ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ពលរដ្ឋ​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ដោយ​គ្មាន​ការ​បង្ខំ ឬ​កៀបសង្កត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន​បាន​អះអាង​ថា ពលរដ្ឋ​គ្រប់​រូប​ដែល​គ្រប់​អាយុ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត និង​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ។ ការ​អះអាង​នេះ​បន្ទាប់​ពី​អតីត​មេ​ប្រឆាំង​បាន​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដោយ​អះអាង​ថា គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​គ្មាន​តម្លៃ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន​បាន​អះអាង​ថា ពលរដ្ឋ​គ្រប់​រូប​ដែល​គ្រប់​អាយុ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត និង​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ។

ការ​អះអាង​នេះ​បន្ទាប់​ពី​អតីត​មេ​ប្រឆាំង​បាន​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដោយ​អះអាង​ថា គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត​គ្មាន​តម្លៃ ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា​ថា ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​ពេញចិត្ត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ឬ​គាបសង្កត់​ឡើយ ។ គណបក្ស​នយោបាយ​ដែល​មាន​អត្ថិភាព​នៅ​កម្ពុជា​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​ប្រកាស​ផ្សព្វផ្សាយ​ពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ខ្លួន និង​ខិតខំ​កសាង​ស្នាដៃ និង​គុណសម្បត្តិ ដើម្បី ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាជន​ជា​ម្ចាស់​ឆ្នោត ។

លោក​បាន​បញ្ជាក់​ថា «​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយសារ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។ អតីត​បក្ស​ប្រឆាំង​ដែល​ល្មើសច្បាប់ ហើយ​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​រួច​ហើយ សមាជិក សមាជិកា​ដែល​ធ្លាប់​គាំទ្រ​អតីត​បក្ស​នេះ​មិន​មាន​បក្ស​នេះ​ត្រូវ​គាំទ្រ​ទៀត​ទេ ដោយសារ​តែ​អតីត​បក្ស​នេះ​ធ្វើ​ខុសច្បាប់​មែន បងប្អូន​ត្រូវ​តែ​យក​ឆន្ទៈ​របស់​ខ្លួន​ទៅ​គាំទ្រ​គ ណ​បក្ស​ផ្សេង​ដែល​នៅ​មាន​សកម្មភាព និង​មានគុណ​សម្បត្តិ ស្នាដៃ​សម្រាប់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ។ មិនមែន​ធ្លាប់​ជឿ​បក្ស​ណា​ហើយ​ដល់​បក្ស​នោះ​ងាប់​ទៅ​ប្រជាជន​ត្រូវ​ងាប់​ទៅ​តាម​នោះ​ទេ​» ។

ទាក់ទិន​នឹង​សិទ្ធិ​បោះ​ឆ្នោត​នេះ​លោកស្រី ម៉េ​ង សុធា​រី​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​បក្ស​ប្រឆាំង​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ចែករំលែក ចំណេះដឹង​ក្នុង​នាម​ជា​អ្នក​ច្បាប់​ម្នាក់ និង​ក្នុង​នាម​ខ្ញុំ​ធ្លាប់​ធ្វើ​កិច្ចការ​ទាក់ទង និង​ការ​បោះ​ឆ្នោត ជៀសវាង​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ឬ​ការ​ភ័យ​ខ្លាច​ដោយ​ប្រការ​ណាមួយ​ទៅ​បោះ​ឆ្នោត​ជា​សិទ្ធិ​ពលរដ្ឋ​ម្នាក់​ៗ ហើយ​មិន​ទៅ​បោះ​ឆ្នោត​ក៏​ជា​សិទ្ធិ​ពលរដ្ឋ​ម្នាក់​ៗ​ដែរ​» ។

លោកស្រី​បន្ត​ថា គ្មាន​ច្បាប់​ចាប់បង្ខំ​ថា ឲ្យ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ឬ​ដាក់ទោស ឬ​ផាកពិន័យ ឬ​បញ្ឈប់​ពី​ការងារ​ដោយសារ​ពលរដ្ឋ​ណា​ម្នាក់​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ហើយ​បច្ចុប្បន្ន​គ្មាន​ច្បាប់​ចោទប្រកាន់​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត​ថា ជា​ជន​ក្បត់ជាតិ ឬ​ឧទាម​ជន​ដែរ ។

អតីត​មេធាវី​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា គ្រប់ការ​បោះ​ឆ្នោត​រៀង​រាល់​អណ​ត្តិ​តែងតែមាន​ពលរដ្ឋ​មិន​បាន​ទៅ​បោះ​ឆ្នោត​ជា​រឿង​ធម្មតា ជាក់ស្តែង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​មាន​ពលរដ្ឋ​ប្រហែល​ជិត​១​លាន​នាក់ មិន​បាន​ទៅ​បោះ​ឆ្នោត និង​មាន​ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រហែល​ជិត​២​លាន​នាក់​ទៀត មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។

ជា​លទ្ធផល​ពលរដ្ឋ​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត​គ្មាន​ការ​ចោទប្រកាន់ ឬ​ផាកពិន័យ​ណាមួយ​ឡើយ ។ មូលហេតុ​ដែល​ពួក​គាត់​មិន​បាន​ទៅ​បោះ​ឆ្នោត​មក​ពី​អ្នកខ្លះ​ជាប់រវល់ អ្នកខ្លះ​ឈឺ អ្នកខ្លះ​ជរា អ្នកខ្លះ​កន្លែងធ្វើការ​មិន​ឲ្យ​ឈប់ អ្នកខ្លះ​រវល់​មើល​កូន​តូច អ្នក​ខ្លះទៅ​ធ្វើការ​នៅ​ឆ្ងាយ អ្នកខ្លះ​ខ្ជិល អ្នកខ្លះ​មិន​ចង់ទៅ​បោះ ។​ល​។

សរុប​មក​ពលរដ្ឋ​មាន​សិទ្ធិ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​អំពី​ការ​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះ ឆ្នោត​ដោយ​គ្មាន​កំហុស ។
យ៉ាងណា​ក្តី​សម្រាប់​ការ​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​អ្នកវិភាគ​សង្គម​នាំ​គ្នា​លើក​ឡើង​ថា ពលរដ្ឋ​ម្នាក់​ៗ​គួរ​ទៅ​បោះ​ឆ្នោត​ព្រោះថា ម្នាក់​ៗ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស អ្នកដឹកនាំ​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​សន្លឹក​តែ​ប៉ុណ្ណោះ ។ ទោះបីជា​មាន​គ្មាន​បក្ស​ប្រឆាំង​ក្តី​ក៏​មាន​គណបក្ស​ជា​ច្រើន​ទៀត​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​នៅ គ​.​ជ​.​ប ។ បក្ស​ទាំងនោះ​មិន​ថា តូច​ឬ​ធំ​នោះ​ទេ សុទ្ធតែ​មាន​គោលនយោបាយ​រៀង​ៗ​ខ្លួន សម្រាប់​ដាក់​ជូន​ម្ចាស់​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ