម្តង ។ ទោះបីជាបែបណា ឃាតករដែលបិទមុខមានន័យថា អាចជាមនុស្សស្គាល់គ្នាផងដែរ ។
ចំណែកឈ្មោះ ហឿន ម៉េងហាក់ អាយុ១៦ឆ្នាំ ជាចៅប្រុសជនរងគ្រោះនិយាយថា មុនពេលកើតហេត ុជីតារបស់ខ្លួនដើរមកពីរោងសិប្បកម្មទឹកបរិសុទ្ធ ឆ្លងថ្នល់សំដៅមកផ្ទះ ។ ខណៈនោះ ស្រាប់តែមានជនម្នាក់បិទមុខទុកតែប្រឡង់ភ្នែក ស្លៀកពាក់ខោអាវប៉ារ៉ា ដើរមកភ្ជង់កាំភ្លើងដាក់ជីតារបស់ខ្លួនពីក្រោយ ។ លុះនៅពេលមកដល់មុខផ្ទះ ជីតាបានស្រែកប្រាប់ពួកគេជាចៅៗ៣នាក់ ដែលកំពុងរៀបទឹកបរិសុទ្ធនៅលើរថយន្តឱ្យទៅយកលុយមកឱ្យជនបិទមុខប្រដាប់អាវុធនេះ ។ ភ្លាមនោះ រូបគេជាចៅបានសួរវិញថា តាជំពាក់លុយអ្នកណា លុះពេលក្រឡេកភ្នែកទៅ ក៏ឃើញជននោះយកកាំភ្លើងភ្ជង់តារបស់ខ្លួនជាប់ពីក្រោយ ។
ចៅប្រុសរូបនេះ និយាយរៀបរាប់ទៀតថា ពេលនោះរូបគេបានលើកទូរស័ព្ទប្រុងនិយាយ តែត្រូវជនបិទមុខនោះស្រែកថា «បើហ៊ានប្រើទូរសព្ទ័ អញបាញ់ឱ្យងាប់ទាំងអស់គ្នា» ។ ភ្លាមៗនោះដែរ ក្នុងពេលដែលជនបិទមុខ បែរកាណុងកាំភ្លើងមកភ្ជង់រូបគេដែលនៅលើរថយន្ត ជីតាបានរត់គេចចូលក្នុងផ្ទះ ក៏ត្រូវជនជាឃាតករដេញតាមបាញ់ពីក្រោយចំនួន៣គ្រាប់ត្រូវដួលស្លាប់នៅក្រោមរថយន្តដឹកទឹកបរិសុទ្ធ ។ ពេលឃើញសភាពគួរឲ្យភ័យរន្ធត់នេះ ពួកគេជាចៅៗទាំង៣នាក់ បាននាំគ្នាលោតចុះពីរថយន្ត រត់គេចខ្លួនពីកន្លែងកើតហេតុ ព្រោះខ្លាចជននោះបាញ់សម្លាប់ ។
នគរបាលស្រុកទឹកផុសបានស្រង់សម្តីសាក្សីឱ្យដឹងដែរថា ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារដោយកាំភ្លើងអាកា៤៧ហើយ ជននេះបានឡើងជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិទៅទិសខាងកើតបាត់ទៅ ។ ប៉ុន្តែតាមការស្រាវជ្រាវ ពេលគេចពីកន្លែងកើតហេតុបានបន្តិច ជនល្មើសបានគេចពីថ្នល់ជាតិ ហើយជិះម៉ូតូតាមភ្លឺស្រែទៅត្បូងវិញ លុះដល់ផ្លូវទាល់ទើបផ្តួលម៉ូតូចោលរួចរត់គេចខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ