ការ​វិនិយោគ​ទន់ខ្សោយ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​


ទីក្រុង​បាងកក ៖ ការ​វិនិយោគសាធារណៈ​មិន​ទៀងទាត់​បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​តាម​មិន​ទាន់​ប្រទេស​ផ្សេង​ទៀត ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​លឿន​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​វិធានការ​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ភ្នាក់ងារ​រដ្ឋ​កាន់តែ​លំបាក​ក្នុង​ការ​ចំណាយ​ឆ្នាំ​នេះ ។

ការ​វិនិយោគ​លើ​គម្រោង​សាធារណៈ​បាន​ធ្លាក់​ចុះ​៥%​ក្នុង​២​ត្រីមាស​ចុង​ក្រោយ​នេះ ព្រោះតែ​វិធានការ​កាលពី​ឆមាស​ទី​២ ឆ្នាំ​២០១៧ ។

វា​បាន​កាត់​បន្ថយ​ជំនួយ​ដល់​សេដ្ឋកិច្ច ខណៈ​ការ​លូតលាស់​សេដ្ឋកិច្ច​ចាប់ផ្តើម​ផ្លាស់​ប្តូរ​កាលពី​ចុងឆ្នាំ​មុន និង​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ផង​ដែរ ។

ក្រសួង​ហិរញ្ញវត្ថុ​ព្យាករ​ថា សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​២០១៨​នេះ នឹង​លូតលាស់​បាន​៤,២% ប៉ុន្តែ​អ្នកវិភាគ​គិត​ថា ការ​វិនិយោគសាធារណៈ​ធ្លាក់​ចុះ គឺ​អាច​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​ក្រសួង​នេះ​បាន​រំពឹង​ទុក ។

លោក Jaturong Jantarangs ជំនួយការ​ប្រធាន​ធនាគារជាតិ បាន​ព្រមាន​កាលពី​ខែ​មុន​ថា ការ​ចំណាយ​ក្នុង​វិស័យ​សាធារណៈ​អន់​ថយ អាច​នឹង​បន្ត​ដល់​ត្រីមាស​ទី​៣ ឆ្នាំ​នេះ ។

វា​ជា​មូលហេតុ​ធ្វើ​ឲ្យ​វិនិយោគិន​ចៀសវាង​ក្រុមហ៊ុន​សាងសង់ ទោះជា​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ក្តី​។

គម្រោង​សាធារណៈ​ត្រូវ​បាន​ពន្យារពេល ព្រោះតែ​បញ្ហា​ទាក់ទង​នឹង​ការ​ដេញថ្លៃ និង​ការ​សិក្សា ដែល​មួយ​ផ្នែក​មក​ពី​ការ​ប្រុង​ប្រយ័ត្ន ។

ដើម្បី​រក្សា​ដំណើរការ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចេញ​អនុក្រឹត្យ​ដូច​ដែល​បាន​ធ្វើ​កាលពី​ខែមិថុនា​ឆ្នាំ​មុន ដើម្បី​ឆ្លង​ផុត​ឧបសគ្គ​ផ្លូវច្បាប់ និង​បច្ចេកទេស សម្រាប់​​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ក្រុង​បាងកក​ទៅ​កាន់​ខេត្ត​ភាគ​ឦសាន Nakhon Ratchasima ។

ប្រទេស​ថៃ​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ចំនួន​២០​គម្រោង ស្មើ​ប្រមាណ​២៣​ប៊ី​លាន​ដុល្លារ​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់ និង​មាន​១៥​គម្រោង​ទៀត​កំពុង​រង់ចាំ ឬ​ស្ថិត​ក្នុង​ដំណាក់កាល​ដេញថ្លៃ ៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ