រាជធានីភ្នំពេញ ៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនថៅកែហាងម្នាក់ និងនារីរងគ្រោះចំនួន០៥នាក់ បន្ទាប់ពីឆ្មក់បង្ក្រាបទីតាំងម៉ាស្សាសុខភាពមួយកន្លែង បង្កប់បម្រើសេវាផ្លូវភេទ ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥ ចំណុចស្ថិតនៅផ្ទះលេខ១៣៩-១៤១ តាមបណ្ដោយផ្លូវលេខ៨អឹម ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ លេង មារ៉ា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអោយដឹងថា ដោយមានចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ បានអោយនគរបាលជំនាញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបរាល់ទីតាំងណា ដែលបើកហាងម៉ាស្សា លួចលាក់បង្កប់សេវាផ្លូវភេទ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ កម្លាំងជំនាញបានធ្វើការងារស្រាវជ្រាវសើបអង្កេត ពាក់ព័ន្ធនឹងករណីនេះ ដោយឆ្មក់ចុះបង្ក្រាបជាក់ស្ដែង។ ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ក្នុងនោះស្ត្រីម្នាក់ជាថៅកែហាងម៉ាស្សា និងនារីរងគ្រោះចំនួន០៥នាក់ និងវត្ថុតាងមួយចំនួន រួមមាន ៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់ ។
តាមមន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា នគរបាលជំនាញបានធ្វើការឃាត់ខ្លួនស្ត្រីថៅកែហាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯនារីរងគ្រោះទាំង០៥ (ភេទទី៣ម្នាក់) ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕








ចែករំលែកព័តមាននេះ