ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៦៩នាក់ ដែលអ្នកខ្លះសង្ស័យពុលទឹក និងអ្នកខ្លះដោយសារតែស្លុតចិត្តបានថប់ដង្ហើមត្រូវបាននាំទៅកាន់មន្ទីរពេទ្យ។ អ្នកស្លាប់ម្នាក់ក៏ត្រូវបានដឹកមកធ្វើបុណ្យនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាភូមិកំណើត បន្ទាប់ពីពេទ្យរកឃើញថា បានស្លាប់ដោយពុលស្រា ខណៈទៅធ្វើចម្ការនៅស្រុកចិត្របុរី ខេត្តក្រចេះ ជាទីដែលមានអ្នកពុលស្លាប់១៣នាក់ កាលពីពេលថ្មីៗនេះ។ ពេលសពនាំមកដល់ស្រុក បានធ្វើឱ្យអ្នកភូមិមានអារម្មណ៍តក់ស្លុត ក៏មានអាការៈថប់ដង្ហើម ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យស្រុកពញាក្រែក តែមិនមានអ្នកណាម្នាក់ធ្ងន់ធ្ងរនោះទេ រហូតមកដល់ព្រឹកថ្ងៃទី១៣ ឧសភា មានអ្នកចេញត្រឡប់ទៅផ្ទះវិញអស់ហើយ។ ស្ត្រីចំណាស់ម្នាក់ឈ្មោះ ទុយ យយ អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងទន្សោម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ប្រាប់ឱ្យដឹងថា ដោយសារតែជីវភាពមានការខ្វះខាតនោះគាត់ និងសមាជិកក្រុមគ្រួសារមានគ្នាចំនួន១២នាក់ បានចេញពីខេត្តត្បូងឃ្មុំទៅធ្វើចម្ការនៅខេត្តក្រចេះប្រមាណ១០ឆ្នាំមកហើយ ដោយទទួលបានសេចក្តីសុខសាន្តមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ។
គាត់បានរៀបរាប់បន្តថា នៅព្រឹកថ្ងៃទី១១ ខែឧសភា គាត់បានដើរទៅធ្វើចម្ការហើយដោយបានដងទឹកអូរកណ្តុរមកហូបក្រោយមកមានអាការៈអស់កម្លាំងទន់ដៃជើង និងស្រវាំងភ្នែក សង្ស័យពុលទឹកអូរនោះក៏បានដើរចេញមកផ្លូវជាតិទាំងលំបាក សូម្បីតែចៅប្រុសតូចម្នាក់ឈ្មោះ វិត អាយុ៣ឆ្នាំកន្លះ ដែលបានចុះទៅលេងទឹកអូរនោះក្រោយពីបានឡើងមកលើគោកវិញក៏មានអាការៈក្តៅខ្លួនផងដែរ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យស្រុកពញាក្រែក។ ក្រោយពីគ្រូពេទ្យជួយដាក់សេរ៉ូមអស់ជាច្រើនប្លោក អាការៈខាងលើក៏បានធូរស្រាលហើយស្រវាំងភ្នែកក៏បាត់ ដូច្នេះមិនយូរទេ គាត់នឹងត្រូវចេញទៅផ្ទះនៅភូមិត្រពាំងទន្សោមវិញ។ ទឹកអូរកណ្តុរនៅស្រុកចិត្របុរីនោះមានទទឹងប្រហែល៥ម៉ែត្រ នឹងទឹកវិញជម្រៅត្រឹមជង្គង់ក្នុងរដូវប្រាំង ដែលទឹកនេះមានប្រភពហូរមកពីខាងលើមានទឹកទាំងរដូវប្រាំង និងរដូវវស្សា។ បុរសឈ្មោះ សោម ហួត អាយុ៦៤ឆ្នាំ ប្រាប់ថា គាត់ទៅដាំដំឡូងនៅក្នុងខេត្តក្រចេះ១២ឆ្នាំមកហើយ ដើម្បីបានផលយកទៅលក់ទៅលើទីផ្សារដើម្បីដោះស្រាយជីវភាពគ្រួសារ។
ប្អូនប្រុសគាត់ឈ្មោះ សោម ហ៊ីម អាយុ៦០ឆ្នាំ បានផឹកទឹកអូរកណ្តុរនៅកន្លែងធ្វើចម្ការនោះ បន្ទាប់មកស្រាប់តែមានអាការៈមិនស្រួលលុះពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រចេះ ក៏ស្លាប់ ហើយបានដឹកមកធ្វើបុណ្យនៅស្រុកកំណើតភូមិត្រពាំងទន្សោម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សូម្បីតែគាត់ក៏មានអាការៈហេវហត់ដោយពេទ្យបានដាក់សេរ៉ូមឱ្យនៅកន្លែងផ្ទះបុណ្យសព ហើយរថយន្តពេទ្យបានមកដឹកយកមកសង្គ្រោះបន្តនៅមន្ទីរពេទ្យពញាក្រែក។ លុះដាក់សេរ៉ូមអស់៣ប្លោក ក៏បានធូរស្រាល និងបានដោះសេរ៉ូមចេញមានសុខភាពជាធម្មតាវិញ។ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ឱ្យដឹងដែរថា ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីដែលមានអាការៈដូចជា ក្អួតចង្អោរ ឈឺក្បាល ធីងធោង ចុកពោះឆ្អល់ពោះ ទន់ដៃជើង និងអស់កម្លាំងត្រូវបានរថយន្តសាមុយទៅដឹកចេញពីផ្ទះបុណ្យសព នៅក្នុងភូមិត្រពាំងទន្សោម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែកនៅយប់ថ្ងៃទី១១ ខែឧសភា។
ពួកគាត់អ្នកខ្លះទៅធ្វើចម្ការនៅភូមិកណ្តុរ ឃុំស្ពង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ អាការពួកគាត់សង្ស័យពុលតែលោកវេជ្ជបណ្ឌិតអះអាងថា អ្នកស្លាប់គឺពុលស្រា។ នៅផ្ទះបុណ្យសព ពេលដែលសាច់ញាតិបានឃើញបែបនេះ ក៏មានអារម្មណ៍ភ័យខ្លាច បណ្តាលឱ្យម្នាក់ៗថប់ផ្លូវដង្ហើម និងអស់កម្លាំងក្នុងនោះត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកដោយខ្លួនឯង និងខ្លះទៀតត្រូវបានរថយន្តចេញទៅដឹកមកយកមកសង្គ្រោះទាន់ពេលវេលាមានចំនួន៦៩នាក់៕
https://youtu.be/qsnro_WqPNc
ចែករំលែកព័តមាននេះ